ស្រេង សុវណ្ណារិន ផ្ដើមចេញពីការចិញ្ចឹមទន្សាយ ២ ក្បាល រហូតបើកកសិដ្ឋានចិញ្ចឹមទន្សាយលក់ចំណូលខ្ទង់ពាន់$

 

ផ្ដើមចេញពីការស្រឡាញ់ ចូលចិត្ដចិញ្ចឹមសត្វទន្សាយ លោក ស្រេង សុវណ្ណារិន បច្ចុប្បន្នក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយលក់មួយកន្លែង នៅ​ភូមិ​ព្រែក​តាឡុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

កាលដើមឡើយ ដោយសារតែលោកនិងភរិយាស្រឡាញ់សត្វទន្សាយ ក៏បានទិញសត្វទន្សាយ ២ ក្បាលយកមកចិញ្ចឹមលែងនៅផ្ទះ រហូតមានគំនិតចង់បើកជាកសិដ្ឋានចិញ្ចឹមទន្សាយលក្ខណៈគ្រួសារដែលមានចិញ្ចឹមទន្សាយរហូតដល់រាប់ពាន់ក្បាលឯណោះ។

ម្ចាស់កសិដ្ឋានរូបនេះ បានមានប្រសាសន៍ថា នៅក្នុងកសិដ្ឋានរបស់លោកមានសត្វទន្សាយចំនួន ៧ ប្រភេទ ដែលក្នុងត្រូវបានបែងចែកជាពូជយកសាច់និងពូជសម្រាប់យកទៅចិញ្ចឹមលំអ(ជាប្រភេទសត្វចិញ្ចឹមឬពូជស្អាតៗ)។ លោក សុវណ្ណា រិន បានឲ្យដឹងទៀតថា ចំពោះពូជចិញ្ចឹមយកសាច់ ក្នុងមួយគីឡូសាច់ លោកអាចលក់បានក្នុងតម្លៃ ២០ ដុល្លារ។ រីឯពូជសម្រាប់លក់យកទៅចិញ្ចឹមត ទន្សាយមួយក្បាលអាចលក់បានក្នុងតម្លៃចាប់ពី ៨ ដុល្លារឡើងទៅ ដែលទន្សាយទាំងនោះអាចលក់បាននៅពេលមានអាយុចាប់ពី ១ ខែកន្លះឡើងទៅ។ 

តាមរយៈបទពិសោធន៍ជាង ១០ ឆ្នាំរបស់ម្ចាស់កសិដ្ឋានរូបនេះ លោកក៏បានលើកពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាទន្សាយក្នុងកសិដ្ឋានរបស់លោកបានងាប់ជាបន្ដបន្ទាប់ ដោយមិនបានដឹងពីមូលដ្ឋានបង្កឲ្យកើតមានបញ្ហានេះទេ រហូតលោកបានសម្រេចចិត្ដទៅរៀនពីបច្ចេកទេសចិញ្ចឹមទន្សាយនៅកសិដ្ឋានមួយក្នុងប្រទេសថៃ ដើម្បីយកបទពិសោធន៍ទាំងនោះមកអភិវឌ្ឍន៍ក្នុងកសិដ្ឋានរបស់លោកមកដល់សព្វថ្ងៃនេះ។

ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះ ក៏បានលើកឡើងដែរថា ការចិញ្ចឹមទន្សាយក៏ដូចជាការចិញ្ចឹមសត្វផ្សេងៗទៀតដែរ គឺវាទាមទារឲ្យមានការថែទាំតាមបច្ចេកទេសត្រឹមត្រូវ ជាពិសេសគឺតម្រូវឲ្យមានអនាម័យតែម្ដង។ ចំពោះចំណីវិញ លោកបានប្រើប្រាស់ចំណីគ្រាប់ដែលនាំចូលពីប្រទេសថៃ ព្រោះថានៅក្នុងស្រុកមិនទាន់មាននៅឡើយ។

កសិដ្ឋានចិញ្ចឹមទន្សាយរបស់លោក ស្រេង សុណ្ណារិន គឺមិនមានទន្សាយព្រៃនោះទេ មានតែទន្សាយក្នុងស្រុកដែលលោកបានបង្កាត់ពូជ និទុកពូជចិញ្ចឹមនៅក្នុងកសិដ្ឋានផ្ទាល់តែម្ដង។ លោកបានបន្ដទៀតថា មូលហេតុដែលក្នុងកសិដ្ឋានរបស់លោក មិនចិញ្ចឹមទន្សាយព្រៃ ដោយហេតុថា ទន្សាយព្រៃវាឆាប់ងាប់ និងមានមេរោគច្រើន មិនដូចទន្សាយដែលលោកបង្កាត់ពូជខ្លួនឯង ដែលអាចលក់សម្រាប់អតិថិជនបរិភោគសាច់បាននោះទេ។

គួរជម្រាបថា កសិដ្ឋានចិញ្ចឹមទន្សាយដែលមានទីតាំ នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នមានទន្សាយជា ១ ពាន់គិតទាំងតូចទាំងធំ។ ចំណែកឯប្រាក់ចំណូលដែលម្ចាសកសិដ្ឋាននេះទទួលបានក្នុងមួយខែគឺចន្លោះពី ៥០០ ដុល្លារ ទៅ ៣០០០ ដុល្លារអាមេរិកឯណោះ  ប៉ុន្ដែមិនសូវមានអ្នកចាប់អារម្មណ៏របរចិញ្ចឹមទន្សាយនេះឡើយ៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES