កត្តាធំ៦យ៉ាង ធ្វើឲ្យអ្នកក្រទាំងគំនិត ក្រទាំងទ្រព្យធន

ភាពក្រីក្រកើតចេញពីការយល់ដឹង គំនិត និងសមត្ថភាពរបស់អ្នក ពិសេសចំណេះដឹងហិរញ្ញវត្ថុរបស់អ្នក វាមិនអាស្រ័យថាគេកើតមកក្នុងត្រកូលអ្នកមានស្រាប់ ឫមកពីគេរៀនបានច្រើនខ្ពង់ខ្ពស់ជាងអ្នកនោះទេ។​

ថ្ងៃនេះខ្ញុំសុំធ្វើការចែករំលែកកត្តាសំខាន់៦ចំណុច ដែលធ្វើឲ្យអ្នកក្រទាំងគំនិត ក្រទាំងទ្រព្យធន ហើយអាចនឹងក្រតជំនាន់ ដោយសារតែជំនាន់ក្រោយជាធម្មតាត្រូវការអ្នកជំនាន់មុនធ្វើជាគំរូ។

១. ខ្ចិល 

ភាពខ្ចិលច្រអូស ជាឫសគល់នៃភាពក្រីក្រ ព្រោះវាមានសមត្ថភាពចាប់អ្នកជាប់មិនឲ្យអ្នកខិតខំសិក្សាស្វែងយល់ ក្រេបយកចំណេះដឹងពីមជ្ឈដ្ឋានជុំវិញខ្លួន និងគ្រប់ឱកាសដែលអាចធ្វើទៅបាន។ នៅពេលដែលចំណេះដឹង និងគំនិតអ្នកគ្មានហើយ តើទ្រព្យធនលុយកាក់អាចកើតចេញពីណាមក?

២. វិន័យ

មនុស្សរស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ត្រូវរៀនមានវិន័យចំពោះខ្លួនឯង រៀនឲ្យតម្លៃលើពេលវេលា និងសកម្មភាពនិមួយៗរបស់ខ្លួន កុំរងចាំទាល់តែក្លាយជាអ្នកមានចាំរៀនមានវិន័យ កុំចាំទាល់តែក្លាយជាមនុស្សល្បី ទើបបង្ហាញគេឯងពីថាខ្លួនមានវិន័យ ជឿចុះអ្នកគ្មានថ្ងៃនោះទេ បើអ្នកមិនចេះបង្កើតវិន័យឲ្យខ្លួនឯងពីឥឡូវនេះទេនោះ។​

បន្ថែមពីនេះ វិន័យនៃការចាយវាយ ការគ្រប់គ្រងលើការចំណាយបានល្អ ចាយវាយលុយកាក់ឲ្យបានចំគោលដៅ ក៏ជាផ្នែកមួយដ៏សំខាន់ដែលមហាសេដ្ឋី បុគ្គលជោគជ័យធ្វើតាំងពីនៅជាមនុស្សក្រីក្រមកម្ល៉េះ។​

៣. គោលដៅអនាគត

រៀនរស់នៅជាមនុស្សដែលមានគោលដៅច្បាស់លាស់ គោលដៅប្រចាំជីវិត គោលដៅប្រចាំឆ្នាំ និងប្រចាំខែ​ សុទ្ធតែសំខាន់ណាស់ក្នុងការកំណត់ជោគជ័យវាសនារបស់អ្នក។ ការកំណត់គោលដៅអនាគត ធ្វើឲ្យអ្នកមានកម្លាំងចិត្តប្រឹងប្រែងធ្វើការ រស់នៅក្នុងសេរីភាព និងសុភមង្គល ដើរមិនច្រឡំទិសតំបន់។​

៤. ទំនាក់ទំនង

គ្មាននរណាម្នាក់អាចក្លាយជាខ្លាំង ពូកែ ជោគជ័យមហិមាដោយខ្លួនឯង តែម្នាក់ឯងនោះទេ។ គ្រប់ទំនាក់ទំនងជុំវិញមិនថាមនុស្សដែលមានសមត្ថភាព និងចំណេះដឹងលើសអ្នក ឫក្រោមអ្នកទេសុទ្ធតែអាចក្លាយជាផ្នែកមួយជួយឲ្យអ្នករកបានឱកាសមានបាន ពោរពេញដោយគំនិតដូចគ្នា។ ប៉ុន្តែអ្នកក៏គួរមានការប្រុងប្រយ័ត្នខ្ពស់ផងដែរក្នុងការរាប់រកមិត្ត ព្រោះពួកគេអាចឲ្យអ្នកក្លាយជាមនុស្សល្អ ហើយក៏អាចជះឥទ្ធិពលធ្វើឲ្យអ្នកទៅជាមនុស្សអាក្រក់បានដែរ។​

៥. លេស

រៀនធ្វើជាមនុស្សដែលគ្មានលេសក្នុងជីវិតគឺជារឿងដែលលំបាកបំផុត ប៉ុន្តែវានៅតែជាជម្រើសដ៏ល្អបំផុត ហេតុនេះទោះចង់ ឫមិនចង់អ្នកត្រូវរៀនកាត់បន្ថយលេសចំពោះគ្រប់សកម្មភាព និងការសម្រេចចិត្តរបស់ខ្លួន​ឯងពីឥឡូវនេះទៅ។​ មានក្រុមហ៊ុន ដៃគូរកស៊ី ឫមិត្តភក្តិណាដែលពេញចិត្តនៅធ្វើការ សហការ ប្រើមនុស្សដែលមានពេញដោយលេស គ្មានភាពស្មោះត្រង់នឹងគ្នានោះទេ។​

៦. រៀន

ក្នុងពេលបច្ចុប្បន្ន បើអ្នកគិតថាខ្លួនឯងអស្ចារ្យ ខ្លួនឯងគ្រប់គ្រាន់រស់ស្រួលហើយ ឆ្លាតវ័យជាងគេឯងហើយ មិនខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន រៀនសូត្រអ្វីដែលថ្មី សាកល្បងធ្វើអ្វីដែលថ្មី ជីវិតអ្នកមិនត្រឹមតែមិនស្ងៀមទេ វាបែរជាថមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះ ការសិក្សារៀនសូត្រទោះជាមិនចូលក្នុងសាលា តែអ្នកត្រូវចូលឲ្យដល់ក្នុងសង្គម អាន មើល សង្កេត វិភាគ ស្តាប់ និងចែករំលែកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន៕

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer 

USNews Logo

RELATED ARTICLES