





យោងតាមលិខិតចេញដោយ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ដោយមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ការបើកដំណើរការឡើងវិញនូវ វិស័យកីឡាជាជំហានៗដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ៤ចំនុចនេះសិន៖
១. អនុញ្ញាតអោយបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនាដែលមានតែកីឡាករ កីឡាការនី និងមន្ត្រីបច្ចេកវិទ្យាក្នុងចំនួនមិនអោយលើសពី១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តន៍អនាម័យតាមវិធានការការការពាររបស់ក្រសួងសុខាភិបាល។ ការអនុញ្ញាតនេះនឹងចាប់អនុវត្តន៍ជាបណ្តើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ។
២. អនុញ្ញាតអោយមានការប្រមូលផ្តុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមវិធានការការពារកុំអោយមានការចម្លងវិរុសកូវីដ១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះរបស់ក្រសួងសុខាភិបាល។
៣. មុននឹងបើកអោយការត្រូវមានការចាត់ចែងរៀបចំជាមុននូវិធានការការពារនានា ដូចជា
- ការអនុវត្ត ការសម្អាតដៃអោយបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុលឬទឹកដែឡសម្រាប់លាងដៃ
- ការប្រើប្រាស់ម៉ាស់ (ក្នុងករណីចាំបាច់) ឬកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ច្រមុះ រាល់ពេលក្អកកណ្តាស់ (រួចបោះចោលក្នុងធុងសម្រាមអោយបានត្រឹមត្រូវ)
- ការអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថភាពបុគ្គលជាដើម។
៤. ត្រូវធានា ទីកន្លែងដែលបើកដំណើរការកីឡាដូចបានជម្រាមដូចខាងលើ មានការអនុវត្តន៍វិធានការការពារចម្លងវីរុសកូវីដ១៩ បានត្រឹមត្រូវនិងហ្មត់ចត់ និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវហើយមិនត្រូវអោយកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ១៩ នោះឡើយ។
លិខិតដដែលបានបញ្ជាក់ថា សូមបងប្អូនខ្មែរទាំងអស់ត្រូវតែបន្តអនុវត្តន៍វិធានការការពារខ្លួនជាចាំបាច់នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នេះ ដើម្បីការពារចម្លងវីរុសកូវីដ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំអោយមានរលកទីពីរនៃការចម្លងវីរុសកូវីដ១៩៕