លោកឧកញ៉ា គួច ម៉េងលី៖ចេញរកស៊ីសូមកុំចង់ជោគជ័យតែម្នាក់ឯង តែត្រូវបន្តជោគជ័យជាមួយសហការី

ជាទូទៅ នៅប្រទេសណាក៏ដូចប្រទេសណា បុគ្គលណាក៏ដូចបុគ្គលណា ថៅកែណាក៏ដូចថៅកែណា ឬម្ចាស់ក្រុមហ៊ុនណាក៏ដូចម្ចាស់ក្រុមហ៊ុនណា ពេលបើករបររកស៊ីតែងតែចង់ទទួលបានជោគជ័យ។ ប៉ុន្តែថៅកែមួយចំនួនតូច ពេលចេញរកស៊ី គឺច្រើនតែចង់ជោគជ័យតែម្នាក់ឯង ដោយមិនបានគិតពីគុណសម្បត្តិ នៃការខិតខំប្រឹងប្រែង ឬការលំបាករបស់បុគ្គលិកគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ឡើយ។ មានន័យថា ឃើញតែចំណេញ មិនឃើញខាត។ ការធ្វើបែបនេះ មិនធ្វើឱ្យក្រុមហ៊ុន ឬអាជីវកម្មរីកចម្រើនទៅមុខ បានលឿន ឬដោយរលូននោះទេ ព្រោះពេលថៅកែមានអាកប្បកិរិយា ឬចរិតបែបនេះ បុគ្គលិកម្នាក់ៗនឹងលួចសង្កេត និងមានអារម្មណ៍ថា ថៅកែមិនយកចិត្តទុកដាក់ជាមួយពួកគេ ឬថា បើរាប់រកពួកគេ គឺគ្រាន់តែជាការបង្រ្គប់កិច្ច ឬគ្រាន់តែជាសកម្មភាពបំភាន់ភ្នែកប៉ុណ្ណោះ។

ដូច្នេះ ប្រសិនបើយើងរកស៊ី គួរកុំចង់ជោគជ័យតែម្នាក់ឯង តែត្រូវបន្តជោគជ័យជាមួយសហការី។ ត្រូវចេះលើកទឹកចិត្តបុគ្គលិក ព្រោះជាទូទៅក្រុមហ៊ុនមួយអាចទទួលជោគជ័យបាន មិនមែនអាស្រ័យលើដើមទុនច្រើននោះទេ គឺអាស្រ័យលើការរួមចំណែកយ៉ាងសកម្មពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយដើម្បីឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក ដាក់ចិត្ត ដាក់កាយ យកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍក្រុមហ៊ុនអស់ពីចិត្តពីថ្លើម និងចាត់ទុកក្រុមហ៊ុនជាផ្ទះសម្បែងទី២របស់គេ យើងជាម្ចាស់ត្រូវតែផ្ដល់អត្ថប្រយោជន៍ បែងចែកភាគលាភ និងផ្តល់តម្លៃដល់បុគ្គលិកដែរ ដូចជា៖ 

១. លើកសរសើរបុគ្គលិក ដោយការសរសើរផ្ទាល់មាត់ និងលិខិតសរសើរ ដល់បុគ្គលិកឆ្នើម

២. ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើម

៣. បង្កើតកម្មវិធីជប់លៀងប្រចាំឆ្នាំដល់បុគ្គលិក

៤. បង្កើតដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិក

៥. ទិញធានារ៉ាប់រងសម្រាប់បុគ្គលិក

៦. ផ្តល់ការលម្ហែមាតុភាព និងបិតុភាពដល់បុគ្គលិក

ក្រៅពីនេះ គប្បីផ្តល់ភាពជោគជ័យដល់អតិថិជនរបស់យើងផងដែរ មានន័យថា កុំរកស៊ីកឹបកេង កុហក ឬបោកប្រាស់អតិថិជន។ ត្រូវប្រកាន់ខ្ជាប់នូវសុចរិតភាព និងគុណធម៌ជានិច្ច។ បើលក់ដូរ កុំចង់ចំណេញច្រើនពេក ហើយត្រូវលក់របស់ពិត របស់សុទ្ធ ដែលមានគុណភាពលេខមួយ ១០០% ឱ្យអតិថិជន កុំលក់បន្លំអតិថិជន៕

ប្រភពអត្ថបទ៖ MJQ University Press

ដកស្រង់បន្តដោយ៖ ឡុង វឌ្ឍនៈ

USNews Logo
Online

RELATED ARTICLES