ចង់បង់រំលស់អចលនទ្រព្យ គួរបង់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់?

អ្នកទិញអចលនទ្រព្យ ឬវិនិយោគភាគច្រើន គឺពួកគាត់ទិញដោយបង់រំលស់ ព្រោះជាទូទៅអ្នកទិញភាគច្រើនពុំមានលុយទាំងដុលទៅទិញផ្តាច់នោះទេ។ ចំពោះការទិញអចលនទ្រព្យបង់រំលស់គឺជារឿងមួយត្រូវសាកសួរព័ត៌មានអោយច្បាស់លាស់ដើម្បីចៀសវាងការភាន់ច្រឡំណាមួយដែលកើតមានឡើង ហើយការភាន់ច្រឡំនេះក៏កើតមានឡើងចំពោះអ្នកទិញ និងភ្នាក់ងារលក់គម្រោងមួយចំនួនផងដែរ។ កន្លងមកមានភ្នាក់ងារលក់គម្រោងខ្លះបានកុហកអតិថិជន ហើយពេលអតិថិជនទៅដល់កន្លែងគឺជារឿងផ្សេង។ ប្រការនេះត្រូវតែច្បាស់ទាំងអ្នកលក់ និងអ្នកទិញអចលនទ្រព្យ ហើយព័ត៌មានគម្រោងនោះត្រូវតែច្បាស់ ជាពិសេសពាក់ព័ន្ធនិងការបង់រំលស់អចលនទ្រព្យ ហើយការបង់រំលស់ទៀតសោតមានច្រើនលក្ខខណ្ឌ និងច្រើនជម្រើសអាស្រ័យលើគោលការណ៍ក្រុមហ៊ុន។ ស្របគ្នានេះដែរការបង់រំលស់មានជម្រើសថាតើអតិថិជនចង់បង់រំលស់ជាមួយគម្រោងផ្ទាល់ ឬចង់បង់រំលស់ជាមួយធនាគារ ។

១. ការបង់រំលស់ជាមួយគម្រោងផ្ទាល់ៈ  គ្រប់គម្រោងអចលនទ្រព្យ មានគម្រោងផ្ទះល្វែង ឬបុរី   គម្រោងដីឡូតិ៍   គម្រោងខុនដូ  គម្រោងទាំងអស់នេះតែងតែមានសេវាកម្មបង់រំលស់ដើម្បីបង្កភាពងាយស្រួលនិងទំនុកចិត្តដល់អតិថិជន។ ចំពោះការបង់រំលស់ផ្ទាល់ពីគម្រោងមានច្រើនជម្រើស និងច្រើនលក្ខខណ្ឌ អាស្រ័យលើអតិថិជន។ ប៉ុន្តែយ៉ាងណាក៏ដោយយើងអ្នកទិញអចលនទ្រព្យត្រូវវែកញែកអោយដាច់ពីជម្រើសនៃការបង់រំលស់។ រឿងរ៉ាវដែលល្អសម្រាប់បង់រំលស់គឺពីគម្រោងផ្ទាល់គឺមាន លក្ខខណ្ឌបង់រំលស់១០០% មានន័យថាបង់រំលស់សុទ្ធប្រចាំខែ ដែលបង្កភាពងាយស្រួលដល់អ្នកមិនមានលុយដុលសុទ្ធទៅទិញ។

គម្រោងខ្លះមិនចាំបាច់មានប្រាក់កក់ក៏បានដែរ អោយតែមានលទ្ធភាពប្រចាំខែទៅបានហើយ ។ ការបង់រំលស់ពីគម្រោងមានលក្ខខណ្ឌបង់ ១០០%   លក្ខខណ្ឌបង់១០%សិន បន្ទាប់មករំលស់៩០%  លក្ខខណ្ឌបង់២០% បន្ទប់មករំលស់សុទ្ធ លក្ខខណ្ឌជាបន្តបន្ទាប់ ។ គម្រោងខ្លះយើងអ្នកទិញបង់កាន់តែច្រើនមានថែមកាដូ ឫការបញ្ចុះតម្លៃពិសេសណាមួយ -ល-។

ទោះបីជាយ៉ាងណាក៏ដោយយើងអ្នកទិញគួរតែប្រុងប្រយ័ត្ន មិនប្រាកដគម្រោងទាំងអស់សុទ្ធតែល្អនោះទេហើយក៏មានគម្រោងមួយចំនួនប្រហែលអាចនិងជាប់គាំងក៏មានដែរ ។ ដូចដែលបណ្ឌិត គីម ហ៊ាង បានមានប្រសាន៍ថា គម្រោងខ្លះមិនទាន់មានលុយសាងសង់គ្រប់ ដូច្នោះហើយប្រកាសលក់សិនលក់បានលុយគ្រប់និងសាងសង់បន្ត គម្រោងបែបនេះគឺមានហានិភ័យខ្លាំងណាស់ ។  ចំពោះការប្រាក់បង់រំលស់អចលនទ្រព្យជាមួយគម្រោងផ្ទាល់មានភាគរយនៃការប្រាក់ខ្ពស់ជាងធនាគារ ។  ការប្រាក់នោះមានរហូតដល់ ១.២%ក្នុងមួយខែ ស្មើនិង១១%ក្នុងមួយឆ្នាំ ឬអាចច្រើនជាងនេះ។ អ្នកបង់រំលស់កាន់តែច្រើនឆ្នាំ នោះភាគរយនៃការប្រាក់កាន់តែកើនឡើងផងដែរ។ ចំពោះគម្រោងអចលនទ្រព្យខ្លះត្រូវតែបង់ផ្ទាល់ជាមួយម្ចាស់គម្រោង  ដោយមិនអនុញ្ញាតអោយខ្ចីធនាគារមកបង់រំលស់ក៏មានដែរ។

២. ការបង់រំលស់ជាមួយធនាគារៈ   ចំពោះកម្ចីអចលនទ្រព្យពីធនាគារ គឺមានការប្រាក់ទាបជាងកម្ចីផ្នែកផ្សេងៗ ព្រោះអ្នកខ្ចីទិញ និងបង់រំលស់មានរយៈពេលច្រើនឆ្នាំរហូតដល់ ២០-៣០ឆ្នាំ  ទំហំនៃកម្ចីទិញអចលនទ្រព្យមានលក្ខណៈធំជាងកម្ចីផ្នែកៗដែលជាទូទៅ ។ ចំពោះភាគរយនៃការប្រាក់មានកម្រិតទាប រហូតទាបជាង ០.៥% ក្នុងមួយខែ បើធៀបនិងកម្ចីបង់រំលស់ផ្ទាល់ពីម្ចាស់គម្រោងមានទំហំរហូតដល់ ១.២% ។  ក្នុងស្ថាប័នធនាគាររាល់កម្ចីទិញអចលនទ្រព្យគឺគេមានអ្នកជំនាញវាយតម្លៃអចលនទ្រព្យ និងអ្នកច្បាប់ផ្នែកអចលនទ្រព្យច្បាស់លាស់ ហើយគេបានសិក្សាលើគម្រោងដែលអតិថិជនខ្ចីបង់រំលស់នោះយ៉ាងច្បាស់ មុនផ្តល់ហិរញ្ញវត្ថុដល់អ្នកខ្ចី។

បើសិនខាងធនាការគេមិនអោយខ្ចីមានន័យថាគម្រោងអចលនទ្រព្យដែលអ្នកទិញបង់រំលស់នោះខុសច្បាប់ ឬខុសលក្ខខណ្ឌរបស់ធនាគារ ឬមួយមកពីខ្លួនអ្នកផ្ទាល់ដែលមិនមានប្រភពចំណូលមិនច្បាស់លាស់។  ហើយបើខាងធនាគារផ្តល់កម្ចីអោយអ្នកហើយមានន័យថាគម្រោងនោះពិតជាត្រឹមត្រូវ១០០% និងត្រូវតាមគោលការណ៍របស់ធនាគារ ។ ចំណែកឯទំហំនៃកម្ចីនោះអាចមានរហូតដល់៩០% នៃតម្លៃអចលនទ្រព្យ។ ការខ្ចីលុយទិញអចលនទ្រព្យពីអនាគារគឺជារឿងល្អដែលអ្នកទិញក្តី ឬអ្នកវិនិយោគក្តីត្រូវសិក្សាអោយច្បាស់៕

អត្ថបទដោយ៖សុទ  ផានិត  

USNews Logo
Online

RELATED ARTICLES