មេHuawei បង្ហើបពីមូលហេតុលោកលាក់មុខមិនសូវចេញតាមបណ្តាញផ្សព្វផ្សាយ៣ទសវត្សរ៍មកនេះ

ក្រោយពេលក្រុមហ៊ុនផលិតផលលំដាប់ពិភពលោករបស់ចិន Huawei មានរឿងចោទប្រកាន់ជាហូរហែឥតដាច់ ធ្វើឱ្យបិតា Huawei លោក Ren Zhengfei ចាប់ផ្តើមបង្ហាញមុខនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ក្នុងគោលដៅបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនទៅកាន់ពិភពលោក ពិសេសអាមេរិកផ្ទាល់តែម្តង។​

នៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បណ្តាសារព័ត៌មានលំដាប់មកពីគ្រប់ទិសទីបានជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងលោកមហាសេដ្ឋី Ren Zhengfei ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួន ក្រុមហ៊ុន និងយុទ្ធសាស្ត្រដឹកនាំក្រុមហ៊ុន ក៏ដូចជាដំណោះស្រាយផ្សេងៗជុំបញ្ហាអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថាជាដៃជើងរដ្ឋាភិបាលចិន លួចប្រមូលទិន្នន័យ ព័ត៌មានរបស់អាមេរិក និងការចោទប្រកាន់មួយទៀតដែលថា ក្រុមហ៊ុននេះ លួចចំលងនូវបច្ចេកវិទ្យារបស់អាមេរិក។

ការបង្ហាញមុខផ្តល់បទសម្ភាសន៍ជាប្រវត្តិសាស្ត្ររបស់លោក Ren Zhengfei កំពុងបើកបង្ហាញយ៉ាងស៊ីជម្រៅចំពោះដើមកំណើន និងទស្សនៈនៃក្រុមហ៊ុនមួយនេះទៅអនាគត ហើយនេះក៏ជាឱកាសដ៏កម្រមួយដែរ ដែលធ្វើឱ្យក្រុមហ៊ុននេះល្បីកាន់តែខ្លាំងដោយមិនបាច់ហត់ចាយលុយធ្វើទីផ្សារច្រើន។ 

បិតាក្រុមហ៊ុន Huawei ដែលជាបច្ចេកវិទ្យាអ៊ីនធើណេតឈានមុខគេលើពិភពលោក លោក Ren Zhengfei បានបង្ហើបប្រាប់ថា៖ កន្លងមកលោកមិនចូលចិត្តចេញមុខផ្តល់បទសម្ភាសន៍ផ្សេងៗ គឺព្រោះតែជីវិតរបស់លោក ឆ្លងកាត់រឿងឈឺចាប់ច្រើន កើតចេញពីជីវិតអត់ឃ្លាន ធ្វើជាទាហានដេកតាមសំយាបផ្ទះគេ នៅក្រោមសីតុណ្ហភាពដកសូន្យ ហើយជីវិតគ្រួសារទៀតសោត ក៏មិនសូវមានភាពកក់ក្តៅ នៅពេលដែលលោកបង្កើតក្រុមហ៊ុន Huawei ឆ្នាំ១៩៨៧ ដោយដាក់ជីវិតជាមួយនឹងក្រុមហ៊ុន ធ្វើការគ្មានសម្រាក មិនសូវមានពេលផ្តល់ឱ្យកូនៗទាំង៣របស់លោក។

គួរជម្រាបផងដែរថា Huawei រកចំណូលបានជាង១០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ លក់ចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាង១៧០នៅលើពិភពលោក៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO Phsar Khmer

 

RELATED ARTICLES