





នៅក្នុងដំណើរពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៦ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ ៤ នឹងត្រូវបើកឲ្យដំណើរការឡើងវិញនៅពេលវេលាម៉ោង ១២ យប់នេះ ដើម្បីសម្រួលចរាចរដឹកទំនិញពីកំពងផែមករាជធានីភ្នំពេញ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបញ្ជាក់ថា ការបើកនេះគឺដោយសារពិនិត្យឃើញថា ស្ថានភាពទឹកនៅតាមបណ្ដោយផ្លូវជាតិមួយនេះមានការថយចុះ និងដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញពីកំពង់ផែក យកមករាជធានីភ្នំពេញ។ ហើយបើតាមការផ្ដល់ដំណឹងរបស់ក្រសួងធនធានទឹក តំបន់ខ្លះនៃផ្លូវនេះ អត់មានភ្លៀងធ្លាក់ទៀតនោះទេ។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ចំពោះផ្លូវជាតិលេខ ៣ និងលេខ ៥ នៅមិនទាន់អនុញ្ជាតឲ្យរថយន្ដដឹកទំនិញធំៗធ្វើដំណើរនៅឡើយទេ ព្រោះនៅមានកន្លែងខ្លះត្រូវទឹកជន់លិចនៅឡើយ។ បុន្ដែយ៉ាងយូរ ២ ទៅ ៣ ថ្ងៃទៀតអាចនឹងបើកឲ្យដំណើរការហើយ ដោយពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង។
គួរជម្រាបផងដែរថា ផ្លូវជាតិលេខ ៤ និងផ្លូវជាតិជាច្រើនខ្សែទៀតត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ននូវរថយន្ដដឹកជំនិញធំៗដើម្បីការពារការខូចខាតផ្លូវ និងការពារគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុ ខណៈទឹកជំនន់បានជន់លិចខ្លាំង៕