រដ្ឋាភិបាល ជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាពង្រឹងគុណភាព ខណៈដែលវិស័យមួយនេះជាសរសរស្តម្ភនៃសេដ្ឋកិច្ចជាតិ

រាជធានីភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទូចនិងជំរុញឱ្យបណ្តាក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាខិតខំពង្រឹងសមត្ថភាពនិងគុណភាពដើម្បីអាចប្រកួតប្រជែងគ្នាដោយតម្លាភាពនៅលើទីផ្សារនិងទទួលបានប្រយោជន៍ក្នុងរយៈពេលវែង។

មានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងនិងទទួលពានរង្វាន់ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៩កាលពីព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នៅសណ្ឋាគារលូមៀរេស៊ីដេនឯកឧត្តមនងពិសិដ្ឋប្រធាននាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថាបច្ចុប្បន្ននេះដោយសារតែសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជាប់ជាប្រចាំដែលរក្សាបានកំណើនក្នុងរង្វង់៧%ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះជាពិសេសភាពរីកចម្រើនយ៉ាងខ្លាំងនៃវិស័យសំណង់និងអចលនទ្រព្យបានធ្វើឱ្យកើតមានក្រុមហ៊ុនអចលនទ្រព្យជាច្រើនកើតមានជាបន្តបន្ទាប់រាប់រយក្រុមហ៊ុន។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា“ក្រុមហ៊ុនអចលនទ្រព្យមានច្រើនរាប់រយក្រុមហ៊ុនប៉ុន្តែក្រុមហ៊ុនដែលស្របច្បាប់មានការចុះបញ្ជីរត្រឹមត្រូវមានអជ្ញាប័ណ្ណប្រតិបត្តិការដែលទទួលស្គាល់ដោយក្រសួងគឺមានត្រឹមតែ២០៥ក្រុមហ៊ុនតែប៉ុណ្ណោះ។ចំណុចនេះគឺជាក្តីបារម្ភមួយយ៉ាងខ្លាំងដែលអាចនឹងធ្វើឱ្យមានផលប៉ះពាល់និងអស់ទំនុកចិត្តពីសំណាក់បណ្តាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍នានាដែលមានបំណងចូលមកកាន់ទីផ្សារកម្ពុជា”។

ជាមួយគ្នានេះឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្តបណ្តាក្រុមហ៊ុននានាឱ្យចូលរួមអនុវត្តតាមច្បាប់មកចុះបញ្ជីនិងស្នើសុំអជ្ញាប័ណ្ណឱ្យបានត្រឹមត្រឹមដើម្បីពង្រឹងគុណភាពផ្តល់ទំនុកចិត្តដល់បណ្តាអ្នកវិនិយោគនានានិងទាក់ទាញបន្ថែមមកកាន់ទីផ្សារកម្ពុជា។

លោកTom O'Sullivan នាយកប្រតិបត្តិនៃRealestate.com.kh បានមានប្រសាសន៍ថាការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុភ្នាក់ងារអចលនវត្ថុនិងក្រុមហ៊ុនវាយតម្លៃនិងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។អ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។

ដំណើរការនៃការកាត់សេចក្ដីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុមហ៊ុនគណនេយ្យនិងសវនកម្ម "Cambodian Investment Management"ដើម្បីធានាថាបាននូវសុក្រិតភាព។នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈបានធ្វើរួចរាល់បេក្ខភាពចុងក្រោយនិងអ្នកពាក់ព័ន្ធក្នុងវិស័យនឹងត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់និងពិធីលាងសាយភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់នៅត្រឹមថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នៅសណ្ឋាគារសូហ្វីតែល។

បេក្ខភាពវគ្គផ្តាច់ព្រ័ត្រនិងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយនិងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ឬក្រុមហ៊ុននីមួយៗ៕

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES