





iPhone តម្លៃ ១ ពាន់ដុល្លារជាងដែលអ្នកកំពុងកាន់ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដែលមានតម្លៃ ១ ទ្រីលានដុល្លារ ដែលកើតចេញពីទុនដំបូង ១ ពាន់ដុល្លារជាង ហើយសាច់រឿងមួយនេះត្រូវបានគេចាត់ទុកថាជា សាច់រឿងដែលលើកចិត្តសហគ្រិនបំផុតនៅពេលចេញរកស៊ីដោយឈរលើគោលការណ៍ “គោលដៅធំ ចាប់ផ្តើមតូច” ។
ឆ្លងកាត់បទពិសោធន៍ជាបុគ្គលិកវ័យក្មេងធ្វើការដោយមិនយកប្រាក់ខែនៅក្រុមហ៊ុន HP លោក Jobs បានសម្រេចចិត្តចាប់ដៃជាមួយមិត្តចាស់គឺលោក Steve Wozniak ដែលជាវិស្វករម្នាក់ចូលចិត្តស្រាវជ្រាវទាក់ទងនឹងគ្រឿងអេឡិចត្រូនិក និងព្យាយាមបង្កើតកុំព្យូទ័រខ្លួនឯង ។ អ្វីដែលកំលោះវ័យ ២០ ឆ្នាំនេះបានធ្វើ ក៏ក្លាយជាគំនិតអាជីវកម្មមួយ ដោយចាប់ផ្តើមចេញពីការិយាល័យក្នុងហ្ការ៉ាសដាក់ទំនិញនៅក្រោយផ្ទះរបស់គ្រួសារ Steve Jobs ។
ដើម្បីសម្រេចគោលដៅផលិតគម្រូកុំព្យូទ័រ Apple I ដោយចំណាយទុនដំបូងប្រមាណ ១៣៥០ ដុល្លារ អ្នកទាំងពីរក៏សម្រេចចិត្តប្រមែលប្រមូលរបស់ប្រើផ្ទាល់ខ្លួនយកទៅលក់ ដោយលោក Jobs បានលក់ឡាន Volkswagen ចំណែកលោក Wozniak បានលក់ម៉ាស៊ីនគិតលេខ HP របស់លោក ។
គម្រូកុំព្យូទ័រ Apple I អាចលក់បានលុយល្មងនឹងយកទៅឌីហ្សាញគម្រូ Apple II ។ ខណៈដែលឆ្នាំ ១៩៧៧ កុំព្យូទ័រ Apple ជំនាន់ទី ២ បានចេញមុខ វាបានក្លាយជាកុំព្យូទ័រដំបូងដែលមានក្រាហ្វិកចម្រុះពណ៌ និងមានក្តារចុច ជាពិសេសវាត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដំបូង ងាយស្រួលប្រើ សាមញ្ញៗ ធ្វើឲ្យកុំព្យូទ័រជំនាន់ទី ២ នេះជោគជ័យខ្លាំង ដោយអាចទាញចំណូលដំបូងផុត ៣ លានដុល្លារ ហើយ ២ ឆ្នាំក្រោយមកចំណូលពីកុំព្យូទ័រ Apple II បានឡើងដល់ ២០០ លានដុល្លារ ។
ប៉ុន្តែអ្វីដែលគួរឲ្យស្តាយនោះគឺ Steve Jobs ជោគជ័យលើជំនួញបច្ចេកវិទ្យាលំដាប់កំពូល តែបែរជាបរាជ័យលើការថែទាំងសុខភាពទៅវិញ ។ ពាក់កណ្តាលឆ្នាំ ២០០៤ លោក Jobs បានផ្ញើសារទៅបុគ្គលិកតាមអ៊ីមែលថា លោកនឹងសម្រាកពីការងារមួយរយៈដើម្បីព្យាបាលជម្ងឺមហារីក ប៉ុន្តែលោកនៅតែបន្តតួនាទីជានាយកប្រតិបត្តិដដែលទេ ដោយចូលរួមអភិវឌ្ឍន៍ផ្នែកយុទ្ធសាស្ត្រ ។
ប៉ុន្តែ ៨ ខែក្រោយមក ក្រុមប្រឹក្សាភិបាល Apple បានប្រកាសថា Steve Jobs នឹងលាលែងពីដំណែងជានាយកប្រតិបត្តិ Apple ដោយយកនាយកផ្នែកប្រតិបត្តិការទូទៅគឺលោក Tim Cook ចូលកាន់ដំណែងជំនួសវិញ ។
រហូតដល់ខែ ១០ ឆ្នាំ ២០១១ លោក Jobs បានលាចាកលោកទៅ ដោយសារជម្ងឺមហារីកមិនអាចព្យាបាលបាន និងបានបន្សល់ទុកក្រុមហ៊ុន Apple ដែលមានតម្លៃលោតឡើងដល់ ១ ទ្រីលានដុល្លារដូចសព្វថ្ងៃ ចំណែកឯ Steve Jobs បានក្លាយជាវីរៈបុរសបច្ចេកវិទ្យា ដែលធ្វើឲ្យមនុស្សលើពិភពលោកបានស្គាល់ iPhone ។
អត្ថបទដោយ Nen Sothea (Leadership Editor)