គ្រាន់តែរៀបចំប្រព័ន្ធចតឡាន ក្រុមហ៊ុនមួយនេះមានតម្លៃរហូតដល់ទៅ១ពាន់លានដុល្លា

នៅក្នុង​ពិភពនៃ​អាជីវកម្មចាប់​ផ្ដើម​ថ្មី យើង​ឧស្សាហ៍ឃើញ​ថាគំនិត​សាមញ្ញៗ​បង្កើត​ទៅជាអាជីវកម្មមាន​តម្លៃ​រាប់​លានដុល្លា ដោយគ្រាន់​តែ​ដោះស្រាយ​បញ្ហា​ពិត​ប្រាកដ​ដល់​មនុស្ស​និង​ផ្ដល់​នូវ​ផលិត​ផល​​ឬ​សេវាកម្ម​ដែលមាន​គុណភាព តួរយ៉ាង​ដូចជា​អាជីវកម្មចាប់​ផ្ដើម​ថ្មី​មួយដែលមាន​ឈ្មោះថា Parkjockey ទើបតែ​ទទួល​បាន​ការ​វិនិយោគពីក្រុមហ៊ុន​ SoftBank ធ្វើ​ឱ្យតម្លៃក្រុមហ៊ុន​មួយនេះ​កើនដល់​១ពាន់​លាន​ដុល្លា។

Parkjockey ជាអាជីកម្ម​ចាប់​ផ្ដើម​ថ្មីមួយ​ដែល​ផ្ដល់​ឱ្យ​អ្នកប្រើប្រាស់​នូវ​កម្មវិធីសម្រាប់​គ្រប់គ្រង​ប្រាក់ចំណូល​ និង​គ្រប់​គ្រង​កន្លែង​សម្រាប់​ចត​រថយន្ត​។ ក្រុមហ៊ុន​មួយនេះបង្កើត​ឡើងនៅឆ្នាំ២០១៣​ដោយ​អតីតអ្នក​ប្រឹក្សាយោបល់​ខាង​គ្រប់​គ្រងពីរ​រូប Ari Ojalvo និង Umut Tekin ដោយហេតុ​តែពួកគាត់​មើល​ឃើញ​ពីភាពខ្វះចន្លោះនិងមិនមាន​ប្រសិទ្ធភាពខ្ពស់​នៅក្នុង​ការចតឡាន​របស់​ក្រុមហ៊ុន​ផ្សេងទៀត។

គ្រាន់​តែ​បង្ហាញ​គំ​និត​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​នេះដំបូងនៅឆ្នាំ២០១៣​ ស្ថាប​និក​ទាំង​ពីរ​ទទួល​បាន​ទុន​ប្រមាណជា​១.៨លានដុល្លាពីអ្នក​វិនិយោគ ដើម្បី​យក​ទៅធ្វើ​កម្មវិធីសម្រាប់​ទូរស័ព្ទ​ និង​បង្កើត​ឱ្យចេញជាផ្លូវ​ការ​នៅឆ្នាំបន្ទាប់​។ ក្រុមហ៊ុនក៏បាន​ធ្វើការ​ពង្រីកខ្លួនពី សហរដ្ឋអាមេរិកទៅអឺរ៉ុបដោយចាប់​ផ្ដើម​ដាក់​ការិយាល័យ​ក្រៅស្រុក​របស់​ខ្លួន​ដំបូង​នៅទីក្រុង​ឡុងដ៏ចក្រភពអង់គ្លេសនៅឆ្នាំ២០១៤។

តពីនោះមក​ក្រុមហ៊ុន​ចេះតែទទួល​បាន​ការវិនិយោគជាបន្តរ​បន្ទាប់​ដោយអ្នកវិនិយោគមើលឃើញពី​សក្ដានុពល​នៃ​អាជីវកម្ម​បង្កើត​ថ្មីមួយនេះ ហើយ​Parkjockey បាន​ពង្រីកខ្លួន​ក្លាយទៅជា​អាជីវកម្មB2B  ដោយធ្វើ​ការផ្ដល់​ឱ្យ​អតិថិជន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​កន្លែង ​ទីតាំងចត​ឡាន និង​សម្រួល​ដល់​ការ​ចត​ ហើយភាគច្រើន​នៃ​អតិថិជន​របស់​ក្រុមហ៊ុន​នេះ ជាម្ចាស់​អចលនទ្រព្យធំៗ និង អ្នក​រកស៊ីខាង​ជួល​ចំណត​ឡាន។

ប្រព័ន្ធ​ដែល​ផ្ដល់​ឱ្យ​ពីក្រុមហ៊ុន​មួយ​នេះមាន​ច្រើនដូចជា ប្រព័ន្ធ​ចំណាំស្លាក​លេខ​ដោយស្វ័យ​ប្រវត្តិ ការទូរទាត់​លុយថ្លៃ​ផ្ញើរ​តាម​កម្មវិធី ព្រមទាំង​ជួយ​អ្នក​ប្រើប្រាស់​រក​កន្លែង​ចត​បានទៀត​ផងដែរ។ សព្វ​ថ្ងៃ​ Parkjockey គ្រប់​គ្រង​ចំណត​ឡាន​រហូតដល់ទៅ១សែនចំណត​នៅរដ្ឋធំៗ​របស់​អាមេរិក​ដូចជា Miami, Chicago, New York, San Francisco ព្រមទាំង​ទីក្រុង​ធំៗនៅអង់គ្លេស​ផងដែរ។

បន្ថែមទៅលើ​នេះផងដែរ ក្រោយពីទទួល​ទុន​វិនិយោគពីSoftbank ក្រុមហ៊ុនParkjockey បា​នធ្វើការទិញយក​ក្រុមហ៊ុន​រកស៊ីខាង​ចំណត​ឡាន​ធំនៅអាមេរិកចំនួនពីរ​គឺ Impark និង Citizens Parking។ គូសប​ញ្ជាក់​ផង​ដែរ​ថា Softbank កំពុង​ធ្វើការ​ជះលុយ​វិនិយោគទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​សក្ដានុពលទៅថ្ងៃ​មុខ​ទាំង​អស់ ក្រោមស្លាក​គម្រោង​មួយមាន​ឈ្មោះថា Softbank Vision Funds ជាមួយនឹង​ទឹក​ប្រាក់​ត្រៀម​ទូក​រហូត​ដល់​១០០ពាន់​លានដុល្លា។

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES