រាជរដ្ឋាភិបាល បង្ហើបពីការធ្វើផ្លូវក្រោមទឹក និងស្ពានអាកាសចំនួន ៤ បន្ថែមទៀតនាពេលខាងមុខ

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានឆ្លងទន្លេ ស្ពានអាកាសនិងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជន មានភាពងាយស្រួល។ 

ហើយកាលពីពេលកន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បាន​ថ្លែង​ថា នា​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​ធ្វើ​ស្ពាន​អាកាស ៤​កន្លែង​ទៀត​ដើម្បី​បំពេញ​តម្រូវការពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ខណៈ​ស្ពាន​អាកាស​ ៥​កន្លែងកំពុង​ដាក់​ឲ្យ​ប្រើប្រាស់។ ការឡើករបស់សម្ដេចខាងលើត្រូវបានធ្វើឡើងក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ប្រវែង​ ៥២,៩៨៣​គីឡូ​ម៉ែត្រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាលកាលពីកំឡុងខែមករា ឆ្នាំ​២០១៩​ កន្លងទៅ។

ចំពោះផ្លូវក្រោមទឹកសម្ដេចបានថ្លែងថា តិចទៀតនឹងធ្វើផ្លូវក្រោមទឹក ដោយមិនបាច់ធ្វើស្ពានឆ្លងទន្លេទៀតទេ។ សូមជម្រាបថា ផ្លូវក្រោមទឹកនេះបច្ចុប្បន្នក៏មាន​ក្រុមហ៊ុន OCIC កំពុងសិក្សាលទ្ឋ​ភាពដើម្បី​សាងសង់ ពីកោះពេជ្រ​ទៅកាន់​ទីក្រុង​កោះ​នរាហ៍ផងដែរ។

ចំណែកស្ពានអាកាសវិញនាពេលបច្ចុប្បន្ន កម្ពុជាមានចំនួន ៥ ហើយដែលកំពុងដាក់ឲ្យប្រើប្រាស់ ដោយក្នុងនោះរួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា ឬហៅក្រៅថា ស្ពានអាកាសពេទ្យលោកសង្ឃ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសទិចណូ, ស្ពានអាកាសផ្សារដីហុយ។

ហើយនាពេលខាងមុខស្ពានអាកាសរង្វង់មូលចោមចៅ ដែលជាស្ពានអាកាសទី៦របស់កម្ពុជា ក៏នឹងត្រូវដាក់ឲ្យដំណើរការផងដែរ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានមួយភាគធំហើយ ក្នុងនោះក្រុមការងារសាងសង់ក៏កំពុងដុតដៃដុតជើងលើការសាងសង់យ៉ាងមមាញឹកផងដែរ ៕

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES