Phil Town ប្រាប់ពីគន្លឹះសម្ងាត់៤ ធ្វើឲ្យអ្នកគេចផុតពីអន្ទាក់របស់លុយនៅអាយុ៣០ឆ្នាំ

វិនិយោគិនដ៏ឆ្នើមមួយរូបរបស់អាមេរិក និងជាអ្នកនិពន្ធសៀវភៅ Rule #1 និងសៀវភៅ Payback Timeលោក Phil Town បានបង្ហើបប្រាប់ពីគន្លឹះចាយវាយលុយកាក់ឲ្យបានត្រឹមត្រូវ និងប្រាកដដោយភាពវ័យឆ្លាត ចំគោលដៅ គេចផុតពីភាពក្រីក្រ។​

១. ត្រួតពិនិត្យហិរញ្ញវត្ថុរបស់អ្នកជាប្រចាំ

លោក Phil Town បានមានប្រសាសន៍ថា ដើម្បីអាចឲ្យលោកអ្នកក្លាយជាមនុស្សចាយវាយលុយកាក់បានត្រឹមត្រូវ ជំហានដំបូងលោកអ្នកត្រូវតែដឹងពីការចាយវាយលុយកាក់របស់ខ្លួនប្រចាំថ្ងៃ ប្រចាំខែ​ តើលុយទាំងអស់ដែលអ្នកមាន វារត់ទៅណាខ្លះ ចំណាយលើអ្វីខ្លះ ទទួលបានអ្វីមកវិញពីការចំណាយទាំងនោះ។ ពេលដែលអ្នកអាចដឹងពីការចាយវាយរបស់ខ្លួន លោកអ្នកនឹងអាចរកឃើញវិធីចាយវាយផ្សេងទៀតបានកាន់តែល្អ កាត់បន្ថយការចំណាយដែលខុសគោលដៅដោយខ្លួនឯងបាន។​

២. បង្កើតទម្លាប់គិតមុនចំណាយ

នៅត្រង់ចំណុចនេះ លោក Phil Town បានសង្កត់ធ្ងន់ថា ដើម្បីឲ្យអ្នករួចផុតពីភាពក្រីក្រ លុះត្រាតែអ្នកជាមនុស្សចេះគិតពិចារណាមុនចាយវាយ​ ជាក់ស្តែងបើអ្នកចំណាយទិញឡានដើម្បីឲ្យខ្លួន​ឯងសប្បាយចិត្ត ឫដើម្បីឲ្យនរណាម្នាក់សប្បាយចិត្តទាំងដែលវាមិនមែនជាតម្រូវការចាំបាច់ ហើយអ្នកព្យាយាមទិញវាដោយភ្ជាប់ជាមួយនឹងបំណុលដោយការខ្ចីធនាគារ ឫបង់រំលស់ នោះវាជាការចាយវាយដោយមិនបានគិតពីអនាគតក្នុងផ្លូវដ៏វែងឆ្ងាយរបស់ខ្លួន។​

៣. ទុកលុយក្នុងកុងធនាគារ ជាងទុកក្នុងហោប៉ាវ

ទម្លាប់សន្សំដ៏ល្អ បង្កើតភាពមានបានឲ្យអ្នកកាន់តែឆាប់ ហេតុនេះអ្នកត្រូវរៀនកំណត់លុយសន្សំរបស់ខ្លួនប្រចាំខែ ឫប្រចាំថ្ងៃ​ មុននឹងចំណាយ។ ជាមួយសូមកុំព្យាយាមទុកលុយក្នុងហោប៉ាវ ដែលវានឹងធ្វើឲ្យអ្នកដកចាយវាយស្រួលៗទៅលើរឿងផ្សេង របស់របរ អាហារដែលមិនចាំបាច់មួយចំនួន ធ្វើឲ្យការសន្សំមានការថមថយចុះ។ 

បន្ថែមពីនេះ អ្នកត្រូវរៀនហ្វឹកហាត់ខ្លួនឯងឲ្យមានវិន័យក្នុងការចាយវាយ ចាយដោយមានគោលដៅ មានហេតុផល និងមានទស្សនៈវិស័យមើលទៅអនាគត កុំសម្លឹងតែក្នុងពេលបច្ចុប្បន្នភាពឲ្យសោះ។​

៤. ចាប់ផ្តើមវិនិយោគពីតូចបំផុត

ការវិនិយោគ មិនទាមទារឲ្យអ្នកមានបទពិសោធន៍ពេញខ្លួនក្នុងគ្រប់វិស័យនោះទេ ហើយក៏មិនប្រកាន់ថាអ្នកមានអាយុតិច ឫក៏ច្រើននោះ ជាងនេះក៏មិនផ្តោតសំខាន់លើអ្នកមានលុយតិច  ឫក៏ច្រើននោះដែរ វាអាស្រ័យលើការយល់ដឹង និងភាពវ័យឆ្លាតក្នុងវិនិយោគរបស់អ្នកប៉ុណ្ណោះ។ ហេតុនេះ កុំចាំហើយចាំទៀត ចាំទាល់តែខកឱកាសឲ្យសោះ ចាប់ផ្តើមរៀនវិនិយោគពីលុយដ៏តិចតួច បើទោះជាខាតក៏អ្នកមិនសូវឈឺចាប់ បាក់ទឹកចិត្ត ឫក៏បង់ខាតធ្ងន់ធ្ងរនោះដែរ៕

ចង់ស្វែងយល់បន្ថែមពីការវិនិយោគ និងរឿងលុយកាក់បែបមនុស្សឆ្លាត កុំភ្លេចជួបគ្នានៅប្រទេសកូរ៉េ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ លើប្រធានបទ “មាគ៌ាផ្លាស់ប្តូរខ្លួនពីពលករទៅជាសហគ្រិន និងវិនិយោគិនឆ្នើម” នៅភូមិម្ហូបខ្មែរ ស៊ូវុន។ ទាក់ទងសាកសួរព័ត៌មានលម្អិត និងចុះឈ្មោះចូលរួម010 59 29 80 64/ 010 99 48 48 49។

 

អត្ថបទដោយ៖ MENG SONGHUA

CEO ហាងបន្លែធម្មជាតិផ្សារខ្មែរ 

USNews Logo
Online

RELATED ARTICLES