ស្ថាបនិក Queen Bee បង្ហើបចំណុចពិសេស៣ អាចវិវត្តន៍ខ្លួនពីរទេះកង់បី មកមានហាងចំនួន១០

បើនិយាយពីយីហោភេសជ្ជៈតែគុជ Queen Bee Café ប្រាកដណាស់ថា មានយុវវ័យខ្មែរយើងជាច្រើនធ្លាប់បានឃើញ និងភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់យីហោកូនខ្មែរមួយនេះជាក់ជាមិនខាន។ ហើយប្រហែលជាដឹងទៀតថា យីហោភេសជ្ជៈតែគុជមួយនេះ មានម្ចាស់ដែលជានារីរូបស្រស់ ធ្លាប់ធ្វើការងាររកចំណូលបានខ្ទង់ពាន់ដុល្លារ តែបែរមកធ្វើរទេះលក់កាហ្វេតាមចិញ្ចើមផ្លូវតម្លៃ ៣០០០រៀលទៅវិញ មុនពេលដែលអាចវិវត្តន៍ខ្លួនមកជាយីហោមានហាងចំនួន១០ ដូចសព្វថ្ងៃ។ 

Queen Bee Café ជាយីហោម៉ាកល្បីមួយនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានកកើតឡើងក្នុងឆ្នាំ២០១៥ ដោយមានស្ថាបនិកវ័យក្មេង អ្នកស្រី ញៀវ យិនហ្គេច។ យីហោកូនខ្មែរមួយនេះ បានវិវត្តន៍ខ្លួនពីការលក់តាមរទេះ មកជាយីហោមានហាងត្រឹមត្រូវ ដោយប្រើពេលមិនដល់មួយឆ្នាំឡើយ ប៉ុន្តែមុនពេលអាចក្លាយជាយីហោមួយមានហាងត្រឹមត្រូវ Queen Bee ក៏ធ្លាប់រកស៊ីខាតអស់រយៈពេលបីខែដំបូងជាប់ៗគ្នាដែរ។ ទន្ទឹមនឹងភាពជោគជ័យខ្លាំងបែបនេះ Business Cambodia សូមលើកយកចំណុចពិសេស៣ ដែលធ្វើឱ្យយីហោមួយនេះ អាចពង្រីកខ្លួនដូចបច្ចុប្បន្ន៖  ចំណុចពិសេសទាំងនោះ រួមមានដូចខាងក្រោម៖ 

១. ថ្មីប្លែករាល់ខែ​៖ ថ្លែងប្រាប់ក្រុមការងារ Business Cambodia អ្នកស្រី យិនហ្គេច បានឱ្យដឹងថា រឿងសំខាន់បំផុតមួយដែលធ្វើឱ្យយីហោតែគុជរបស់គាត់ អាចឈរជើងបានមកទល់នឹងបច្ចុប្បន្ន ហើយអាចពង្រីកសាខាបានរហូតដល់ទៅ ១០សាខានោះ គឺដោយសារតែ Queen Bee យកចិត្តទុកដាក់ខ្លាំងទៅលើការបង្កើតផលិតផលថ្មីៗជារៀងរាល់ខែ។ ជាក់ស្តែង ដូចបច្ចុប្បន្ននេះ យីហោតែគុជ Queen Bee មានភេសជ្ជៈប្រមាណជាង ៧០មុខឯណ្ណោះ។ 

អ្នកស្រី យិនហ្គេច បានបញ្ជាក់ដែរថា “តាមពិតទៅ មូលហេតុដែលធ្វើឱ្យអាជីវកម្មរបស់គាត់ កាលពីមុនឡើយ រកស៊ីខាតជារៀងរាល់ខែ ក៏ដោយសារគាត់មិនមានផលិតផលថ្មីសម្រាប់អតិថិជននេះឯង។​ ហេតុនេះហើយ ទើបគាត់ព្យាយាមស្វែងរក និងដេញតាមចំណងចំណូលចិត្តអតិថិជនជានិច្ច តាមរយៈការបង្កើតផលិតផលថ្មី និងឆ្លៀតទៅរៀនដល់ក្រៅប្រទេស ដើម្បីយកចំណេះដឹងថ្មី មកអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ជាដើម” ។ 

២. ការជ្រើសទីតាំង៖ បើយើងចាប់អារម្មណ៍តែបន្តិច យើងនឹងសង្កេតឃើញថា គ្រប់សាខាទាំងអស់របស់យីហោតែគុជ Queen Bee សុទ្ធតែជ្រើសរើសទីតាំងណាដែលត្រូវនឹងអតិថិជនគោលដៅរបស់ខ្លួន។ ជាក់ស្តែង សាខានីមួយៗរបស់ Queen Bee សុទ្ធតែនៅជិតសាលារៀន កន្លែងធ្វើការ ដែលមានសិស្ស និស្សិត និងបុគ្គលិកធ្វើការផ្សេងៗ ជាដើម។ 

សហគ្រិនស្រ្តីវ័ងក្មេងខាងលើនេះ បានបញ្ជាក់ប្រាប់ថា គ្រប់អ្នកដែលចង់មកទិញសិទ្ធអាជីវកម្មពីខាងគាត់ គាត់តែងតែតម្រូវឱ្យអ្នកនោះ មានទីតាំងណាដែលសំបូរទៅដោយសិស្សសាលា និងអ្នកធ្វើការផ្សេងៗជានិច្ច។ ព្រោះការជ្រើសរើសទីតាំងក្នុងការបើកហាង គឺជាចំណុចស្លាប់មួយរបស់អាជីវកម្ម ដែលផ្តោតលើវិស័យម្ហូបអាហារ និងភេសជ្ជៈ។ 

៣. សេវាកម្ម៖ ជាការពិតណាស់ គ្រប់អាជីវកម្មទាំងអស់ មិនថាតែអាជីវកម្មលក់ចេកចៀននោះទេ ប្រសិនជាមិនយកចិត្តទុកដាក់ខ្លាំង លើការផ្តល់សេវាកម្មដល់អតិថិជនទេនោះ ប្រាកដជាបាត់ម៉ូយអស់ជាក់ជាមិនខាន។ ហើយសម្រាប់អ្នកស្រី យិនហ្គេច វិញ​ គាត់បានបញ្ជាក់ដែរថា ការផ្តល់សេវាកម្មសម្រាប់អតិថិជន ក៏ជាចំណុចពិសេសមួយ​ ដែលជួយឱ្យអាជីវកម្មរបស់គាត់ទទួលបានជោគជ័យផងដែរ។ ជាក់ស្តែង ដូចជាការផ្តល់សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់អតិថិជនណានៅជិតហាង ឬតាមតំបន់ណាមួយដែល Queen Bee បានកំណត់ផ្សេងៗ ជាដើម ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

Adtag for Mobile Grow:-
Online

RELATED ARTICLES