





ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ Thai Airways បន្ទាប់ពីប្រកាសក្ស័យធនជាផ្លូវការហើយ ក្រុមហ៊ុនហោះហើររបស់ថៃមួយនេះនឹងសម្រេចដកចោលបុគ្គលិកប្រមាណជាង ៦ពាន់នាក់ដែលបានបម្រើការនៅក្នុងវិស័យមួយនេះ ។
យោងទៅតាមការចុះផ្សាយសារព័ត៌មានBangkok Post កាលពីថ្ងៃអង្គា ទី១៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចឱ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airway ធ្វើការប្រកាសក្ស័យធន និងធ្វើការស្ដារនីតិសម្បទាក្រោមការដឹកនាំរបស់តុលាការ ។ ហើយលោកនាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អូចា បានចាត់ទុកការសម្រេចចិត្តមួយនេះថាជាការសម្រេចដ៏ពិបាកបំផុតមួយ ទាក់ទិនទៅនឹងក្រុមហ៊ុនអាកាសចរណ៍ Thai Airways(ប៉ុន្តែរឿងមួយដែលខ្ញុំដឹងនោះ គឺខ្ញុំធ្វើដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់សាធារណជនទាំងអស់និងដើម្បីប្រទេសជាតិរបស់យើង) ។
ទន្ទឹមគ្នានេះផងដែរ យោងទៅតាម The National Thailand បានធ្វើការចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុនអាកាសរបស់ថៃបានដកចោលបុគ្គលិកជាង៦០០០នាក់ បន្ទាប់ពីការប្រកាសក្ស័យធន និងធ្វើការបញ្ចប់បំណុលចំនួន ២០០បាត ដែលស្មើនឹងប្រមាណជា ៣១.៨៦ពាន់លានដុល្លារ ។ នៅក្នុងនោះផងដែរ រដ្ឋាភិបាលថៃ បានអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះនឹងឈប់សងបំណុលទាំងអស់ ហើយចាប់ផ្តើមកសាងក្រុមហ៊ុនឡើងវិញគឺចាប់ពីចំណុចសូន្យ ។
បន្ថែមពីនេះទៅទៀត យោងទៅតាមទំហំបំណុលរបស់ Thai Airway មួយនេះ មាន ៣០ភាគរយ នៃបុគ្គលិកសរុប ២ម៉ឺននាក់ ឬស្មើនឹងចំនួនបុគ្គលិកជាង ៦ពាន់នាក់ នឹងត្រូវបញ្ឈប់ពីការងារ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលត្រូវបាន បញ្ឈប់ពីក្រុមហ៊ុនមួយនេះ ពួកគេទាំងនេះនឹងត្រូវផ្តល់សំណងអោយ ដែលគិតជាប្រាក់ខែរយៈពេលប្រមាណជា ១០ខែ ការធ្វើបែបបេះគឺស្របទៅតាមច្បាប់ការងារ ។
សូមបញ្ជាប់ផងដែរថា ក្រុមហ៊ុន Thai Airway គឺជាក្រុមហ៊ុនដែលធ្លាប់តែល្បីល្បាញមិនត្រឹមតែការនិយមប្រើសេវាកម្មនៅក្នុងប្រទេសថៃ មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងប្រទេសតំបន់អាស៊ីក៏ស្គាល់ជើងហោះហើរមួយនេះយ៉ាងច្បាស់ផងដែរ ក្នុងការដែលស្ដារនីតិសម្បទារបស់ក្រុមហ៊ុនThai Airwaysឡើងវិញត្រូវការអនុម័តដោយម្ចាស់បំណុល ហើយវាទំនងជាត្រូវការពេលវេលាយ៉ាងហោចណាស់ក៏មួយឆ្នាំដែរ ។
អត្ថបទដោយ : នៅ ហៀង . Facebook: នៅ ហៀង