Xiaomi លក់ទូរស័ព្ទទាំងមិនសូវចំណេញ តែនៅអាចរកលុយបានខ្ទង់ពាន់លានដុល្លារព្រោះមូលហេតុនេះ

យីហោស្មាតហ្វូន Xiaomi ត្រូវ​បានគេស្គាល់ថា​ជាយីហោស្មាតហ្វូន​ដែលលក់នៅក្នុង​តម្លៃ​ទាប ឯគុណភាពវិញមិនចាញ់ស្មាតហ្វូន​យីហោ​ទូរស័ព្ទដ៏ទៃប៉ុន្មាននោះទេ ប៉ុន្តែ​ប្រហែលជាមិនសូវ​មានអ្នកដឹង​ទេថាការលក់ទូរស័ព្ទ​ក្នុង​តម្លៃទាបនេះ Xiaomi មិនបានចំណេញប៉ុន្មាននោះទេ។

Xiaomi យកតែរួច​ថ្លៃដើម​ហើយប្រាក់ចំណេញ ២ទៅ ៥%តែប៉ុណ្ណោះខណៈដែលស្មាតហ្វូន​ដ៏ទៃ​យក​ចំណេញមិនក្រោម ៥០%នៃថ្លៃដើមនោះទេ។

យីហោចិន​មួយនេះលក់តម្លៃទាប​ជាង​គេដូច្នេះមិនមែនដោយសារតែ​ចង់​ទាក់​ទាញអតិថិជន​ពេលដំបូង ហើយ​ចាំតម្លើង​ថ្លៃនាពេលក្រោយអ្វីនោះ ប៉ុន្តែ Xiaomi មាន​វិធីផ្សេងក្នុង​ការរកលុយ ដើម្បី​ដំណើរ​ប្រតិបត្តិការ​ក្នុងក្រុមហ៊ុន និង​ពង្រីកអាជីវកម្ម។

យុទ្ធសាស្ត្រ​ដែល Xiaomi ប្រើមិនសូវ​ជាខុស​ពី Apple ប៉ុន្មាននោះទេ គឺជាការ​បង្កើត​ជាកម្មវិធីក្នុង​ទូរស័ព្ទ​ខ្លួនមាន​ស្រាប់​ ហើយ​ធ្វើកា​រ​លក់សេវាកម្ម​ពីកម្មវិធី​ទូរស័ព្ទ​ទាំង​នោះមកវិញ ដែលកម្មវិធីទាំង​នោះមានដូចជាកម្មវិធីស្ដាប់តន្ត្រី ទស្សនា​ខ្សែរភាពយន្ត ឬកម្មវិធីកម្សាន្ត​ផ្សេងៗជាដើម។

ដើម្បី​ឱ្យចំនួនអ្នកជាវ​ប្រចាំខែ ឬ Subscribe នោះមានចំនួនច្រើន​ទទួលបានផលចំណេញបាន Xiaomi ចាំបាច់ត្រូវ​លក់ទូរស័ព្ទ​ឱ្យបានច្រើន តាមរយៈការ​លក់​នៅក្នុង​តម្លៃ​ស្ទើរ​មិនចំណេញនេះឯង ខុស​ពី Apple បន្តិច​ត្រង់​ថា Apple លក់ថ្លៃហើយ មាន​កម្មវិធី​និង​សេវាកម្ម​ឱ្យអតិថិន​ខ្លួន​ដើម្បី​រកចំណូលបន្ថែមទៀត។

ហេតុ​នេះហើយបានជាអតិថិជន​នៅចិន​ភាគច្រើន​ពេលដែលទិញ​ទូរស័ព្ទ​ Xiaomi ភាគច្រើន​សង្កេត​ឃើញថាមាន​កម្មវិធីទូរស័ព្ទ​ផ្សេង​ៗ​មាននៅក្នុង​ទូរស័ព្ទ​ខ្លួនស្រេច​បើ​ទោះជា​ទើបពីទិញ​បើកប្រអប់​ហើយថ្មីៗក៏ដោយនោះ។

ព្រោះតែតម្លៃថោកជាង​គេ​នេះហើយ កាលពីឆ្នាំទៅមិញ Xiaomi លក់ទូរស័ព្ទ​បាន​ប្រមាណរហូតដល់ទៅ ១១៨.៧លានគ្រឿង​ ​បានចំណូល​ ១៦ពាន់លានដុល្លារ​ ខណៈដែលប្រាក់ចំណូល​សរុបមានប្រមាណ​ ២៦ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរ ក្រៅតែពី Smartphone ក្រុមហ៊ុនចិន Xiaomi ក៏មានធ្វើគ្រឿង​ឧបករណ៍អេឡិចត្រូនិក​ផ្សេងៗទៀត​ផងដែរ ដូចជាកង់ឬស្គីរ​អគ្គសនី ម៉ូតូអគ្គិសនី បរិក្ខា​ក្នុង​ផ្ទះ ក៏ដូចជាចង្ក្រានបាយទំនើបជាដើម ក្នុង​តម្លៃ​មួយហាក់ទាបជាង​ដៃគូរ​ប្រកួត​ប្រជែង​បន្តិច​ដែរ។៕

អត្ថបទដោយ៖ ហួត សុធារ៉ា

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES