ស្មាតហ្វូន Samsung ប៉ុន្មានម៉ូឌែលចុងក្រោយនេះ នឹងមានមុខងារពិសេសមួយសម្រាប់អ្នកចាយលុយឌីជីថល

Samsung គ្រោងនឹងបញ្ចេញស្មាតហ្វូនប៉ុន្មានម៉ូឌែលចុងក្រោយដើម្បីជួយឲ្យអ្នកជួញដូរក៏ដូចជាអ្នកចូលចិត្តចាយលុយឌីជីថលអាចចាយលុយរបស់ខ្លួននៅក្នុង App ដែលមានភ្ជាប់មកស្រាប់ជាមួយម៉ាស៊ីនស្មាតហ្វូនជំនាន់ក្រោយៗ ។

Samsung ហៅ Software សម្រាប់ទុកលុយឌីជីថលនេះថា Blockchain Keystore ដែលអាចឲ្យអ្នកប្រើប្រាស់ ទុកលុយនៅក្នុងស្មាតហ្វូនខ្លួនឯងផ្ទាល់តែម្តង មិនចាំបាច់ទុកនៅតាមផ្លេតហ្វមជួញដូរដូចសព្វថ្ងៃទេ ។ private keys សម្រាប់ចាយលុយនឹងទុកក្នុងទូរស័ព្ទផ្ទាល់ បើគិតមើលទៅវាស្រដៀងគ្នានឹងទុកទិន្នន័យ fingerprint នៅក្នុងទូរស័ព្ទ នៅពេលដែលអ្នកស្កេនដោះសោទូរស័ព្ទដែរ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានបរទេស decrypt ។

Blockchain Keystore ត្រូវបានដាក់ឲ្យប្រើកាលពីខែមិនា ឆ្នាំ ២០១៩ នេះ ដែលអាចដំណើរការជាមួយកាក់ឌីជីថលដូចជា Ethereum និង ERC-20 ហើយកំណែទម្រង់ App ថ្មីនេះនឹងបើកឲ្យប្រើសម្រាប់ Bitcoin និង Klay ដែលជាលុយឌីជីថលរបស់កូរ៉េ ។

Blockchain Keystore ពេលនេះអាចប្រើបានតែនៅលើស្មាតហ្វូនថ្មីៗរបស់ Samsung តែប៉ុណ្ណោះដូចជា Galaxy S10e, S10, S10+, S10 5G, Note10 និង Note10+ ។

មិនមែនតែ Samsung ទេដែលបានធ្វើការលើកាបូបលុយឌីជីថលនេះ ក្រុមហ៊ុនស្មាតហ្វូនល្បីៗផ្សេងទៀតដូចជា Apple ក៏បានធ្វើការលើគម្រោងស្រដៀងគ្នានេះដែរ ដោយបានចេញ Apple’s CryptoKit ចំណែក LG បានចេញ ThinQ wallet ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Adtag for Mobile Grow:-
Online

RELATED ARTICLES