ម្ចាស់សណ្ឋាគារ​OCC​ អាយុត្រឹម​២៣ឆ្នាំ​ អាចកែ​​វាសនា ​សណ្ឋាគារ​ស្ទើរតែដួល​​ឲ្យឈរជើង​លើទីផ្សារបាន

កញ្ញា វង្ស ម៉ី ម៉ី ជាម្ចាស់សណ្ឋាគារ OCC មានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ បានកែប្រែវាសនាសណ្ឋាគារមួយនេះ ដែលបានជួប បញ្ហាច្រើន ស្ទើរតែដួលប៉ះជើង អាចងើបឈរ នៅលើទីផ្សារកំពុងប្រកួតប្រជែងឡើងវិញ ។

កាលពីប៉ុន្មានឆ្នាំមុន មុនពេលកញ្ញា ម៉ី ម៉ី មកកាន់កាប់ សណ្ឋាគារមួយនេះ ត្រូវបានម្តាយរបស់កញ្ញា ជួល​ឲ្យអ្នកផ្សេងមកកាន់កាប់ ដោយ​ម្តាយ​របស់គាត់យកបានតែប្រាក់ឈ្នួលប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មមួយនេះ បានកាន់តែដុនដាបទៅៗ ខាតស្ទើរតែរាល់ខែ រហូតធ្វើឲ្យអ្នក​ជួល​សម្រេចចិត្តផ្តាច់កុងត្រា ឈប់ធ្វើអាជីវកម្មមួយនេះទៀត។

ដោយការស្រឡាញ់សណ្ឋាគារមួយនេះ កញ្ញា ម៉ី ម៉ី មិនបាននៅស្ងៀមឡើយ ដោយបានសុំសណ្ឋាគារនេះពីម្តាយរបស់គាត់ មកគ្រប់គ្រង​ដោយ​ខ្លួន​ឯងផ្ទាល់ គិតមកពេលនេះ បានរយៈពេល ១ឆ្នាំ កន្លះហើយ។

CEO វ័យក្មេងរូបនេះ បានប្រាប់ Business Cambodiaថា កត្តាដែលធ្វើឲ្យកញ្ញា អាចធ្វើឲ្យសណ្ឋាគារនេះ​ដំណើរការបាន​យ៉ាងរលូន​ដោយសារ​កត្តា៣យ៉ាងនេះ៖

១. កំណត់អតិថិជនគោលដៅ

មុននឹងចាប់ផ្តើមមកគ្រប់គ្រងសណ្ឋាគារនេះ កញ្ញា បានសិក្សារួចមកហើយ ពីកំហុសរបស់អ្នកគ្រប់គ្រងពីមុន ដែលទី១នោះគឺ មិនបានកំណត់អតិថិជនគោលដៅរបស់ខ្លួនច្បាស់លាស់។ ដូចនេះសម្រាប់សណ្ឋាគារ OCC កញ្ញា នឹងក្រុមការងារ បានកំណត់ អតិថិជនគោលដៅ នោះគឺជនជាតិចិន និងជនបរទេស ព្រោះទីតាំងសណ្ឋាគារ នៅក្បែរនឹងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នោះនៅពេលភ្ញៀវចុះពីយន្តហោះ គេមិនអាចធ្វើដំណើរទៅណាឆ្ងាយទេ គេត្រូវរកកន្លែងសម្រាកជិតៗ ព្រមទាំងមាន ភោជនីយដ្ឋាន នៅជុំវិញកន្លែងគេងផងដែរ។ 

២.​ ការ​ធ្វើ​ទីផ្សារ​ 

សកម្មភាព​នៃការ​ធ្វើ​ទីផ្សារ​ដ៏​សំខាន់​មួយ​ គឺ​ការ​ផ្សព្វផ្សាយ​។ កញ្ញា​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សណ្ឋាគារ​របស់​គាត់​តាម​រយៈ​គេហទំព័រ​ធំៗ​ ដែល​ជា​គេហទំព័រ​សម្រាប់​កក់​បន្ទប់​សណ្ឋាគារ​តាម​អ៊ីនធឺណិត​ ដែល​ភ្ញៀវ​បរទេស​និយម​ប្រើប្រាស់​។ លើស​ពី​នេះ​ កញ្ញា​ជ្រើសរើស ​ការ​ចូលរួម​ក្នុង​សមាគម​ និង​ បណ្ដាញ​ធុរជន​ ដែល​ជា​វេទិកា​ផ្ដល់​ឱកាស​ឲ្យ​កញ្ញា​អាច​ពាំនាំ​នូវ​ស្លាក​សញ្ញា​នៃ​អាជីវកម្ម​របស់​ខ្លួន​ ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​បាន​ស្គាល់​។ 

ការ​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​ ដើម្បី​បង្កើត​ជា​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​ណែនាំ​ភ្ញៀវ​បន្ថែម​មក​កាន់​សណ្ឋាគារ​របស់​ខ្លួន។ ជាក់ស្តែង​ សព្វ​ថ្ងៃ​កញ្ញា​គឺ​ជា​សមាជិក​នៃ​បណ្ដាញ​ធុរជន​អន្តរជាតិ​ (BNI​)​ ដែល​ស្ថិត​នៅ​ក្នុង​ជំពូក​ឈ្មោះ​ Eagles Chapter ផង​ដែរ។

៣. បុគ្គលិក

បុគ្គលិក គឺជាគ្រោងឆ្អឹង ជាសរសៃឈាម ជាគ្រឿងក្នុងនៃ ក្រុមហ៊ុន ដែលមិនអាចខ្វះបានឡើយ ។ កញ្ញាបានបន្ថែមថា នៅពេលដែល​បុគ្គលិក​ណាខ្វះជំនាញ ខ្វះការតាំងចិត្ត ខ្វះបេះដូង ក្នុងការបំពេញកិច្ចការងារ នោះ អាជីវកម្មមួយមិនអាចជោគជ័យបាននោះទេ។ អ្វីដែលកញ្ញាធ្វើ គឺត្រូវ បណ្តុះបណ្តាលបុគ្គលិក លើកទឹកចិត្ត ឲ្យគាត់សិក្សាបន្ថែម ព្រមទាំងលើកលែងឲ្យគាត់ជានិច្ច។

ចំពោះបុគ្គលិក មានខ្លះ ចាស់ជាងញា តិចជាង តែកញ្ញាមិនបានចាត់ទុកគាត់ជាកូនចៅនោះទេ តែចាត់ទុកពួកគាត់ជា ដៃគូររកស៊ី ហើយតែងផ្តល់តម្លៃឲ្យគាត់ ក្នុងការបញ្ចេញមតិ រិះគន់ដើម្បីស្ថាបនា លើកពីផលលំបាករបស់គាត់ លើកពីគំនិតរបស់គាត់ក្នុងអាជីវកម្ម​សណ្ឋា​គារ ដូចនេះហើយ ទើបធ្វើឲ្យគាត់មានអារម្មណ៍ថា មិនមែនធ្វើការឲ្យគេ តែដូចធ្វើការឲ្យខ្លួនឯង ពេលនោះអាជីវកម្មក៏រលូនទៅតាមនឹងផងដែរ។

៤. សេវាកម្ម

ម្ចាស់សណ្ឋាគារវ័យក្មេងរូបនេះ បានប្រាប់ថា សណ្ឋាគារ ជាប្រភេទអាជីវកម្មសេវាកម្ម ចុះបើសេវាកម្មយើងមិនល្អ សួរថាតើអ្នកណា​នឹងមក​ជួល​យើង មកប្រើប្រាស់សេវាកម្មរបស់យើងទៅ។ 

អ្វីដែលកញ្ញា និងក្រុមការងារត្រូវធ្វើនោះ គឺយើងត្រូវរៀបចំប្រព័ន្ធសេវាកម្ម ឲ្យមានស្តង់ដារ ដើម្បីធ្វើឲ្យងាយស្រួលដល់អតិថិជន ទាំងពេលកក់ ពេលមកស្នាក់នៅ ព្រមទាំងពេលចាកចេញ គឺព្រមជាមួយស្នាមញញឹមរបស់ភ្ញៀវជានិច្ច។ 

កញ្ញា បានបញ្ជាក់ថា នៅពេលដែលសេវាកម្មយើងល្អ អតិថិជន និងណែនាំ ទៅកាន់អតិថិជនផ្សេងទៀត ដូចនេះ អតិថិជនចាស់ក៏នៅ អតិថិជនថ្មីក៏មក ជាបន្តបន្ទាប់ មិនចេះដាច់សោះឡើយ។

គួរឲ្យដឹងផងដែរថា សណ្ឋា OCC HOTEL ជាសណ្ធាគារ នៅចំកណ្តាលក្រុង ជិតអាកាសយានដ្ឋានភំ្នពេញ ស្ថិតនៅ ខាងត្បូង ផ្សារទំនើប រតនាផ្លាហ្សា ) ផ្លូវណតប្រ៊ីជ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES