ថៅកែប៊័ររតនគីរី បង្ហើបប្រាប់ក្បួនដែលធ្វើឲ្យចំការប៊័ររបស់ខ្លួនអាចប្រមូលផលបាន ៣ ដង/ឆ្នាំ

 

បច្ចុប្បន្នដាំណាំប៊័រកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសប្រជាកសិករនៅខេត្ដរនតគិរីនិងមណ្ឌលគិរីបានងាកមកដាំដំណាំប៊័រ ព្រោះវាដំណាំដែលមានសក្ដានុពល។ 

ក្នុងនោះដែរ លោក វ៉ាន់ សោភាដែលជាម្ចាស់ចំការផ្លែប៊័រមួយកន្លែងនៅក្នុងភូមិ ថ្មដា សង្កាត់ បឹងកន្សែង ស្រុកបាលុង ខេត្ដរតនគិរី បានមានប្រសាសន៍ថាការដាំផ្លែប៊័ររបស់លោកនាពេលបច្ចុប្បន្ននេះ គឺលោកមិនបានយកពូជផ្លែប័រមកពីក្រៅប្រទេសនោះទេ គឺលោកយកគា្រប់ពូជនៅក្នុងស្រុកមកដាំតែម្ដង។

លោក វ៉ាន់ សោភា បានបន្ដទៀតថា ការជ្រើសរើសពូជយកមកដាំរបស់ចំការលោកគឺមានលក្ខណៈខុសប្លែកពីចំការផ្សេងៗទៀត ដែលនាំពូជពីខាងក្រៅមកបំបៅជាដើម។

ម្ចាស់ចំការផ្លែរូបនេះបានឲ្យដឹងថា លោកបានដាំប័រនេះរយៈពេល ៣ ឆ្នាំមកហើយ នៅលើផ្ទៃដី ២ ហិចតា។ ហើយការដាំប៊័រនេះគឺលោកដាំទៅតាមលក្ខណៈធម្មជាតិ ដោយដំបូងលោកយកគ្រាប់ពូជមកបណ្ដុះក្នុងថង់ ហើយស្រោចទឹក។ បន្ទាប់ពីគ្រាប់ពូជនោះចេញពន្លកនិងដុះចេញជាដើមរុក្ខជាតិបានប្រវែងមួយចង្អាមហើយ ទើបលោកយកកូនដើមប័រនោះទៅដាក់ដាំ។

ចំពោះការដាក់ដាំនេះគឺលោកកប់កូនប៊័រក្នុងជម្រៅពី ២០ ទៅ ៣០ សង់ទីម៉ែតប៉ុណ្ណោះ ហើយដាក់ជីធម្មជាតិនិងស្រោចទឹកជាការស្រេច។ ទាំងនេះគឺជាវិធីសាស្រ្ដក៏ដូចជាបទពិសោធន៍ដែលធ្លាប់ប្រើកន្លងមក។

ពិសេសជាងនេះទៀតនោះ គឺថាចំការផ្លែប័ររបស់លោកគឺអាចប្រមូលផលបានវិលជុំ គឺក្នុងមួយឆ្នាំលោកប្រមូលផលប៊័របាន ៣ ដង។ ដែលក្នុងម្ដងលោកលក់បានរហូតដល់ទៅ ៧ ទៅ ៨ តោនឯណោះ ហើយក្នុងមួយគីឡូតម្លៃ ១០០០០ រៀល។ ដូច្នេះមានន័យថា ក្នុងការប្រមូលផលម្ដង លោកអាចប្រាក់ចំណូលបានពី ៧០ លាន ទៅ ៨០ លានរៀល ចឹងលោកអាចរកចំណូលបានពីចំការប៊័រនេះប្រហែល ២៤០ លានរៀលក្នុងមួយឆ្នាំ។

លោក វ៉ាន់ សោភា បានបញ្ជាក់ទៀត ដោយសារតែផ្លែប៊័ររបស់លោកទទួលបានទិន្នផលខ្ពស់និងមានការគាំទ្រនិងបញ្ជាទិញច្រើន លោកនឹងសម្រេចថានិងពង្រីកដីដាំប៊័រនេះ ៣ ហិចតាទៀត៕

អត្ថបទដោយ៖ សារ ធូរ៉ា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES