អ្នកជំនាញបង្ហើបគំនិតផ្ទុយគ្នា ជុំវិញបញ្ហា ថាតើគួរទិញដី ឬទិញផ្ទះមុន?

ការវិនិយោគលើវិស័យអចលនទ្រព្យ សុទ្ធសឹងតែផ្លូវទៅរកភាពមានបាន ឱ្យតែអ្នកវិនិយោគផ្ទាល់មានភាពច្បាស់លាស់ និងមានចក្ខុវិស័យក្នុងការវិនិយោគបានត្រឹមត្រូវ ហើយការវិនិយោគអចលនទ្រព្យទៀតសោត មានច្រើនប្រភេទដូចជាផ្ទះ ដីធ្លីជាដើម មិនត្រឹមតែប៉ុណ្ណោះនាពេលថ្មីៗនេះក៏មានការសន្ទុះនៃការវិនិយោគខុនដូ ដែលជាអចលនវត្ថុទាន់សម័យនិងមានភាពស៊ីវិល័យ។

ថ្ងៃនេះផ្ទាល់Business Cambodiaសូមលើកឡើងពីអចលនវត្ថុ២គឺផ្ទះ និងដីធ្លី ពីព្រោះកន្លងមក ធ្លាប់សង្កេតថា អ្នកទិញមួយចំនួនមានភាពស្ទាក់ស្ទើរជាខ្លាំង មុននឹងសម្រេចចិត្តទិញ ជាពិសេសគឺពិចារណាលើអចលនវត្ថុ២នេះ។

តាមពិតទៅអចលនវត្ថុទាំង២នេះសុទ្ធតែមានផលប្រយោជន៍រៀងខ្លួន ហើយផ្ដល់ផលមកវិញដូចគ្នា តែកត្តាសំខាន់គឺទាមទារឱ្យអ្នកទិញចេះយល់ពីការវិនិយោគលើអចលនវត្ថុទាំងនេះ ថាតើគួរជ្រើសរើស១ណា ដើម្បីផ្ដល់ផលមកខ្លួនវិញ។

ជុំវិញបញ្ហានេះផ្ទាល់ Business Cambodia បានជួបសម្ភាសន៍ជាមួយសហគ្រិនផ្នែកអចលនទ្រព្យ២រូប បានមានមតិជុំវិញការវិនិយោគនេះផ្សេងៗគ្នា ហើយក៏អាចជាទុនដ៏សំខាន់សម្រាប់អ្នកមានបំណងចង់ទិញអចលនវត្ថុបានផងដែរ។

ជួបសម្ភាសន៍លោកស្រីចន្ទី ទិវា ជាCEO Century 21 Advanced Propertyក៏បានប្រាប់ផងដែរថា ទិញផ្ទះគឺល្អបំផុត ដោយមិនចាំបាច់ទៅជួលផ្ទះគេ នាំតែអស់លុយនោះទេ ហើយអាចទាញចំណូលពីការជួលបានទៀតផងដែរ បើចេះឆ្លាតកែច្នៃផ្ទះបានល្អ។

ស្រ្តីរូបនេះបានបន្ដទៀតថា បើចង់ទិញផ្ទះ ខ្វះថវិកាក៏អាចបង់រំលស់បាន ហើយការបង់រំលស់ផ្ទះទៀតគឺទាមទារចំណូលមួយដែលទទួលយកបាន ពីព្រោះបើទិញផ្ទះតម្លៃជាង៥ម៉ឺនដុល្លារក៏ត្រូវការបង់ប្រហែល៥០០ដុល្លារដែរក្នុងមួយខែ ហើយបើបង់ជាមួយធនាគារទៀតសោតគឺត្រូវការ៣០%មុននៃតម្លៃផ្ទះ ដូច្នេះអាចជួយសម្រួលតម្លៃការប្រាក់បានខ្លះ។

ហើយអ្នកមានគូស្រករថ្មីថ្មោងរឹតតែងាយស្រួល ពីព្រោះមានចំណូល២ប្រភពផ្សេងគ្នា អាចយឹតយោងគ្នាទៅវិញទៅមកបានងាយស្រួល។

ជាងនេះទៅទៀត ដើម្បីប្រាកដថាគ្មានហានិភ័យពេលបង់រំលស់ ខាងធនាគារទាមទារចំណូលយ៉ាងហោចណាស់២ដងនៃតម្លៃបង់ប្រចាំខែ ហើយសមីខ្លួនផ្ទាល់ ក៏ត្រូវចេះបែងចែកចំណូលចំណាយឱ្យបានច្បាស់លាស់ទៅលើចំណាយប្រចាំថ្ងៃ ជាពិសេសត្រូវមានប្រាក់បម្រុងសម្រាប់ខ្លួនឯង ជាពិសេសត្រូវតែប្រាកដអាចរ៉ាប់រងបាន មិនមានបញ្ហាពេលបង់រំលស់។

រីឯលោកហាក់ គីមថុង ជាប្រធានទីផ្សារ century21 Dream property មានប្រសាសន៍ថា តាមបទពិសោធន៍លោកជាក់ស្ដែង បើទិញអចលនទ្រព្យដំបូង ហើយកំពុងធ្វើការឱ្យគេទៀត គួរតែទិញដីសិន ពីព្រោះផ្ទះមានតម្លៃថ្លៃពេក អាចប្រឈមនឹងហានិភ័យក្នុងកំឡុងពេលបង់រំលស់។ ដូច្នេះ លោកស៊ូខ្ចីលុយពីធនាគារ១០០០០ដុល្លារ ហើយយកចំណូលប្រាក់ខែទៅរំលស់ ដើម្បីទិញដី ហើយអាចចំណេញរយៈពេលវែង។

លោកក៏បានបន្ដថា ការទិញដីក៏ត្រូវចេះជ្រើសរើសដីណាដែលមានទីតាំងល្អ ជាពិសេសគឺតម្លៃមួយដែលសមស្របផងដែរ ដោយគួរស្វែងរកដីណាដែលតម្លៃក្រោមទីផ្សារ ដូចជាដីដែលម្ចាស់ត្រូវការលុយបន្ទាន់ជាដើម។

លោកក៏បានសង្កត់ធ្ងន់ថា មិនមែនការទិញផ្ទះមិនល្អនោះទេ តែបើសិនចំណូលនៅទាប គួរតែចាប់ពីតូចទៅ ហើយចាប់ផ្ដើមសន្សំ ដើម្បីចាប់ឱកាសធំ៕

អត្ថបទដោយ៖ នឹម ផានុន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES