មេធំក្រុមចាបក្រហមថា បើអ្នកធ្វើរឿង៣នេះបាន កុំភ័យខ្លាចក្រ ហើយបើចង់ក្រក៏ពិបាកដែរ

ប្រិយមិត្តអ្នកនិយមតាមដានរាល់ការផ្សាយរបស់ Business Cambodia ប្រាកដជាបានស្គាល់រួចមកហើយ អំពីលោក សំ កុសល ដែលជានាយកប្រតិបត្តិក្រុមចាបក្រហម Business Cambodia។ ហើយលោកក៏ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបណ្តុះបណ្តាលផ្នែករកស៊ីដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជាផងដែរ។ ស្នាដៃនិពន្ធរបស់លោក មានដូចជាសៀវភៅ ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូថៅ និងសៀវភៅលក់អារម្មណ៍ ជាដើម។ នាពេលថ្មីៗនេះ លោកត្រៀមនឹងសម្ពោធសៀវភៅថ្មីមួយក្បាលថែមទៀត ដែលមានចំណងជើងថា "គោលការណ៍រកស៊ីរឹងមាំ"

ទន្ទឹមនឹងបទពិសោធន៍រកស៊ីដោយខ្លួនឯងផ្ទាល់អស់រយៈពេលជាង៦ឆ្នាំ លោក សំ កុសល បានបង្ហើបពីរឿងសំខាន់៣ ដែលមនុស្សគ្រប់រូបគួរធ្វើ ប្រសិនជាពួកគាត់មិនចង់ក្រ ដោយលោកបានបញ្ជាក់ថា បើមនុស្សគ្រប់គ្នាអាចធ្វើរឿងទាំងអស់នេះបាន ទោះបីជាពួកគេចង់ក្រក៏ពិបាកដែរ។ រឿងទាំងនោះ រួមមានដូចខាងក្រោម៖ 

១.​ ធ្វើការដើម្បីគោលដៅផ្ទាល់ខ្លួន៖ មេធំក្រុមចាបក្រហមរូបនេះ បានលើកឡើងថា ប្រសិនជាអ្នកចង់ក្លាយជាមនុស្សដែលមានសេរីភាពនៅក្នុងការរស់នៅ នាពេលអនាគត សូមអ្នកកុំធ្វើការឱ្យគេដើម្បីតែប្រាក់ខែ និងដើម្បីតែក្រុមហ៊ុនរីកចម្រើន​។ ចូរអ្នកធ្វើការដើម្បីខ្លួនឯងវិញ ពោលគឺធ្វើការទៅតាមជំនាញដែលខ្លួនឯង ស្រលាញ់និងចូលចិត្ត ហើយប្រឹងប្រែងធ្វើវាឱ្យអស់ពីសមត្ថភាព នោះអ្នកនឹងមិនធ្វើការឱ្យគេរហូតឡើយ។ 

២. ព្យាយាមអភិវឌ្ឍន៍ខួរក្បាល៖ អ្នកនិពន្ធសៀវភៅវ័យក្មេងរូបនេះ បានបញ្ជាក់ថា នៅពេលដែលបានចំណូលពីការងារ​ សូមអ្នកដកចំណូលមួយផ្នែកណាមួយ ដើម្បីយកមកអភិវឌ្ឍន៍សមត្ថភាពខួរក្បាលរបស់ខ្លួន។ ការអភិវឌ្ឍន៍សមត្ថភាពខួរក្បាលរបស់ខ្លួននៅទីនេះ មិនសំដៅតែការសិក្សានៅក្នុងសាលានោះទេ ពោលគឺអ្នកអាចទិញសៀវភៅយកមកអាន ចូលរួមសិក្សាវគ្គខ្លី និងចូលរួមសិក្ខាសិលាផ្សេងៗ ជាដើម។ 

៣. ចេញរកស៊ីដោយខ្លួនឯង៖ លោក សំ កុសល បានសង្កត់ធ្ងន់ទៀតថា នៅពេលដែលអ្នកធ្វើរឿងទាំងពីរខាងលើនេះបានហើយ នៅមានរឿងសំខាន់មួយទៀតដែលអ្នកត្រូវធ្វើ ដើម្បីជៀសផុតពីភាពក្រីក្រនោះ គឺការចេញរកស៊ីដោយខ្លួនឯង។ លោកបានពន្យល់ថា មានតែការចេញរកស៊ីដោយខ្លួនឯងទេ ដែលជាជម្រើសល្អបំផុត។ ហើយត្រូវចាំថា កុំចាំទាល់តែមានអ្វីគ្រប់យ៉ាងដូចជាដើមទុន ក្រុមការងារ​ និងដៃគូរ ទើបចេញរកស៊ីឱ្យសោះ ៕ 

#ស្តាប់វីដេអូខាងក្រោមនេះបន្ថែម........

អត្ថបទដោយ៖ Meng Songly (LeEmon Biz)

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES