Rodrigo Duterte៖ពីក្មេងកម្ជិលមិនសូវចូលសាលា ក្លាយជាប្រធានាធិបតីល្បីឈ្មោះរបស់ហ្វីលីពីន

(ហ្វីលីពីន)៖ ប្រធានាធិបតីសម្តីកាចមុខមាំរបស់ហ្វីលីពីន Rodrigo Duterte ធ្លាប់ជាក្មេងកម្ជិល រៀនសូត្រដូចសាលាជាញឹកញាប់ ព្រោះតែមិនសូវគោរពបទបញ្ជាផ្ទៃក្នុងសាលា។​

Rodrigo Duterte កើតនៅក្នុងឆ្នាំ១៩៤៥ ក្នុងគ្រួសារថ្លៃថ្នូរមួយដែលមានឪពុកជាអ្នកនយោបាយ និងមានម្តាយជាគ្រូបង្រៀន ហើយលោកគឺជាកូនទី២ក្នុងចំណោមបងប្អូន៥នាក់។

កាលវ័យកុមារភាព Rodrigo Duterte មិនសូវចំណាយពេលច្រើនទេនៅក្នុងសាលា ហើយក៏មិនមែនជាក្មេងអាក្រក់អីដែរ គ្រាន់តែមិនសូវគោរពបទបញ្ជាផ្ទៃក្នុងសាលាប៉ុណ្ណោះ ហើយដោយសារតែលោកមិនសូវចូលសាលា មនុស្សភាគច្រើនរួមទាំងមិត្តរួមថ្នាក់ផង ចាត់ទុករូបលោកជាក្មេងកម្ជិល ប៉ុន្តែធាតុពិតជាក់ស្តែង ត្បិតលោកមិនសូវចូលថ្នាក់រៀន តែលោកកាន់សៀវភៅតាមខ្លួនរៀនខ្លួនឯងច្រើនបំផុត ពិសេសរៀនពីសង្គមខាងក្រៅ ច្រើនជាងក្នុងសាលា ដែលវាជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគិតរបស់លោក។​

Rodrigo Duterte បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ និងបរិញ្ញាបត្រច្បាប់នៅឆ្នាំ១៩៧២។ បន្ទាប់មកក៏ចាប់ផ្តើមការងារធ្វើការនៅការិយាល័អយ្យការ ក្នុងទីក្រុង Manila រហូតដល់ឆ្នាំ១៩៧៩ លោកបានបន្តធ្វើការងារជាជំនួយការព្រះរាជអាជ្ញា។

ក្រោយផ្លាស់ប្តូរតួនាទីការងារផ្សេងៗជាច្រើនរួមមក លោកចាប់ផ្តើមបោះជំហានចូលក្នុងឆាកនយោបាយនៅចុងឆ្នាំ២០០១ និងបានជាប់ជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០១៦ ក្នុងអាយុជាង៧០ឆ្នាំ។

ក្រោយឈ្នះឆ្នោតឡើងកាន់តំណែងភ្លាម លោកចាប់ផ្តើមបេសកម្មកែលម្អប្រទេស ដោយដាក់គោលដៅធ្វើសង្គ្រាមតែម្តងប្រឆាំងនឹងគ្រឿងញៀន ដែលគេហៅថាសង្គ្រាមគ្រឿងញៀន។ ការធ្វើសង្គ្រាមនេះប៉ះពាល់អាយុជីវិតមនុស្សមិនតិចនាក់ឡើង ប៉ុន្តែលទ្ធផល ការងារនេះសម្រេចជោគជ័យគួរឲ្យកោតសរសើរ។​

ក្រោយពេលសង្គ្រាមគ្រឿងញៀនរៀងស្ងប់ស្ងាត់បន្តិច លោកក៏ចាប់ផ្តើមបំផ្ទុះសង្គ្រាមមួយទៀត គឺសង្គ្រាមប្រឆាំងនឹងអំពើរពុករលួយក្នុងប្រទេស ដែលធ្វើឲ្យកក្រើកប្រទេសហ្វីលីពីនសារជាថ្មីម្តងទៀត ហើយរូបលោក នៅតែត្រូវអ្នកកាសែត អង្គការក្រៅរដ្ឋាភិបាល និងប្រទេសមួយចំនួនចោទថាផ្តាច់ការដដែលៗ តែទោះជាបែបនេះក្តី បុរសខ្លាំងរូបនេះមិនដែលនឹកនៀនឹងប្រកែកតវ៉ាអ្វីឡើយ។

បុរសខ្លាំងរបស់ហ្វីលីពីនរូបនេះ ធ្លាប់បានប្រកាសនៅក្រោយពេលការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅហ្វីលីពីន និងការរៀបប្រព័ន្ធនៃការគ្រប់គ្រងឡើងវិញក្នុងប្រទេសជិតបញ្ចប់ថា “លោកមានអាយុច្រើនហើយ កាន់តែចាស់ហើយ គ្មានមហិច្ឆតាអ្វីផ្សេងទេ និងហត់នឿយក្នុងការធ្វើជាមនុស្សផ្តាច់ការតទៅទៀតហើយ ដូចនេះលោកនឹងសុំលាឈប់ពីតំណែងចូលនិវត្តន៍នៅឆ្នាំ២០២០ មុនកាលកំណត់ដែលត្រូវបញ្ចប់នៅឆ្នាំ២០២២។”

ប្រធានាធិបតីវ័យ៧៣ឆ្នាំរូប ក៏ធ្លាប់មានប្រសាសន៍នៅពេលដែលមានការរិះគន់ពីប្រជាពលរដ្ឋហ្វីលីពីន អ្នកការសែត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនពាក់ព័ន្ធនឹងភាពផ្តាច់ការក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនយ៉ាងដូចនេះថា៖ “បើអ្នកនិយាយថាផ្តាច់ការ ពិតជាមិនខុសទេគឺខ្ញុំជាមនុស្សផ្តាច់ការ ពីព្រោះបើខ្ញុំមិនផ្តាច់ការទេ ប្រទេសនេះនឹងគ្មានអ្វីផ្លាស់ប្តូរទេ កូនល្ងង់!!!”

មនុស្សម្នានៅតែជេរ បន្ទោសបុរសខ្លាំងរូបនេះ ប៉ុន្តែគាត់នៅតែបន្តបោះជំហានបញ្ចប់ការងារដែលគាត់ចង់សម្រេចឲ្យបានមុនពេលគាត់ចុះចេញ។ ហើយជំហានបន្ទាប់នៃការកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន លោក Duterte កំពុងរៀបចំគោលនយោបាយបង្កើតការងារ ដើម្បីអូញទាញប្រជាជនរបស់ខ្លួនដែលបានរត់ទៅភៀសខ្លួនទៅជ្រកកោន និងធ្វើការងារនៅប្រទេសៗ ឲ្យវិលត្រឡប់មកធ្វើការងារនៅលើទឹកដីកំណើតវិញ ខណៈបច្ចុប្បន្ន ប្រជាជនហ្វីលីពីនមានចំនួនជាង១០៦លាននាក់ ហើយប្រជាជនប្រមាណជាង១០លាននាក់ កំពុងធ្វើការងារ និងជ្រកកោននៅតាមបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ក្នុងនោះនៅអាមេរិកមានជាង៣លាននាក់។

គួរជម្រាបផងដែរថា បច្ចុប្បន្ន ប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមរបស់ប្រជាជនហ្វីលីពីនអាចរកបានប្រមាណជាង៣,០០០ដុល្លារអាមេរិកក្នុងមួយនាក់។​

 

អត្ថបទដោយ Jimmy

Editor Business ASEAN

 

 

USNews Logo

RELATED ARTICLES