​មុខសញ្ញាថ្មី ដីអាចឡើងថ្លៃ!! គម្រោងយក្សាធំៗផ្ទុះខ្លាំងនៅកំពង់ស្ពឺ ស្របពេលអ្នកវិនិយោគចាប់ផ្ដើមសម្រុកចូល

ជាខេត្តកំពុងមានសេដ្ឋកិច្ចស្ទុះខ្លាំង​  មាន​ទីតាំងនៅ​ជាប់​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​បាន​និង​កំពុង​ចាប់ផ្តើម​បង្ហាញ​សក្តា​នុ​ពល​ផ្នែក​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ជា​បណ្តើរ​ៗ​ ​ខណៈ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​​កំពុងដំណើរការ ​ ​និង​សកម្មភាព​វិនិយោគ​មួយចំនួន​បាន​លេចចេញ​ជារូបរាង។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបពិភាក្សា ការងារជាមួយក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាស សម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺនេះ ។

បន្ថែមពីនេះ ក្រុមហ៊ុនChina Realm Investment និងQianxun SL របស់ប្រទេសចិន មានបំណងបោះទុនវិនិយោគលើវិស័យ អចលនទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ នេះបើយោងតាមការចុះផ្សាយតាមរយៈផេកផ្លូវការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាពេលថ្មីៗនេះខេត្តកំពង់ស្ពឺ កំពុងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលខ្លាំង ដោយបានប្រឹងស្ដារហេដ្ឋារចនា ជាពិសេសមានគម្រោងសាងសង់ថ្មីៗ ដើម្បីពង្រឹងសក្ដានុពលខេត្តបន្ថែម។ក្នុងនោះផ្ទាល់ ខេត្តនេះហាក់កំពុងក្លាយខ្លួនជាមេដែកឆក់ផងដែរ ដោយចាប់បានគម្រោងថ្មីៗជាច្រើនដូចជា៖ 

គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលត្រូវបានសាងសង់លើទំហំដី១២៦ហិកតា នៅស្រុកភ្នំស្រួច ដែលកំពុងដំណើរសាងសង់បានជាង២០% ក្នុងទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារ។

មណ្ឌលកំសាន្ដលំដាប់ថ្នាក់អន្ដរជាតិ ដែលឋិតក្នុងការវិនិយោគរបស់ប្រទេសស្វីស ហុងកុង និងសឹង្ហបុរី ព្រមទាំងយកទីតាំងដីតំបន់វល្លិប្រេង ក្នុងស្រុកភ្នំស្រួច លើគម្រោងដីជាច្រើនហិកតា ដែលមានតែមួយគត់នៅកម្ពុជា ដែលចំណាយទឹកប្រាក់ខ្ទង់៥០០លានដុល្លារ។

អ្វីដែលពិសេសនោះគឺគម្រោងបង្កើតទីក្រុងវៃឆ្លាត លើទំហំដីប្រមាណ១០០ហិកតា ដើម្បីជាជម្រកដែនដីសេដ្ឋកិច្ចថ្មី​ ប្រមូលផ្ដុំដោយហេដ្ឋរចនាសម្ព័ន្ធថ្មីៗដូចជា លំនៅឋាន ខុនដូ​ ផ្សារទំនើប សហគ្រាសតូចធំជាដើម។

គម្រោងកីឡដ្ឋានស្តង់ដារអន្តរជាតិ នឹងលេចចេញជារូបរាងនៅខេត្តកំពង់ស្ពឺនៅខែក្រោយ នឹងត្រូវបញ្ចប់ ទាន់ពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលណាហ្គា​វើល បានផ្តល់ថវិកាចំនួន២លានដុល្លារសម្រាប់គម្រោងសាងសង់កីឡដ្ឋានខ្នាតអន្តរជាតិ។ តាមការគ្រោងទុក កីឡដ្ឋានកំពង់ស្ពឺ នឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩។ស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។

ក្រៅពីនេះក៏មានគម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនចិនចំនួន១២ និងការសាងសង់អគារភ្លោះដែលមានកម្ពស់៣២ជាន់និង៦៤ជាន់​ ឋិតក្នុងក្រុងច្បារមនផ្ទាល់តែម្ដង។មិនត្រឹមតែប៉ុណ្ណោះ រោងចក្រសិប្បកម្ម ឧស្សាហកម្ម កសិកម្មផ្សេងៗកំពុងសម្រុកចូលបន្ដបន្ទាប់ផងដែរ។

ដូច្នេះ កំពង់ស្ពឺអាចជាមុខសញ្ញាថ្មីបំផុត ក្នុងការរីកចម្រើននារយៈពេលខ្លី ពីព្រោះគម្រោងនានាមិនត្រឹមជួយដល់ប្រជាជន ក៏ប៉ុន្ដែនឹងមានឥទ្ធិពលដល់តម្លៃដីធ្លី និងទីផ្សារតំបន់នោះមិនខាន៕

អត្ថបទដោយ៖ នឹម ផានុន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES