ចង់រកស៊ីតែគ្មានលុយ យុវជនម្នាក់នេះ យកម៉ូតូទៅបញ្ចាំបានលុយ៣០០$ មកលក់មីញ៉ាំតាមផ្លូវ

ព្រោះតែជីវភាពគ្រួសារលំបាក ហើយដោយសារខ្លួនមានជំនាញធ្វើមីញ៉ាំ និងមានចិត្តចង់ចេញរកស៊ីស្រាប់ផង បានជំរុញឱ្យនិស្សិតឆ្នាំទីមួយម្នាក់ ហ៊ានយកម៉ូតូរបស់ខ្លួនទៅបញ្ចាំនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានប្រាក់ចំនួន ៣០០ដុល្លារអាមេរិក សម្រាប់មកធ្វើរទះលក់មីញ៉ាំតាមចិញ្ចើមផ្លូវ រហូតអាចវិវត្តន៍ខ្លួនបន្តិចម្តងៗ ក្លាយទៅជាអ្នកផ្គត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនឆុងកាហ្វេមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។

ស្តាប់ការរៀបរាប់ខាងលើនេះ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រហែលជាមានអារម្មណ៍ចម្លែកនៅក្នុងចិត្តហើយមែនទេ? ថាហេតុអ្វីលក់មីអប់សុខៗ បែរមកក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនឆុងកាហ្វេទៅវិញ? អាស្រ័យហេតុនេះ Business Cambodia នឹងធ្វើការបកស្រាយសាច់រឿងលម្អិតរបស់លោក វី ច័ន្ទ្ររង្សី ស្ថាបនិក Alarm Clock ដែលជាសហគ្រិនចិត្តសឿងហ៊ានយកម៉ូតូទៅបញ្ចាំ ដើម្បីបានលុយមករកស៊ីខាងលើនេះ។

លោក វី ច័ន្រ្ទរង្សី បានចេញរកស៊ីជាអ្នកលក់មីញ៉ាំនៅក្នុងឆ្នាំ២០១៦ ដោយការចាប់ផ្តើមដំបូងរបស់គាត់មានតែរទះរុញមួយតែប៉ុណ្ណោះ។ គាត់បានចំណាយពេលលក់មីញ៉ាំតាមរទះនៅមុខវិទ្យាល័យទួលទំពងអស់រយៈពេលជាង ៦ខែ ទើបគាត់អាចវិវត្តន៍ខ្លួនមួយកម្រិតទៀត ទៅជារទះធំជាងពីមុន និងមានលក់កាហ្វេបន្ថែម ហើយតម្លៃធ្វើរទះអស់ជាង ១ពាន់ដុល្លារ ខណៈរទះដំបូងតម្លៃមិនដល់ ៣០០ដុល្លារនោះទេ។ 

ថ្លែងប្រាប់ Business Cambodia ទាំងអារម្មណ៍ក្តុកក្តួល សហគ្រិនមានដើមកំណើមកពីខេត្តព្រះសីហនុរូបនេះ បាន​ឱ្យដឹងថា ក្រោយពីវិវត្តន៍ខ្លួនទៅជាអ្នកលក់កាហ្វេនិងមីញ៉ាំ អាជីវកម្មរបស់លោកក៏ចេះតែរីកចម្រើនទៅមុខជាលំដាប់ ព្រោះពេលនោះកាហ្វេកំពុងតែចាប់ផ្តើមផ្ទុះខ្លាំង រហូតអាចឱ្យគាត់ពង្រីកសាខាជាបន្តបន្ទាប់ ដោយក្នុងមួយខែ សាខាខ្លះអាចរកប្រាក់ចំណេញជិត ២ពាន់ដុល្លារឯណ្ណោះ។

សហគ្រិនរូបនេះ បានបន្តថា នៅពេលដែលអាជីវកម្មលក់កាហ្វេរបស់គាត់កាន់តែរីកចម្រើន គាត់ក៏បានមើលឃើញថា របរមួយនេះ ពីរទៅបីឆ្នាំក្រោយប្រាកដជាលក់លែងបានច្រើនតទៅទៀតហើយ ព្រោះនឹងមានគេបើកបន្តកន្ទុយគ្នាមិនខាន ដូច្នេះគាត់ក៏ខិតខំប្រមូលលុយ និងសិក្សាបន្ថែមទៅលើការនាំចូលកាហ្វេ និងម៉ាស៊ីនឆុងកាហ្វេ ដើម្បីវិវត្តន៍ខ្លួនទៅជាអ្នកផ្គត់ផ្គង់ឱ្យគេវិញម្តង។ ហើយការមើលឃើញនេះ ពិតជាដូចការគិតរបស់គាត់មែន ព្រោះក្នុងពេលបច្ចុប្បន្ននេះ កន្លែងលក់កាហ្វេកំពុងតែរីកដូចផ្សិត។

លោក វី ច័ន្ទ្ររង្សី បានរំលឹកថា ពេលចេញរកស៊ីជាអ្នកលក់មីញ៉ាំតាមរទះដំបូង រឿងទីមួយដែលគាត់ត្រូវប្រឈមមុខនោះ គឺរឿងខ្មាសគេ។ លោកបានលើកឡើងថា ទោះបីជាពេលនោះ គាត់បានប្រាប់ខ្លួនឯងថា មុខរបរអ្វីក៏ដោយ ឱ្យតែត្រឹមត្រូវទោះតូចឬធំវាមិនមែនជារឿងខ្មាសគេទេ ប៉ុន្តែទោះបីជាគាត់តែងតែប្រាប់ខ្លួនឯងបែបនេះក៏ដោយ ក៏គាត់នៅតែមានអារម្មណ៍ខ្មាសគេជានិច្ច ហើយមិនចង់ឱ្យគេឃើញឡើយ។

ស្ថាបនិក Alarm Clock ខាងលើនេះ បានសង្កត់ធ្ងន់ដែរថា មានមនុស្សជាច្រើន មិនអាចចេញរកស៊ីបាន ព្រោះតែពួកគាត់មានអារម្មណ៍ខ្មាសគេនេះឯង។ ពួកគាត់គិតតែពីរឿងបើកហាងធំ និងបើកក្រុមហ៊ុនធំ ពួកគាត់មិនព្រមចាប់ផ្តើមពីតូចនោះទេ ដូច្នេះនៅទីបញ្ចប់ពួកគាត់នៅតែធ្វើការឱ្យគេរហូត។ ដូចខ្ញុំពីមុនអ៊ីចឹង ខ្ញុំគិតតែពីរឿងបើកហាងធំ ខ្ញុំមិនបានគិតដល់ការលក់នៅតាមចិញ្ចើមផ្លូវនោះទេ ហេតុនេះហើយ ទើបធ្វើឱ្យខ្ញុំមិនអាចចាប់ផ្តើមបាន។ នៅក្នុងការរកស៊ី យើងមិនអាចចាំទាល់តែចេះជំនាញគ្រប់មុខ មានដើមទុនគ្រប់គ្រាន់ទើបចេញរកស៊ីបាននោះទេ យើងត្រូវមានក្តីស្រមៃឱ្យធំ ហើយចាប់ផ្តើមឱ្យតូច ៕ 

ចង់បានម៉ាស៊ីនឆុងកាហ្វេល្អ អាចទាក់ទងគាត់បាន 098200927

សូមចាំអានមេរៀនល្អៗជាច្រើនទៀតពីលោក វី ច័ន្រ្ទរង្សី នៅក្នុងអត្ថបទក្រោយ...............

អត្ថបទដោយ៖ Meng SonglY (LeEmon Biz)           

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES