លោក ទេពកេន វណ្ណកន ពីក្មេងមិនស្គាល់កុំព្យូទ័រ ខិតខំតស៊ូរហូតក្លាយជាCEO ក្រុមហ៊ុនពត៌មានវិទ្យា

លោក ទេព​កេន វណ្ណកន ​គឺ​ជា​​សហគ្រិន​វ័យ​ក្មេង​​​មួយ​រូបរបស់ប្រទេសកម្ពុជា ដែល​​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើននៅ​ក្នុង​ជីវិត។ ជីវភាពគ្រួសាររបស់លោកមិនសូវជាធូរធារនោះទេ ដែលជាមូលហេតុធ្វើឲ្យលោកខ្វះខាត​លុយសម្រាប់​បង់​ថ្លៃ​សាលាទៀតផង។ ​ លោកក៏ធ្លាប់មានអតីតកាលជាក្មេងដែលស្នាក់​អាស្រ័យ​នៅ​ព្រះ​​វិហារសាសនា​គ្រិស្តផងដែរ ប៉ុន្តែលោកបានខិតខំតស៊ូព្យាយាម រហូត​ក្លាយ​ជា​CEO នៃ​ក្រុម​ហ៊ុន​​ពត៌មាន​វិទ្យា CAMWP DEV។

ក្រឡេកទៅមើលប្រវត្តិរបស់លោកវិញគឺ លោកមានស្រុកកំណើតនៅខេត្តកំពង់ធំ និង​ក្រោយមកលោកក៏បានផ្លាស់ប្ដូរទៅរស់នៅខេត្តសៀមរាបវិញ។ លោកបានមានប្រសាសន៍ថា តាំងពីលោកនៅតូចមក គឺលោកមិនដែលស្គាល់ថាកុំព្យូទ័រជាអ្វីនោះទេ គឺវាអាចនិយាយបានថាជាសត្វចម្លែកមួយអ៊ីចឹង។ រហូតដល់លោករៀនដល់ថ្នាក់ទី១២ ទើបលោកចាប់ផ្ដើមស្គាល់កុំព្យូទ័រជាលើកដំបូង នៅពេលដែលមិត្តភក្តិរបស់លោកបបួលលោកទៅហាងកាហ្វេ។ អារម្មណ៍ស្រលាញ់កុំព្យូរទ័រក៏ចាប់ផ្ដើមឡើងពីពេលនោះមក នៅពេលដែលលោកឃើញវាអាចធ្វើកិច្ចការងារបានជាច្រើនមុខ​ ​និងវាអាចប្រាប់នូវអ្វីៗដែលលោកឆ្ងល់ ចង់ចេះ ចង់ដឹងជាច្រើន។ នៅឆ្នាំ២០១២ លោកបានបញ្ចប់បរិញ្ញាបត្រ ហើយលោកក៏បានចូលហាត់ការងារនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍វេបសាយមួយ ដែលការងារនៅទីនោះបានបង្ហាត់បង្រៀនលោកជាច្រើន។ ក្រោយពីទទួលបានបទពិសោធន៍ច្រើនក្រាស់ក្រែលល្មមពីការងារដែលលោកធ្វើនោះ លោកក៏បានបន្តអភិវឌ្ឍន៍ខ្លួនបន្តទៀត ដោយចេញមកបង្កើតអាជីវកម្មដោយខ្លួនឯងវិញ។ មេរៀនល្អៗដែលយើងអាចរៀនពីលោកគឺបើទោះបីជាយើងជួបការលំបាកយ៉ាងណាក៏ដោយក៏មិនត្រូវអស់សង្ឃឹមនោះដែរ។ ត្រូវខិតខំតស៊ូព្យាយាមសិក្សារៀនសូត្រ និងធ្វើការងារឲ្យបានល្អដើម្បីអាចសម្រេចគោលដៅដែលយើងចង់បាន។ បើទោះបីជាលោកបានធ្វើការឲ្យគេជាច្រើនឆ្នាំក៏ពិតមែន ក៏ប៉ុន្តែលោកមិនបានជាប់អន្ទាក់ប្រាក់ខែនោះទេ គឺលោកហ៊ានចេញមកប្រកបអាជីវកម្មដោយខ្លួនឯងតាមក្ដីស្រមៃរបស់លោក។ 

អត្ថបទដោយ ឡុង វឌ្ឍនៈ (Leadership Writer)

USNews Logo
Online

RELATED ARTICLES