ផ្លូវជាតិលេខ១កំពុងស៊ិចស៊ីខ្លាំង ខណៈគម្រោងធំៗទាំង១០ បានបោះទីតាំងតាមបណ្តោយផ្លូវនេះ

ផ្លូវជាតិលេខ១កំពុងបង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួនខ្លាំង ខណៈគម្រោងធំៗជាច្រើនតាមដងផ្លូវនេះកំពុងតែរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ដែលអ្នកវិនិយោគទាំងតូច​ទាំងធំមិនគួរមើលរំលង។

ថ្ងៃនេះBusiness Cambodia នឹងលើកយកគម្រោងធំៗចំនួន១០ដែលបង្កើតឡើងដោយក្រុមហ៊ុនឯកជននិងគម្រោងធំរបស់រដ្ឋ ដែលធ្វើឱ្យផ្លូវជាតិលេខ១កំពុងបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនដែលជាទីគាប់នេត្រារបស់វិនិយោគិនគ្រប់រូប។សម្រាប់គម្រោងធំៗទាំង១០នេះរួមមាន៖

១.គម្រោងទីក្រុង​រណបថ្មី​នៅលើដីកោះនរាហ៍ របស់​ក្រុមហ៊ុន OCIC ដែល មានគម្រោង​អភិវឌ្ឍ​ទៅជាទីក្រុងរណបដូច​ទីក្រុងកោះពេជ្រលើ​ផ្ទៃដី​ទំហំ​១០០​ហិកតា​។ហើយកាលពីថ្មីៗនេះ ក្រុមហ៊ុនក៏បាននិងកំពុង​សិក្សា​លទ្ធភាព​សាងសង់​ស្ពាន​ និង​ផ្លូវ​ក្រោម​ទន្លេ​ពីទី​ក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុងកោះ​នរា​ហ៍ផងដែរ។

២.ផ្លូវជាតិដ៏ស៊ីវីល័យមួយនេះ គឺស្ថិតនៅក្នុងគំរោងផ្លូវសូត្រ ខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដែលភ្ជាប់ទៅកាន់ប្រទេសវៀតណាម។

៣. បុរី ប៉េង ហួត ដែលបានសម្រេចបើកគម្រោងចំនួន ៤គម្រោងព្រមគ្នាសុទ្ធស្ថិតនៅលើតំបន់សក្តានុពលខ្លាំងដោយឡែកពីគ្នា ព្រមទាំងមានផ្សារទំនើបខ្នាតអន្តរជាតិរបស់ខ្លួនថែមទៀត។មិនតែប៉ុណ្ណោះដោយសារការកកស្ទះនៅតំបន់នេះរដ្ឋបាលរាជធានីភ្នំពេញនិងក្រុមហ៊ុនបុរីប៉េងហួត ក៏បានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ផងដែរ។

៤.មជ្ឍមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយមាត់ទន្លេ មេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះសាងសង់លើផ្ទៃដីជាង១៣ហិកតា។ 

៥. គម្រោង​ផ្សារ​ទំនើប​ ECO Mall​ដ៏ធំបែបចម្រុះដែលសាងសង់ លើផ្ទៃដី​៦ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប២៦​ម៉ឺន​៨​ពាន់​ម៉ែត្រក្រឡាដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ​២០២១។

៦.ផ្សារ​សហគមន៍បែបទំនើប និងស៊ីវីល័យចម្ងាយប្រមាណប្រហែលជា៣គីឡូម៉ែត្រពីស្ពានច្បារអំពៅ នៅខាងឆ្វេងដៃដែលទើបតែបើកដំណើរការមានឈ្មោះថា The Park Community Mall ដែលមានលក្ខណៈស្រដៀងទៅនឹង TK Avenue ។

៧.ក្រុមហ៊ុនចិនឈ្មោះ Jiangxi Haihui Utility Co., Ltd. ក៏បានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតា តាមផ្លូវជាតិដ៏មានសក្ដានុពលមួយនេះ។ដែលមានទីតាំងនៅមុខសាលាខេត្តព្រៃវែង ហើយគម្រោងនេះក៏បានទទួលការស្វាគមន៍និងគាំទ្រពីខាងរាជរដ្ឋាភិបាលកម្ពុជារួចមកហើយ។

៨.គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដែលឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ។

៩.សាលា​រាជធានី​ភ្នំពេញ​ ក៏បាន​បង្ហាញ​ពី​គម្រោង​ផ្លាស់ប្ដូរ​រោងចក្រ​ និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​ ចេញពី​រាជធានី​ទៅ​តាំងនៅ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ពៅលគឺក្រោយការបញ្ចប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ។

១០.​គម្រោង​អភិវឌ្ឍ​ដ៏​ធំ​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ ប្រូ​ភើ​ធី​ ដែល​នឹង​គ្រោង​សាងសង់​ផ្លូវ​ទំហំ៦០ម៉ែត្រ​ តភ្ជាប់​ជាមួយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ រួម​ជាមួយ​គម្រោង​របស់​ក្រុមហ៊ុន​ជប៉ុន​ ដែល​អភិវឌ្ឍន៍​តំបន់​វាលស្រែ​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ រោងចក្រ​ និង​តំបន់​លំ​ហែរ​កាយ​ជាដើម។

ក្រៅពីគម្រោងធំៗទាំង១០ នេះ ក៏នៅមានគម្រោងអភិវឌ្ឍន៍តូចធំជាច្រើនទៀតដែល ជះឥទ្ធិពលដល់តំបន់ផ្លូវជាតិលេខ១នេះ។គួរបញ្ជាក់ផងដែរថា ផ្លូវ​ជាតិ​លេខ១នេះ គឺជា​សរសៃ​ឈាម​ដ៏​សំខាន់​មួយ​សម្រាប់​តភ្ជាប់​ខេត្ត​ភាគ​អាគ្នេយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្ដាល មក​កាន់​រាជធានី​ភ្នំពេញ។

អត្ថបទ៖ ភោគ​ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES