ក្រុមហ៊ុនសិង្ហបុរីកំពុងសិក្សាបណ្ដាក់ទុនលើវិស័យសំណង់ លើផ្ទៃដី១១៥ហិកតានៅខេត្តកំពង់ស្ពឺ

ជាខេត្តកំពុងមានសេដ្ឋកិច្ចស្ទុះខ្លាំង​  មាន​ទីតាំងនៅ​ជាប់​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​បាន​និង​កំពុង​ចាប់ផ្តើម​បង្ហាញ​សក្តា​នុ​ពល​ផ្នែក​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ជា​បណ្តើរ​ៗ​ ​ខណៈ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​​កំពុងដំណើរការ ​ ​និង​សកម្មភាព​វិនិយោគ​មួយចំនួន​បាន​លេចចេញ​ជារូបរាងបន្ដបន្ទាប់។

នាពេលថ្មីៗនេះ​ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលជួប Dr. Peter Lim ក្រុមហ៊ុន PLMP HOLDING GROUP ដើម្បីពិភាក្សាសិក្សាស្វែងយល់លើការបណ្ដាក់ទុនវិស័យសំណង់ លើផ្ទៃដី ១១៥ ហិចតា ដែលរួមមានខុនដូកម្ពស់ 5 ជាន់ រោងចក្រវេចខ្ចប់ចំណីអាហារនាំចេញទៅក្រៅប្រទេស និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលមានកំណើនរោងចក្រ សហគ្រាសតូចធំ ច្រើនជាង២៧០គម្រោងកំពុងដំណើរការ និងជាង១០០គម្រោងផ្សេងទៀត ដែលបានត្រៀមខ្លួននោះ កំពុងរង់ចាំស្វាគមន៍ក្រុមហ៊ុនលំដាប់អន្តរជាតិថ្មីមួយទៀតមកពីប្រទេសសឹង្ហបុរី ទៅលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិស័យសំណង់។

ក្រៅពីនេះក៏មានគម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនជាច្រើនប្រទេសដែលបានបោះទុនវិនិយោគនាឆ្នាំ២០១៩កន្លងមក ដែលសុទ្ធសឹងតែគម្រោងធំៗ។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រសិប្បកម្ម ឧស្សាហកម្ម កសិកម្មផ្សេងៗកំពុងសម្រុកចូលបន្ដបន្ទាប់ផងដែរ។

ដូច្នេះ កំពង់ស្ពឺអាចជាមុខសញ្ញាថ្មីបំផុត ក្នុងការរីកចម្រើននារយៈពេលខ្លី ពីព្រោះគម្រោងនានាមិនត្រឹមជួយដល់ប្រជាជន ក៏ប៉ុន្ដែនឹងមានឥទ្ធិពលដល់តម្លៃដីធ្លី និងទីផ្សារតំបន់នោះមិនខាន៕

អត្ថបទដោយ៖ នឹម ផានុន (Pranun)

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES