បើគ្មានជំនាញ៤នេះទេទុកលុយក្នុងធនាគារទៅ កុំប្រថុយយកទៅវិនិយោគប្រយ័ត្នទឹកភ្នែក

ទម្លាប់ចង់មានបាន ចង់រកស៊ី ចង់វិនិយោគ តែមិនដឹងពីរបៀបចាប់ផ្តើម របៀបបង្ការហានិភ័យ ចេះតែមើលតាមទំនង មើលតាមគ្នា ទៅរកស៊ី និងវិនិយោគដែលមិនច្បាស់លាស់ នឹងបង្កគ្រោះភ័យឱ្យខ្លួនឯងជាក់ជាមិនខានឡើយ។​

តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ អ្នកដែលពូកែរកស៊ី និងវិនិយោគ ពួកគាត់ជោគជ័យភាគច្រើនដោយសារតែជំនាញសំខាន់៤ ដែលខ្វះមិនបាន។​

១. ជំនាញប្រើមនុស្ស

ជំនាញនេះសំខាន់មែនទែន ដែលខ្ញុំអាចនិយាយបានថាទាំងអ្នករកស៊ី អ្នកវិនិយោគ និងអ្នកដឹកនាំ ឬសូម្បីមនុស្សធម្មតា ក្នុងរង្វង់គ្រួសារក៏ទាមទារឱ្យចេះជំនាញនេះដែរ។ 

សមត្ថភាពប្រើមនុស្សចំគោលដៅ ប្រើមនុស្សត្រូវនឹងសមត្ថភាព ទេពកោសល្យ និងជំនាញរបស់គេ នឹងធ្វើឱ្យអ្នកបង្កើតឱកាសជាច្រើនឱ្យខ្លួនឯង។ អ្នកពូកែវិនិយោគ ពួកគាត់អាចដឹងថា លុយដែលមានគួរប្រើវិនិយោគអ្វី​ ជាមួយមនុស្សប្រភេទណា ជំនាញអ្វីយ៉ាងពិតប្រាកដ ជាហេតុធ្វើឱ្យពួកគាត់ជោគជ័យជាលំដាប់។​

២. ជំនាញប្រើលុយ

និយាយពីលុយ ម្នាក់ៗយល់ថាខ្លួនឯងចេះលុយ ចេះចង់ប្រាក់ មានលុយដាក់ធនាគារគឺឆ្លាតហើយ តែធាតុពិតមិនមែនត្រឹមតែប៉ុណ្ណឹងអាចបញ្ជាក់ថាអ្នកឆ្លាតវៃក្នុងការប្រើប្រាស់លុយនោះទេ។​

អ្នកវិនិយោគ និងអ្នកឆ្លាតវៃក្នុងការប្រើប្រាស់លុយពិតប្រាកដគឺគេមិនដែលទុកលុយគេឱ្យសម្រាកមួយវិនាទីឡើយ ហើយគេច្បាស់លាស់ពីកញ្ចប់លុយតិចគួរវិនិយោគអ្វី ហើយបើលុយច្រើនគួរប្រើទៅវិនិយោគវិស័យអ្វី ដោយមានការសិក្សាស្រាវជ្រាវរកអ្នកជំនាញវិភាគគ្រប់ជ្រុងជ្រោយ ទើបគេដាក់លុយវិនិយោគ។​

៣. ជំនាញប្រើពេលវេលា

តើរាល់ថ្ងៃអ្នកគ្រប់គ្រង និងប្រើប្រាស់ពេលវេលាបានល្អ ត្រឹមត្រូវកម្រិតណាហើយ? សមត្ថភាពប្រើប្រាស់បានត្រឹមត្រូវ និងមានតម្លៃបំផុតនឹងធ្វើឱ្យជីវិតអ្នកផ្លាស់ប្តូរទៅតាមការចាត់ចែងពេលវេលារបស់អ្នក។​

អ្នកវិនិយោគជាមនុស្សដែលពូកែប្រើប្រាស់ពេលវេលាខ្លួនឯងឱ្យអស់លទ្ធភាពបំផុត កញ្ចប់លុយដែលប្រើប្រាស់ក្នុងការវិនិយោគ ច្រើនត្រូវបានពួកគាត់ចាត់ចែងជាមួយនឹងពេលវេលាកំណត់ទុកយ៉ាងជាក់លាក់។​

៤. ជំនាញចរចា

ជំនាញបន្ថែមទី៤នេះ សំខាន់មែនទែនសម្រាប់គ្រប់មនុស្សទាំងអស់ ជំនាញចរចានេះ ធ្វើឱ្យគ្រប់សម្មិតផលដែលអ្នករំពឹងទុកលេចចេញជាផ្លែផ្កា ប្រសិនបើអ្នកការចរចាមិនជោគជ័យរឿងអ្វីក៏មិនអាចទៅរួចដែរ។ 

សូម្បីតែដាក់ពាក្យសុំការងារគេធ្វើ ចូលស្តីកូនក្រមុំគេ ជួបលក់ផលិតផលឱ្យអតិថិជន ចរចាសហការរកស៊ី ចាប់ដៃគូ ឬគៀរគរទុនក៏ដោយ សុទ្ធតែទាមទារនូវសមត្ថភាពចរចានេះជាដាច់ខាត៕

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកនិពន្ធសៀវភៅ” កូនសោជីវិត” និង “ត្រៀមចេញរកស៊ីឱ្យចំគោលដៅ”

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES