QPark៖ ចោលប្រាក់ខែខ្ពស់ ចោលជំនួញជោគជ័យ មកច្រៀងរាំឆ្កួតៗលើប្រព័ន្ធផ្សព្វផ្សាយកើបលុយម៉ឺនដុល្លារ

QPark ជារហ័សនាម និងឈ្មោះកាត់របស់តារាល្បីឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនមួយ ដែលជាជនជាតិកូរ៉េ ធ្លាប់ជាបុគ្គលិកធ្វើការងារប្រាក់ខែខ្ពស់ និងចេញរកស៊ីបើកភោជនីយដ្ឋានដ៏ជោគជ័យ តែបែរជាមករីករាយសប្បាយចិត្តកើបលុយពីការច្រៀងរាំឆ្កួតៗទៅវិញ។​

បុរសសង្ហារពូកែធ្វើឡប់ៗដែលត្រូវបានគេស្គាល់ថា QPark ឆ្នាំនេះមានអាយុ៣៩ឆ្នាំ បានបញ្ចប់ការងារសិក្សាបរិញ្ញាបត្រជំនាញគ្រប់គ្រងអាជីវកម្ម ពីមហាវិទ្យាល័យ Yale Universityនៅសហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សា លោកចូលបម្រើការងារជាបុគ្គលិកកាន់តួនាទីជា Investment Banker នៅអំឡុងឆ្នាំ២០០០។ 

លោក QPark មានប្រសាសន៍ថា ខណៈពេលធ្វើការងារនេះ លោកជាមនុស្សដែលឆ្កួតនឹងការងារធ្វើការជាង១០០ម៉ោងក្នុងមួយសប្តាហ៍ ធ្វើការងារទាំងខ្លួនឯងមិនចូលចិត្ត មិនសប្បាយចិត្ត និងមិនរំភើបចិត្តបន្តិចសោះឡើយ។

ស្របពេលកំពុងធ្វើការ លោកក៏ចាប់ផ្តើមរកស៊ីបើកភោជនីយដ្ឋាន អាហារកូរ៉េបន្ថែមទៀតដោយទទួលបានជោគជ័យ ពង្រីកសាខាបានបួនប្រាំកន្លែងបន្ថែមទៀត តែទោះជាជោគជ័យចំណេញលុយរាល់ខែ តែលោកនៅតែមិនសប្បាយចិត្តនឹងការងារទាំងនេះឡើយ។​ លោកថា៖ “ខ្ញុំជាមនុស្សដែលចូលចិត្តញ៉ាំ ជាងចូលចិត្តធ្វើម្ហូបបម្រើភ្ញៀវ។” 

ទីបំផុត លោកក៏ចាប់ផ្តើមធ្វើរឿងថ្មីមួយផ្សេងទៀត គឺការសម្តែងលេងសើច ទាក់ទាញបានការចាប់អារម្មណ៍ និងគាំទ្រជាច្រើននៅលើយូធូប រហូតធ្វើឱ្យលោកចាប់ផ្តើមពេញចិត្តនឹងការងារនេះ ហើយក៏សម្រេចចិត្តឈប់ធ្វើការ លក់អាជីវកម្មចោល ដាក់ចិត្តដាក់កាយធ្វើការងារពេញម៉ោងតែនឹងការងារច្រៀងរាំតាមទីសាធារណៈតែម្តង ទាំងដែលលោកមិនទាន់ចេះកាន់កាមេរ៉ា និងការងារជាច្រើនផ្សេងទៀត ដោយរៀនតែខ្លួនឯងតាមយូធូបបន្ថែមជាប្រចាំ។​

ផ្តើមចេញពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន លោកមានអ្នកគាំទ្រនៅលើយូធូប (YouTube) ប្រមាណជិត៤លាននាក់ នៅលើ Instagram និងនៅលើហ្វេសប៊ុកប្រមាណជាង៦លាននាក់ថែមទៀត ដែលជម្រុញឱ្យលោកទាញបានប្រជាប្រិយភាព ពាក្យអរគុណ និងសំណើចសប្បាយគ្រប់ពេលដែលមនុស្សម្នាមើលវីដេអូរបស់លោក ពិសេសវាក៏បានបង្កើតចំណូលឱ្យលោករកបានជាង២០ម៉ឺនដុល្លារអាមេរិកក្នុងមួយខែផងដែរ។ 

លោកបានបញ្ជាក់ថា៖ “កត្តាជម្រុញឱ្យលោកចាប់យកការងារឆ្កួតៗបែបនេះ ព្រោះតែលោកធ្លាប់ទទួលបានមតិអរគុណពីអ្នកមើលដែលថា មើលវីដេអូលោករយៈពេលខ្លីសោះ ធ្វើឱ្យបរិយាកាសក្នុងផ្ទះទាំងមូលរបស់គេ សើចសប្បាយពេញផ្ទះប្រកបដោយសុភមង្គលតែម្តង។”

លោក QPark បានផ្ញើសារដាស់តឿនថា៖ “ជីវិតមនុស្សខ្លីណាស់ មនុស្សភាគច្រើនបន្តរស់នៅក្នុងប្រអប់ដ៏តូចមួយ មិនហ៊ាន និងមិនព្រមទម្លោះចេញពីប្រអប់ដ៏តូចនោះឡើយ ដែលចំណងដ៏ធំជាងគេនោះគឺប្រាក់ខែការងារនេះឯង។”

គួរជម្រាបផងដែរថា បុរសដែលចូលចិត្តសម្តែងឆ្កួតៗរូបនេះមានទ្រព្យសរុបប្រមាណជាង២លានដុល្លារអាមេរិក៕

 

អត្ថបទដោយ៖ MENG SONGHUA 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES