ផាម ញ៉ាតវ៉ុង៖ អតីតក្មេងលក់កាហ្វេតាមចិញ្ចើមផ្លូវ តស៊ូរហូតក្លាយជាសេដ្ឋីលេខ១ នៅវៀតណាម

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា អតីតក្មេងលក់កាហ្វេជាមួយម្តាយនៅតាមផ្លូវ និងមានឪពុកជាទាហាន លោក Pham Nhat Vuong នាយកប្រតិបត្តិក្រុមហ៊ុនVingroup ដែលផ្តោតសំខាន់លើការវិនិយោគ អចលនទ្រព្យ ឧស្សាហកម្មរថយន្ត និងបច្ចេកវិទ្យា អាជីវកម្មលក់រាយ និងសណ្ឋាគារផ្សេងៗ បានជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេលើលោក លំដាប់លេខរៀងទី១៩៤ និងជាមហាសេដ្ឋីមានជាងគេ នៅក្នុងប្រទេសវៀតណាម ផងដែរ។

អតីតកូនអ្នកលក់កាហ្វេ និងតែ​​​ខាងលើនេះ បច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ ដែលមានតម្លៃប្រមាណជាង ១៤ពាន់លានដុល្លារអាមេរិក ជាក្រុមហ៊ុនមានទ្រព្យសកម្មច្រើនជាងគេនៅវៀតណាម និងមានទ្រព្យសរុបផ្ទាល់ខ្លួនប្រមាណជាង ៨.២៥ពាន់លានដុល្លារឯណ្ណោះ។ មុនក្លាយជាសេដ្ឋីមានជាងគេនៅវៀតណាម លោក Vuong បានសិក្សានៅប្រទេសរុស្ស៊ី ហើយបានចាប់ផ្តើមអាជីវកម្មមីគុយទាវដ៏ពេញនិយមមួយនៅអ៊ុយក្រែន ក្នុងទសវត្សឆ្នាំ១៩៩០ មុនពេលវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។

រំលឹកដល់វ័យកុមារភាព លោក Pham Nhat Vuong គឺជាក្មេងប្រឹងប្រែងតស៊ូរៀនសូត្រម្នាក់ ដែលបានប្រលងជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស រហូតអាចបែកគំនិតធ្វើអាជីវកម្មតាំងពីនៅវ័យក្មេង និងអាចសាងភាពមានបានស្ទើរមិនគួរឱ្យជឿ។ ជាក់ស្តែង ក្រោយបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី លោក Vuong បានខ្ចីលុយពីមិត្តភក្តិ និងគ្រួសារបើកភោជនីយដ្ឋានអាហារ និងលក់គុយទាវមួយ ជាមួយភរិយា ក្នុងប្រទេសអ៊ុយក្រែន។ ហើយនៅឆ្នាំ១៩៩៣ គាត់បានប្រែក្លាយភោជនីយដ្ឋានរបស់គាត់ឱ្យទៅជាអ្នកនាំមុខគេ ខាងផលិតផលធ្វើម្ហូប នៅក្នុងប្រទេសអ៊ុយក្រែន។ បន្ទាប់មក នៅឆ្នាំ២០០៩ លោកក៏បានលក់វាឱ្យទៅក្រុមហ៊ុនដ៏ល្បី Nestlé ក្នុងតម្លៃប្រមាណជាង ១៥០លានដុល្លារអាមេរិក។ 

ក្រោយពីលក់អាជីវកម្មទីមួយរួចមក លោក Vuong និងភរិយា បានត្រឡប់មករស់នៅប្រទេសវៀតណាមវិញ ដោយបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Vingroup ហើយក៏បានពង្រីកសាខា និងបុត្រសម្ព័ន្ធជាច្រើន ដែលមានផលិតយានយន្ត និងគ្រឿងអេឡិចត្រូនិកផ្សេងៗរាប់លានប្រភេទ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Vingroup បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងកំពូលមួយប្រចាំប្រទេសវៀតណាម។ 

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Vingroup របស់លោកមហាសេដ្ឋី Vuong បានពង្រីកអាជីវកម្មថ្មីមួយបន្ថែមទៀត ដែលជាការផលិតស្មាតហ្វូន។ ការផលិតស្មាតហ្វូននេះ ក្រុមហ៊ុនគ្រោងនឹងលក់ទូទាំងពិភពលោក ដោយប្រើឈ្មោះ Vsmart ដូចដែលមនុស្សជាច្រើនបានដឹងដែរថា វៀតណាមមានផលិតផលច្រើនជាងគេដែលជាទូរស័ព្ទដៃ។ ហើយក៏ជាមូលដ្ឋានផលិតរបស់ក្រុមហ៊ុនទូរស័ព្ទស្មាហ្វូនដ៏ល្បីដាច់គេរបស់កូរ៉េ Samsung ទៀតផង ៕

អត្ថបទដោយ៖ LeEmon            

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES