ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ៖ ខ្ញុំយកបេះដូងអតិថិជនបាន ទើបធ្វើឲ្យអាជីវកម្មខ្ញុំជោគជ័យ

អាជីវកម្មគ្រប់ប្រភេទទាំងអស់ បង្កើតឡើងដើម្បីបំពេញតម្រូវការលើទីផ្សារ ឬអាចនិយាយបានថា ដោះស្រាយបញ្ហាសង្គមតាមរយៈចេញរកស៊ី។ ចំណុចពិសេសនៃអាជីវកម្ម គឺអាចបំពេញតម្រូវការសង្គមបានល្អប្រសើរ មានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា។ ជាការពិតណាស់ អាជីវកម្មអាចជោគជ័យទៅបាន លុះត្រាតែមានតម្រូវការទីផ្សារច្រើន មិនត្រឹមតែប៉ុណ្ណោះអាជីវកម្មរបស់យើង ត្រូវតែយកបេះដូងអតិថិជន បំពេញចិត្តអតិថិជនឲ្យបាន ទើបអតិថិជនគាំទ្រនូវទំនិញ ឬសេវាកម្មយើងវិញ។

ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile បានលើកឡើងថា អាជីវកម្មជោគជ័យ មកពីលោកយកបេះដូងអតិថិជនបាន ហើយអតិថិជនតែងតែគាំទ្រផលិតផលត្រឡប់មកវិញ។ ចំណុចពិសេសត្រូវបំពេញចិត្តរបស់អតិថិជនឲ្យបានល្អ ដោះស្រាយឲ្យចំតម្រូវការរបស់ពួកគេ។ ពួកគេមានបញ្ហា ឬមានតម្រូវការ ទើបឈានមករកសេវាកម្ម ឬជាវទំនិញរបស់យើង បើមិនយកចិត្តទុកដាក់ទេនោះ ច្បាស់ជាបាត់បង់អតិថិជនជាមិនខាន។

លោកបានបញ្ជាក់ថា ដើម្បីយកបេះដួងអតិថិជនបាន លុះត្រាតែយើងយកចិត្ត ឬបេះដូងបុគ្គលិកជាមុនសិន ព្រោះបុគ្គលិករបស់យើងបានធ្វើការយ៉ាងជិតស្និទជាមួយអតិថិជន។ មូលដ្ឋានគ្រឹះសំខាន់របស់ក្រុមហ៊ុន គឺបុគ្គលិក ចឹងយើងត្រូវយកចិត្ត យកបេះដួងបុគ្គលិកឲ្យបាន ហើយឲ្យគាត់ស្គាល់នូវទំនិញនៅក្នុងក្រុមហ៊ុនឲ្យច្បាស់ និងត្រូវសិក្សាជំនាញខ្លួនឯងឲ្យច្បាស់ ទើបចាក់គ្រឹះបាន។ ធ្វើយ៉ាងណាឲ្យបុគ្គលចេះពីរបៀបធ្វើការបានល្អ ស្គាល់ទស្សនៈវិស័យច្បាស់លាស់ ហើយអាចផ្ញើរសារទៅដល់អតិថិជនបានល្អ។

ជាការពិតណាស់ បើអ្នកថែទាំបុគ្គលិកបានល្អ នោះបុគ្គលិកល្អ ក៏ខិតខំប្រឹងប្រែងថែរក្សាក្រុមហ៊ុនអ្នកវិញដែរ។ បើអ្នកចាត់ទុកពួកគេ ជាក្រុមគ្រួសារតែមួយ ពួកគេនិងមានភាពកក់ក្តៅ និងចាត់ទុកអ្នកជាក្រុមគ្រួសារតែមួយវិញ។ ដូច្នេះក្រុមហ៊ុន និងពួកគាត់(បុគ្គលិក)តែងចាត់ទុកការងារ ជាឆ្នាំងបាយរួម ចឹងហើយបានជាបុគ្គលិកព្យាយាមធ្វើកាងារ ចេះថែរក្សាក្រុមហ៊ុន អាចឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខបានល្អ៕

 

អត្ថបទដោយ៖ ម៉ន វុទ្ធា

USNews Logo

RELATED ARTICLES