រឿងតែ១គត់ ធ្វើឱ្យស្ថាបនិក រៀនថត រត់ទៅរៀនដល់ក្រៅស្រុក និងមានគេស្គាល់ច្រើនដូចសព្វថ្ងៃ

និយាយដល់ឈ្មោះ រៀនថត ប្រាកដជាមានប្រិយមិត្តអ្នកនិយមតាមដានបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាអ្នកចង់ដឹងចង់យល់ពីរបៀបទិញ និងប្រើប្រាស់កាមេរ៉ា បានស្គាល់គាត់រួចទៅហើយ ជាពិសេសអ្នកនិយមមើលវីដេអូ Vlog តែម្តង​ ព្រោះម្ចាស់ផេករៀនថតនេះ គាត់គឺជាអ្នកជំនាញខាងថតរូប និងជាអ្នកធ្វើវីដេអូ Vlog ដ៏ល្បីល្បាញមួយរូបផងដែរ នៅក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្តែ នៅពីក្រោយភាពជោគជ័យលើវិស័យថតរូប ស្ថាបនិករៀនថត លោក ឆេង សុភ័ក្រ ឬពូជ្រួញ មានរឿងឈឺចាប់មួយ ដែលប្រិយមិត្តអ្នកតាមដានគាត់ ប្រហែលជាមិនធ្លាប់បានដឹងពីមុននោះទេ ហើយរឿងឈឺចាប់មួយនោះហើយ​ ដែលជំរុញទឹកចិត្តគាត់ឱ្យខំប្រឹងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ ទៅរៀនដល់ក្រៅប្រទេស និងបានប្រឡូកក្នុងវិស័យថតរូបដោយជោគជ័យ ព្រមទាំងមានគេស្គាល់ច្រើន។

តាមរយៈបទសម្ភាសន៍ជាមួយ Business Cambodia លោក ឆេង សុភ័ក្រ បានរៀបរាប់ពីរឿងឈឺចាប់របស់ខ្លួនយ៉ាងដូច្នេះថា “នៅអំឡុងពេលខ្ញុំរៀនថ្នាក់ទី៩ ខ្ញុំបានជាប់ជាសិស្សពូកែម្នាក់ប្រចាំសាលា ហើយខាងសាលាគេធ្វើកម្មវិធីជប់លៀង ខ្ញុំក៏បានសុំប៉ារបស់ខ្ញុំទៅចូលរួមនឹងគេ ប៉ុន្តែប៉ារបស់ខ្ញុំគាត់មិនចង់ឱ្យខ្ញុំទៅនោះឡើយ ព្រោះកម្មវិធីជប់លៀងនោះ គាត់យល់ថាមិនសូវល្អទេ សំបូរទៅដោយពួកភ្លើតភ្លើនទៅ ហើយណាមួយយើងនៅក្មេង គាត់មិនចង់ឱ្យយើងផឹកស្រាថែមទៀត ចឹងខ្ញុំក៏ប្រាប់ទៅកាន់គាត់វិញថា អូខេ មិនអីទេ ខ្ញុំទៅធម្មតា និងមិនផឹកស្រាទេ។ ពេលនោះ ក្រោយពីចប់កម្មវិធី គ្រូភាសាអង់គ្លេសដែលខ្ញុំរៀននៅសាលាខាងក្រៅពីរនាក់ បានបបួលខ្ញុំទៅដើរលេងនៅប៉ោយប៉ែត (ផ្ទះរបស់លោក សុភក្រ័ នៅក្នុងខេត្តបន្ទាយមានជ័យ) ហើយដោយសារខ្ញុំមិនសូវបានដើរលេងផងនោះ ខ្ញុំក៏ទៅជាមួយគាត់ ដោយកាលណោះជិះម៉ូតូមួយបីនាក់ ហើយខ្ញុំជិះនៅកណ្តាល ស្រាប់តែនៅតាមផ្លូវជិះទៅដល់កន្លែងមួយ ដែលគេហៅថាកូនដំរី ក៏បានបុកគេម្នាក់រហូតដល់បាក់ជើង ចំណែកឯខ្ញុំ នៅដេកលក់លើម៉ូតូ ដល់ពេលភ្ញាក់ឡើងទើបខ្ញុំដឹងថា​ ដៃរបស់ខ្ញុំត្រូវបានបាក់។ បន្ទាប់ពីដួលម៉ូតូ ហើយដៃរបស់ខ្លួនបានបាក់ ខ្ញុំបានដឹងមុនថា​ បើរឿងនេះដឹងដល់ប៉ារបស់ខ្ញុំ ខ្ញុំប្រាកដជាត្រូវគាត់វាយមិនខាន ដូច្នេះខ្ញុំក៏បានទៅផ្ទះបងជីដូនមួយរបស់ខ្ញុំនៅប៉ោយប៉ែត ឱ្យគាត់ជួយធ្វើយ៉ាងណា កុំឱ្យរឿងនេះ ដឹងទៅដល់ប៉ារបស់ខ្ញុំ។ ពេលនោះ បងជីដូនមួយរបស់ខ្ញុំ ក៏ភ័យណាស់ដែរ ដូច្នេះគាត់ក៏បានខលទៅប៉ារបស់ខ្ញុំ ហើយប្រាប់គាត់ថាខ្ញុំមិនអីទេ ឱ្យខ្ញុំនៅផ្ទះគាត់សិនចុះ ប៉ុន្តែ ប៉ារបស់ខ្ញុំបានឱ្យតាក់ស៊ី មកយកខ្ញុំទៅផ្ទះវិញទាំងយប់តែម្តង ហើយពេលខ្ញុំទៅដល់ផ្ទះ ដូចអ្វីដែលខ្ញុំបានគិតមុនអញ្ជឹង គឺប៉ារបស់ខ្ញុំគាត់បានវាយខ្ញុំថែម ហើយខ្ញុំចាំបានពេលនោះ ដៃលេងឈឺទៀតហើយ ព្រោះតែអារម្មណ៍ភ័យខ្លាំងពេក”។

សាច់រឿងខាងលើនេះហើយ ដែលធ្វើឱ្យលោក ឆេង សុភ័ក្រ ខឹងនឹងឪពុក ហើយគ្រោងនឹងចេញពីផ្ទះទាំងយប់ថែមទៀត តែដោយសារឃើញទឹកភ្នែកម្តាយស្រក់ចុះ និងខ្លួននៅក្មេង មិនដឹងថាត្រូវទៅណាទើបអាចមានជីវិតរស់បានផង គាត់ក៏សម្រេចចិត្តថាមិនចាក់ចេញវិញ ប៉ុន្តែពេលនោះ ក្នុងចិត្តរបស់គាត់បានគិតយ៉ាងច្បាស់ថា នឹងចាកចេញពីផ្ទះនៅថ្ងៃណាមួយមិនខាន។ បន្ទាប់ពីមានកូនចិត្តមួយនេះកើតឡើង ពូជ្រួញ បានរកនឹកគ្រប់វិធី ប៉ុន្តែកាលណោះមានតែវិធីមួយគត់ ដែលអាចឱ្យគាត់ចេញពីផ្ទះបានគឺការខិតខំសិក្សារៀនសូត្រ ដូច្នេះគាត់ក៏បានខិតខំរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ ទៅរៀនចប់ដល់ក្រៅប្រទេស និងមានឈ្មោះល្បីល្បាញមកដល់បច្ចុប្បន្ន តាមរយៈការបង្កើតផេក រៀនថត ៕ 

អត្ថបទដោយ៖ LeEmon 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES