សោម សុធា៖ សុខចិត្តអត់ទិញម៉ូតូថ្មី យកលុយវិនិយោគ រហូតចំណេញម៉ឺន$ ក្លាយជាសហគ្រិនវ័យក្មេង

ពួកអ្នកមានតែងនិយាយថា “បើយើងអាចលះបង់ភាពហ៊ឺហាបានហើយ នោះយើងមិនចាំបាច់ភ័យខ្លាចថា យើងគ្មានលុយចាយទៀតនោះទេ”។ ការចំណាយច្រើនទៅលើសម្ភារៈនិយម វាពិតជាបង្ហាញថាយើងឡូយ យើងនឹងវាទាន់សម័យណាស់ តែសម្រាប់ពួកអ្នកមាន ពួកគាត់មិនធ្វើដូចជាយើងឡើយ ពួកគេស្គាល់ច្បាស់ណាស់អំពីរបស់ចាំបាច់ និងរបស់ត្រូវការ ដូច្នេះការចំណាយទៅលើអ្វីមួយ គឺផ្តោតសំខាន់លើរបស់ចាំបាច់ ជាជាងរបស់ហ៊ឺហា។ ហើយគេបន្តរៀនប្រើប្រាស់លុយរបស់គេជាប់ជាប្រចាំ។

ងាកមកមើលខ្សែជីវិតរបស់លោក សោម សុធា ដែលជានាយករងផ្នែកបណ្តុះបណ្តាល ក្រុមហ៊ុនធានារ៉ាបរង AIA  និងជាវាគ្មិនខាងលើកទឹកចិត្តដ៏ល្បីមួយរូបរបស់កម្ពុជាវិញ គាត់បានស្គាល់ច្បាស់អំពីរបស់ចាំបាច់ និងរបស់ត្រូវការ ហើយគាត់បានប្រើប្រាស់ភាពវ័យឆ្លាតផ្នែកហិរញ្ញវត្ថុមួយនេះ បានយ៉ាងល្អជាទីបំផុត។ ជាក់ស្តែង នៅពេលគាត់ចូលធ្វើការដំបូងៗ គាត់ក៏ទទួលបានការដូធំមួយពីគ្រួសាររបស់គាត់ ដែលជាទឹកប្រាក់សរុបប្រមាណជិត ៣ពាន់ដុល្លារអាមេរិក។

ដោយមុនដំបូងឡើយ លោក សុធា គ្រោងនឹងយកលុយនោះ ទៅទិញម៉ូតូធំមួយគ្រឿងគ្រាន់ជិះទៅធ្វើការនឹងគេ ខណៈគាត់មានម៉ូតូខ្លួនឯងមួយស្រាប់។ ដោយហេតុថា ការទិញម៉ូតូធំយកមកជិះ នៅពេលលក់ចេញវិញខាតច្រើន លោក សុធា ក៏បានសម្រេចចិត្តលះបង់ភាពហ៊ឺហា យកលុយប្រមាណជិត ៣ពាន់ដុល្លារនោះ ទៅទិញដីមួយកន្លែងនៅក្នុងខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ដីដែលគាត់បានទិញនោះ វាមានតម្លៃប្រមាណជាង ១ម៉ឺនដុល្លារឯណ្ណោះ ដូច្នេះគិតៗទៅគាត់ចំណេញបានជិតមួយម៉ឺនដុល្លារ។

ប៉ុន្តែបើទោះបីជាអាចលក់បានចំណេញក៏ដោយ លោក សុធា មិនបានលក់ដីដែលគាត់ទិញនោះទេ គាត់បានយកដីនោះ ទៅបញ្ចាំនឹងធនាគារ ដោយទទួលបានប្រាក់មកវិញប្រមាណ ៧ពាន់ដុល្លារអាមេរិក សម្រាប់យកមកធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ខណៈអាជីវកម្មទី១ ដែលលោក សុធា បានចាប់ផ្តើមនោះ គឺការចិញ្ចឹមទា នៅក្នុងខេត្តកំពត ដោយធ្វើការសហការជាមួយកសិករ ដើម្បីយកពងទាមកលក់ដល់រាជធានីភ្នំពេញ។ សព្វថ្ងៃនេះ កសិដ្ឋានចិញ្ចឹមទារបស់លោក សុធា មានទាប្រមាណជាង ៧ពាន់ក្បាល។ 

ក្រោយពីជោគជ័យលើអាជីវកម្មទី១ លោក សុធា ក៏បន្តប្រើប្រាស់លុយរបស់គាត់ឱ្យធ្វើការឱ្យគាត់បន្តទៀត។ ពោលគឺគាត់បានចាប់ផ្តើមអាជីវកម្មទី២ ដែលជាការបើកហាងកាហ្វេនៅផ្ទះរបស់ខ្លួន។ គាត់ជឿថា ដើម្បីកុំឱ្យផ្ទះដែលទិញមកក្លាយទៅជាបំណុល គាត់ត្រូវធ្វើឱ្យផ្ទះនោះ ក្លាយជាកន្លែងដែលអាចរកចំណូលមកឱ្យគាត់វិញ ដូច្នេះគាត់ក៏សម្រេចចិត្តបើកហាងកាហ្វេតែម្តងទៅ ហើយហាងកាហ្វេមួយនេះ គាត់បានដំណើរការជាង ២ឆ្នាំមកហើយ និងបានទាញចំណូលឱ្យគាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា លោក សោម សុធា សព្វថ្ងៃនេះ ក្រៅពីមានការងារជានាយករងផ្នែកបណ្តុះបណ្តាល នៅក្នុងក្រុមហ៊ុនធានារ៉ាបរង AIA ហើយ រូបលោកក៏ជាអ្នករកស៊ីផ្នែកអចលនទ្រព្យមួយរូបផងដែរ។ ទន្ទឹមនឹងជំនាញថ្មីៗ ដែលគាត់បានចូលប្រឡូក ទាំងការធ្វើអាជីវកម្ម អ្នកបណ្តុះបណ្តាល និងវិស័យអចលនទ្រព្យនេះ លោក សុធា បានលើកឡើងថា “មិនថាអ្នកចង់ប្រឡូកក្នុងវិស័យអ្វីនោះទេ សូមកុំលូកជើងចូលទឹកទន្លេដែលអ្នកមិនដឹងពីជម្រៅ ម្តងជើងពីរឱ្យសោះ”។ ក្នុងន័យនេះ គាត់ចង់មានន័យថា ធ្វើអ្វីក៏ដោយ កុំចាប់ផ្តើមភ្លាមធំភ្លាម ត្រូវចាប់ផ្តើមពីតូច ហើយសិក្សាឱ្យច្បាស់សិន ចាំលោតទៅចាប់របស់ធំតាមក្រោយ ៕

អត្ថបទដោយ៖ MENG SONGLY (LeEmon Biz) Contact: 010 755 987

ចុចឡាយផេករបស់ខ្ញុំខាងក្រោមនេះ ដើម្បីទទួលបានគំនិតរកស៊ី និងការលើកទឹកចិត្តផ្សេងៗទៀត 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES