ឯកឧត្តមគួច ចំរើន៖ ព្រះសីហនុរីកច្រើនខ្លាំងណាស់២ឆ្នាំនេះ តែផ្លូវថ្នល់ក៏ខូចខ្លាំងដែរ

ខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងខ្លាំងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយមានការវិនិយោគពីក្រុមហ៊ុនសំណង់ និងវិនិយោគជាតិ និងអន្តរជាតិជាច្រើន ធ្វើឱ្យខេត្តមួយនេះ​មានការរីកចម្រើនយ៉ាងគំហុក ស្របគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយទឹក ក៏ត្រូវបានខូចខាតខ្លាំងផងដែរ។ នេះបើយោងតាមការលើកឡើងពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​ក្នុងជំនួបរវាង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំប្រទេសកម្ពុជា កាលពីម្សិលមិញ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបង្ហាញប្រាប់ ភាគីចិន​ ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ​ មានសន្ទុះយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយ​ ដែលធ្វើអោយខេត្តដែលធ្លាប់ជាតំបន់ទេសចរណ៏តែមួយមុខគត់ ប្រែក្លាយជាតំបន់ភូមិសាស្ត្រ ប្រជាសាស្ត្រ និងការអភិវឌ្ឍកើនឡើងលើគ្រប់វិស័យ​ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានបញ្ហាប្រឈមកើតឡើងស្របពេលសំណង់អគារខ្ពស់ៗជាច្រើនបានកើនឡើងមិនធ្លាប់មាននៅក្នុងខេត្ត​ ផ្លូវថ្នល់ជាច្រើនកន្លែងបានខូចខាត​ ប្រលាយ​ លូ ប្រព័ន្ធទឹកស្អាតបម្រើមិនបានគ្រប់គ្រាន់ទាន់សភាពការណ៍អភិវឌ្ឍន៍យ៉ាងគំហុគនេះ​។

រដ្ឋបាលខេត្តព្រះសីហនុមានយន្តការ អនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ចែករំលែកការអនុវត្តនីតិវិធីច្បាប់ចំពោះវិនិយោគិនអោយយល់ដឹងពី វប្បធម៌ ច្បាប់ សង្គម និងការផ្សព្វផ្សាយអប់រំនៅកម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្តមស្នើឱ្យ​ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ជួយគាំទ្រការបើកទីតាំងសមាគមសារព័ត៌មានចិន និងបើកស្ថានកុងស៊ុល​ នៅខេត្តព្រះសីហនុ ដើម្បីធ្វើការផ្សព្វផ្សាយ​ និងសហការជាមួយរដ្ឋបាលខេត្ត​ ដល់ប្រជាជនចិន​ ដែលនឹងមកវិនិយោគ និងកំពុងវិនិយោគនៅខេត្តព្រះសីហនុ។

តបតាមការស្នើរបស់អភិបាលខេត្ត ឯកឧត្តមអគ្គរដ្ឋទូតចិនគាំទ្រជួយដោះស្រាយបញ្ហាប្រឈមកើតមាននៅខេត្តព្រះសីហនុ។ ឯកឧត្តមលើកឡើង ស្ថានទូតចិននឹងមានជា គំរោង "កម្មវិធីខេត្តព្រះសីហនុ​ មានសុវត្ថិភាព" ដោយមានបញ្ជូលទាំងការ បណ្តុះបណ្តាល ការប្រើប្រាស់សំភារៈ បច្ចេកទេស និងសណ្តាប់ធ្នាប់ជាដើម៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

USNews Logo

RELATED ARTICLES