បណ្ដុះផ្សិតចំបើងជារបរដែលមិនហត់រកទីផ្សារ មានប៉ុន្មានក៏លក់អស់ដែរ តោះមកដឹងពីបច្ចេកទេសបណ្ដុះផ្សិតនេះ!

 

មុខរបរបណ្ដុះផ្សិតចំបើង មិនត្រឹមតែអាចជួយឱ្យប្រជាកសិករ រកចំណូលបានសមរម្យ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារនោះទេ របរមួយនេះ ងាយស្រួលរកទីផ្សារ សម្រាប់លក់ដូរ និងជាដំណាំមួយប្រភេទដែលមិនពិបាករកវត្ថុធាតុដើមថែមទៀតផង ជាពិសេសវាអាចលក់បានក្នុងតម្លៃថ្លៃសមរម្យ។ ដូច្នេះលោកអ្នកមិនគួរមើលរំលងរបរបណ្ដុះផ្សិតចំបើងនេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសនៃការបណ្ដុះផ្សិតចំបើង ដែលលោកអ្នកគួរស្វែងយល់៖

១.ការកំណត់សីតុណ្ហភាព

​ផ្សិតចំបើងជាផ្សិតដែលចូលចិត្តសីតុណ្ហភាពក្តៅសម្រាប់លូតលាស់ធំធាត់ ហើយផ្សិតចំបើងលូតលាស់បានល្អក្នុងរដូវវស្សា និងប្រាំងដោយពឹងផ្អែកលើអាកាសធាតុជួយអំណោយផលដល់កាលូតលាស់របស់ផ្ការផ្សិតបានល្អ។ សម្រាប់សីតុណ្ហភាពសមស្របក្នុងការលូតលាស់ធំធាត់របស់ផ្សិតចំបើងមានដូចតទៅ៖

  • កម្រិតសីតុណ្ហភាព ៣០ទៅ ៤០ អង្សារ វាសមស្របក្នុងការសាងស្ព័រ
  • កម្រិតសីតុណ្ហភាព ៣៤ទៅ៣៨ អង្សារ វាសមស្របក្នុងការលូតលាស់សសៃ
  • កម្រិតសីតុណ្ហភាព ៣០ ទៅ៣៤ អង្សារ វាសមស្របក្នុងការរួមសសៃ
  • កម្រិតសីតុណ្ហភាព ២៨ ទៅ ៣២ អង្សារ វាសមស្របក្នុងការកើតចេញជាផ្សិត និងលូតលាស់ពេញលក្ខណះ។

២.ការជ្រើសរើសទីតាំងសម្រាប់បណ្ដុះ

  • រកទីតាំងខ្ពស់មិនលិចទឹក ឬជាំទឹក ដើម្បីការពារនៅពេលភ្លៀងខ្លាំង ឬទឹកជំនន់ ដែលធ្វើឲ្យលិច ឬប៉ះពាល់ដល់រងផ្សិត។
  • នៅរដូវប្រាំងរកកន្លែងមានម្លប់ខ្លះថ្ងៃខ្លះ (ក្រោមដើមឈើ) និងនៅរដូវវស្សារកកន្លែងមានពន្លឺគ្រប់គ្រាន់។
  • បើអាចរកបានគួររកកន្លែងដែលនៅជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព។

៣.វត្ថុធាតុដើមសម្រាប់បណ្ដុះ

  • ចំបើង ឬគល់ជញ្ជ្រាំង ឬកំប្លោកស្ងួត ដើមចេកកាប់ចិញ្ច្រាំស្ងួត ទឹក មេផ្សិត ជីធម្មជាតិ (លាមកជ្រូក ឬមាន់) ឬម្សៅអង្ករដំណើប។
  • មេផ្សិតដែលល្អមានលក្ខណៈរួមមាន៖ មេផ្សិតពណ៍ស មានក្លិនដូចផ្សិតចំបើង មេផ្សិតចំបើងវាចាប់គ្នាជាដុំ ដែលមានសរសៃពណ៌សៗ សៃពណ៌ៗ ដូចសំបុកពីងពាងនៅពាសពេញ។ 
  • មេផ្សិតដែលមិនគួរយកទៅបណ្តុះរួមមាន មេផ្សិតដែលមានពណ៌ខៀវចាស់ ឬខៀវក្រម៉ៅ មានក្លិនឆ្អាប មានលក្ខណៈស្ងួត និងហុយ។

៤.សម្ភារៈដែលត្រូវប្រើប្រាស់

មុននឹងបណ្តុះផ្សិតយើងត្រូវត្រៀមសម្ភារៈចាំបាច់មួយចំនួនរួមមាន៖ កាំបិត ឬពូថៅ ចបកាប់ ចបជីក សម្រាប់ ជីកដី ឬកាប់បង្គោល ពង្រាយដីរងផ្សិត កាត់ចំណងកណ្តាប់…..។ ប៉ោតចំពួយផ្កាឈូក សម្រាប់ស្រោចរងផ្សិត។ អាចរកឆ្នាំងធំ ឬធុងសាំង ពាង ខ្លះត្នោត សម្រាប់ជ្រលក់ចំបើង ដើម្បីបណ្តុះផ្សិត។ កញ្ជើ ល្អី ឬចានដែលសម្រាប់ដាក់មេផ្សិុំ។ ក្រណាត់កៅស៊ូ ស្លឹកកណ្តប ស្លឹកត្នោតដែលនៅជាប់ធាង សំបកបាវ ឬកន្ទេលចាស់ៗ សម្រាប់គ្របរងផ្សិត។

៥.ការរៀបចំកន្លែងបណ្ដុះ

  • រោងបណ្ដុះផ្សិតជារោងរក្សាកំដៅ។ រោងនេះគឺធ្វើពីបង្គោលឈើ ឬឬស្សី សម្រាប់ធ្វើបង្កោងដំបូល ដូចដំបូលទូកនេសាទ។ 
  • ដំបូលនិងជញ្ជាំងរោងធ្វើពីថង់កៅស៊ូប្លាស្ទិច។ ដើម្បីរក្សាកំដៅឱ្យបានល្អ គេអាចសង់រោងនេះមានទទឹងពី ៣ ទៅ ៤ ម៉ែត្រ បណ្ដោយពី ៥ ទៅ ៦ ម៉ែត្រ និងកំពស់ពី១,៥ទី១,៧ ម៉ែត្រ។ 
  • រោងបណ្តុះត្រូវគ្របការពារកំដៅនិងភ្លៀង ដោយរោងប្រក់ស្លឹកពីលើមួយទៀត។

៦.របៀបបណ្ដុះផ្សិត

  • ការលាយល្បាយនិងរៀបចំដុំល្បាយកំប៉ុស្ដិ៍៖ ចំបើងឬគល់កញ្ជ្រាំង ១០០គីឡូក្រាម កន្ទក់ម៉ត់ចំនួន ៨ ទៅ ១០គីឡូក្រាម ចុងអង្កឬម្សៅដំណើប ១គីឡូក្រាម កំបោសចំនួន ០,៥ គីឡូក្រាម ជីអ៊ុយរ៉េចំនួន ០,៥ គីឡូក្រាមឬជីលាមកសត្វក្រៀមពី ៥ ទៅ ១០ គីឡូក្រាម និងទឹកស្អាតលាយល្បាយដែលមានជាតិសំណើមពី ៦០ ភារយ ទៅ ៧០ ភាគរយ។
  • យកវត្ថុធាតុដើម មកលាយ ចូលគ្នា រួចផ្អាប់ទុករយៈពេលពី ៥ ថ្ងៃទៅ ៧ ថ្ងៃទើបយកទៅលាយជាមួយច្របល់គ្នានឹងវត្ថុធាតុដើមផ្សេងទៀត ឱ្យបានសព្វល្អសើមល្មម។ 
  • បន្ទាប់មកយកពូត លុះត្រាណាមិនមានស្រក់ទឹក។ នៅពេលដែលលាយរួច ត្រូវគ្របផ្អាប់ទុកពី១២ ទៅ ២៤ ម៉ោង ដើម្បីឱ្យវាទន់ចូលគ្នាល្អ មុននឹងយកទៅជាន់ពុម្ភ និងច្រកថង់ដាក់ចំហុយ។
  • ការចំហុយដុំល្បាយកំប៉ុស្ដិ៍ បណ្ដុះផ្សិតចំបើង ៖ ដុំល្បាយចាំបាច់ត្រូវចំហុយឱ្យបានឆ្អិនល្អ ដើម្បីកុំឱ្យដុះផ្សិតអាចម៍គោ។ ដើម្បីចំហុយបានងំឆ្អិនល្អ និងសន្សំសំចៃអុស អ្នកបណ្ដុះផ្សិត ត្រូវរៀបចំចង្ក្រានគុកដោយប្រើអង្កាម។ បន្ទាប់ពីចំហុយបានឆ្អិនសព្វល្អហើយ ស្រង់ដុំល្បាយទុកសំដិលឱ្យត្រជាក់ ប្រហែលពី ៦ ទៅ ៨ ម៉ោង។
  • ការបញ្ចូលមេផ្សិតចូលក្នុងថង់កំប៉ុស្តិ៍៖ ត្រូវប្រើមេផ្សិត មានគុណភាពល្អសម្រាប់បណ្ដុះផ្សិត។ ជ្រើសរើសកន្លែងស្អាត បិទជិត គ្មានខ្យល់បក់សម្រាបើបញ្ចូលមេផ្សិត។ អ្នកបញ្ចូលមេផ្សិត ត្រូវលាងដៃនិងសំភារៈជាមួយអាល់កុល។ ស្រាយមាត់ថង់ដុំល្បាយម្ខាងម្ដងៗ ដើម្បីដាក់បញ្ចូលមេផ្សិត។ បន្ទាប់ពីបញ្ចូលមេផ្សិតរួច ដាក់កងទុយោទីបជ័ររួចគ្របក្រដាស មុននឹងចងមាត់ថង់នឹងកៅស៊ូកង។
  • ការបន្ទុំដុំល្បាយកំប៉ុស្តិ៍៖ ការបន្ទុំដុំល្បាយ ត្រូវការកន្លែងបិទបាំងជិត មិនមានខ្យល់ចេញចូល និងមានកំដៅខ្លាំងជ្រុល។ យកតង់កៅស៊ូមកក្រាល បន្ទាប់មកយកដុំល្បាយដែលបញ្ចូលមេរួច មកតំរៀបទល់មុខគ្នាជាជួរ ហើយដាក់គរលើគ្នាដូចរាងសាជី។ បន្ទាប់មកបត់ជាយតង់កៅស៊ូខ្ចប់រុំ ដូចជាភួយ។ ត្រូវតាមដានកំដៅដុំល្បាយ ធ្វើយ៉ាងណាឱដុំល្បាយហប់ ក្ដៅងំល្អ ហើយត្រលប់បង្វិលថង់ល្បាយ ។

៧.របៀបថែទាំ

  • នៅពេលដែលសសៃមេផ្សិត ដើរសព្វជុំវិញផ្ទៃដុំល្បាយបានល្អហើយ ត្រូវស្រាយលាថង់ស្រោបពីខាងក្រៅដុំល្បាយចេញ ហើយស្រោចទឹកលើដុំល្បាយ ឱ្យបានជោគសព្វល្អ។
  • បន្ទាប់មក ថ្ពក់ខ្សែដុំល្បាយនឹងទំពក់ដែក រួចហើយព្យួរដុំល្បាយនឹងស្នូរឬស្សីម្ដងមួយៗ កុំឱ្យប៉ៈគ្នាក្នុងរោងបណ្ដុះ។ បន្ទាប់ពីព្យួររួច ត្រូវបិទរោងបណ្ដុះឱ្យជិត ហើយសង្កត់ជើងថង់ជាជញ្ជាំងឱ្យជិតជាប់ដី។
  • ពិនិត្យតាមដានកំដៅនិង សំណើមរោងបណ្ដុះ។ បើសិនជាឃើញដុំណាមួយស្ងួតពេក ត្រូវបាញ់ផ្សើមដោយចំហាយទឹក។ ចំពោះដុំស្ងួត ដែលមានដុះពកចេញកូនផ្សិតហើយ ហាមបាញ់ទឹកចំលើដុំ តែត្រូវបាញ់ទឹកផ្សើមដីនៅចំពីក្រោម។
  • ត្រូវរក្សាកំដៅក្នុងរោងបណ្ដុះ ឱ្យបានសមស្របជានិច្ចពី ៣៥ ទៅ ៣៨ អង្សារសេ។ បើក្ដៅពេក ត្រូវបើកបង្ហើបថង់ជើងជញ្ជាំងរោង ឱ្យកំដៅចេញខ្លះ តែបើត្រជាក់ពេក ត្រូវបើកគម្របរោងឱ្យត្រូវពន្លឺថ្ងៃឬបិទហុំរោងបន្ថែមកុំឱ្យប៉ៈខ្យល់ត្រជាក់ខាងក្រៅ។

៨.ការប្រមូលផល

  • ក្រោយពេលព្យួរពី ៨ ទៅ ១០ ថ្ងៃ ផ្សិតចាប់ផ្ដើមដុះ។ ត្រូវបេះផ្សិតពីព្រលឹម ដោយកាត់យកកញ្ចុំណា ដែលមានផ្សិតធំៗ ។
  • នៅថ្ងៃទី១និងថ្ងៃទី០២ តែនៅថ្ងៃទី០៣ ត្រូវឆ្គឹះដកយកទាំងធំ ទាំងតូច។ 
  • បន្ទាប់មក ត្រូវបាញ់ ផ្សើមទឹកជីកំប៉ុស្តិ៍ លើដុំល្បាយដែលបេះអស់នីមួយៗ ហើយបន្តថែទាំកំដៅនិងសំណើម។ 
  • បើតាមធម្មតាក្នុង១សារឬ១ រដ្ដជីវិតផ្សិត មានរយៈពេលពី ៣០ ថ្ងៃទៅ ៤៥ ថ្ងៃ៕

អត្ថបទដោយ៖ សារ ធូរ៉ា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES