សេដ្ឋីបច្ចេកវិទ្យាល្បីៗនាំគ្នាបំផុសគំនិត បើកលុយប្រាក់ខែឱ្យមនុស្សបើទោះជាមិនទៅធ្វើការក្ដី

ពីមួយថ្ងៃទៅមួយថ្ងៃក្តីបារម្ភពីការីកដុះដាលនៃ​បច្ចេកវិទ្យា​រ៉ូបូត​កាន់តែខ្លាំង​ទៅៗ ដោយហេតុតែ​រ៉ូបូត​អាចនឹង​មក​ជំនួស​កន្លែង​ការងារ​មនុស្ស​បាន​ ហើយបើតាម​របាយការណ៍​ពីក្រុមហ៊ុនស្រាវជ្រាវ McKinsey រ៉ូបូត​អាច​នឹង​មក​ជំនួសការងារ​មនុស្ស​ប្រមាណជា៨០០លានកន្លែងត្រឹម​ឆ្នាំ២០៣០។

ក្តីបារម្ភនេះបាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​រាប់តាំង​ពីអ្នក​នយោបាយ រហូត​ដល់​សហគ្រិនស្វែង​រកដំណោះស្រាយ​ដើម្បីកុំឱ្យ​មាន​វិបត្តិ​សង្គម វិបត្តិ​សេដ្ឋកិច្ចកើត​ឡើង​ដោយសារ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើកើនឡើង​ព្រោះបច្ចេកវិទ្យា​ ដូចយើង​ឃើញ​សព្វថ្ងៃរឿង​នេះកំពុង​កើតឡើង​បណ្ដើរ​ដូចជា ហាង​លក់ទំនិញត្រូវ​ជំនួសដោយហាង​លក់​អនឡាញ កម្មករ​ត្រូវ​ជំនួស​ដោយគ្រឿង​ម៉ាស៊ីន​ ឡាន​អាច​បើកបរ​ដោយខ្លួន​ឯងបានជាដើម។

មាន​គោលការណ៍ជាច្រើន​ត្រូវ​បាន​លើកឡើង​ក្នុងការដោះស្រាយ ហើយគោលការណ៍មួយគួរ​ឱ្យ​ចាប់​អារម្មណ៍ជាង​គេគឺការដែលមាន​ប្រាក់​ខែ​សម្រាប់​គ្រប់គ្នា​ ឬគេហៅថា Universal Basic Income (UBI)។ និយាយ​ឱ្យ​ខ្លីស្រួល​យល់​គោលការណ៍នេះគឺជាការ​បើកប្រាក់​ខែ​ឱ្យ​ប្រជាជន​ទាំងអស់​ដែលពេញវ័យនូវ​ប្រាក់​ខែគោលមួយ​សមរម្យ​ បើទោះជា​ពួកគេ​មិនធ្វើ​ការងារ​អ្វីក៏ដោយ ហើយ​លុយដែលពួកគេ​បើកបាន​ពួកគេ​មានសិទ្ធយកទៅធ្វើ​អ្វីតាម​ចិត្ត​ពួកគេ​ដោយមិនចាំបាច់​ខ្វល់ ព្រមទាំង​មិនបាច់​បង់​ពន្ធ​ឱ្យរដ្ឋទៀត​ផង។

ស្ដាប់ទៅហាក់ដូចជា​មិនគួរ​ឱ្យជឿរ​មិនអាចទៅរួច សួរថាបើ​គ្រប់គ្នា​មាន​ប្រាក់​ខែ​បើ​ទោះជាមិនបាន​ធ្វើ​អ្វីសោះ តើ​មនុស្សនឹង​បន្តរ​ធ្វើការ​ បន្តររៀនសូត្រ​ទៀតដែរឬអត់? សួរថាតើពួកគេ​អាច​​នឹងចាយ​លុយ​ដែលបាន​មកដោយខុសគោលដៅ បង្កើត​ទៅជា​វិបត្តិ​សង្គម​កាន់តែ​ខ្លាំង ដែរទេ​?

UBI ជាវិធីនៃការចែករំលែក​ភាពមាន​បាន​នៅក្នុង​សង្គមដោយ​រក្សានូវ​ប្រព័ន្ធ​ទីផ្សារ​សេរីដដែល​។ មាន​ការសិក្សារ​​មួយធ្វើ​ឡើង​ដោយធនាគារពិភពលោកនៅឆ្នាំ២០១៣ ចង់ដឹង​ថា​ប្រសិន​បើធ្វើ​ដូច្នោះអ្នក​មាន​ជីវភាពខ្សត់ខ្សោយនឹង​ធ្វើ​អ្វីជាមួយលុយដែលមាននេះ។

លទ្ធផល​ដែលបាន​មក​ពីការសិក្សារនោះមានសភាពវិជ្ជមាន​ដោយគេឃើញថាអ្នក​ក្រពុំបាន​ប្រើប្រាស់​លុយនោះឥត​ប្រយោជន៍ ដែលមនុស្សមួយចំនួនអាច​នឹង​គិតថាពួកគេអាចយក​លុយ​នោះទៅផឹក​ស្រា ឬក៏ដេកស៊ីមិនធ្វើការ​ជាដើម ផ្ទុយ​ទៅវិញពួកគេ​បាន​យក​លុយទាំង​នោះ ប្រើប្រាស់​ក្នុង​ការ​បន្តរ​ការសិក្សារ​របស់​គេ​ សន្សំទុកដើម្បីបើកអាជីវកម្ម រៀនជំនាញថ្មីដើម្បីធ្វើការងារដែលពួកគេ​ពេញចិត្ត។

UBI ជាគោលការណ៍សេដ្ឋកិច្ច​មួយថ្មីមានលក្ខណៈ​ល្អ គ្រាន់តែវាស្ថិត​នៅក្នុ​ង​ការពិភាក្សាតស៊ូមតិ​ច្រើន ហើយ​សម្រាប់​មហាសេដ្ឋីខាង​បច្ចេកវិទ្យា​ដូចជា​Elon Musk និង Mark Zuckerberg សុទ្ធ​តែ​បាន​បង្ហាញថា​ដំណោះស្រាយ​ចំពោះការ​ដោះស្រាយបញ្ហា​ការបាត់​បង់​ការងាររបស់​មនុស្ស​ដោយសារ​បច្ចេកវិទ្យា​គួរ​ត្រូវ​ដោះស្រាយ​តាមផ្លូវ​នេះ។

បន្ថែមពីលើនេះ UBI ផ្ដល់​ឱកាស​ឱ្យ​មនុស្ស​មាន​ឱកាស​ពង្រឹង​ជំនាញរបស់​ខ្លួនសម្របតា​មបច្ចេកវិទ្យា​ថ្មី​ ចាប់​ផ្ដើម​អាជីវកម្ម​បង្កើត​ការងារ​ថ្មីឱ្យសង្គម ជាមួយនឹង​ផលិត​ភាពការងារកើនឡើងដោយហេតុ​តែ​មនុស្សធ្វើ​អ្វីដែលខ្លួនពេញចិត្ត​ជាជាង​ការ​ដែលទៅធ្វើ​ការងារដែលខ្លួនមិនចូលចិត្ត។

យ៉ាង​ណាក៏ដោយ គោលការណ៍មួយនេះស្ថិត​នៅក្នុង​ដំណាក់​កាល​ពិសោធន៍នៅឡើយ ប៉ុន្តែ​លទ្ធផល​ដែលទទួល​បាន​យ៉ាង​វិជ្ជមាន​ ហើយ​មានប្រទេស​ជាច្រើនកំពុង​ធ្វើការ​តេស្ដ​សាកល្បង មានដូចជាឥណ្ឌា កាណាដា សហរដ្ឋអាមេរិក ជាដើម៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES