កុំសង្ឃឹមរកស៊ីអចលនទ្រព្យជោគជ័យ បើមានតែលុយ ខ្វះគំនិតសហគ្រិននោះ

ចេញរកស៊ីវិស័យអចលលនទ្រព្យជោគជ័យទៅបាន វាអាស្រ័យលើកត្តាសំខាន់ៗជាច្រើន ជាពិសេសត្រូវតែមានគំនិតរកស៊ីថ្មីៗ ឱ្យស៊ីស្ថានភាពជាក់ស្តែង ទើបធ្វើឱ្យជំនួញចេះតែរីកចម្រើន។ រកស៊ីវិស័យនេះ កុំផ្អែកលើលុយខ្លាំងពេក ព្រោះគំនិត ជំនាញ អាចធ្វើឱ្យជោគជ័យបាន ដោយមិនប្រើលុយ ឬប្រើក្នុងកម្រិតតិចបំផុត។

អ្នកជំនាញយល់ថា សហគ្រិនអចលនទ្រព្យជំនាន់ថ្មីកម្ពុជា ត្រូវតែជាបុគ្គលដែលសម្បូរទៅដោយ ទស្សនៈ និងគំនិតរកស៊ីថ្មី​ៗ​​លើវិស័យអចលនទ្រព្យ មិនអាចប្រើប្រាស់គំនិត ឬក្បួនរកស៊ីដដែលៗ និងយកគំនិតរកស៊ីគេទាំង​ស្រុ​ង​បានទេ​ ព្រោះតែស្ថានភាព ឬនិ​ន្នាការ​រក​ស៊ីចេះតែវិវត្តន៍ទៅមុខ តម្រូវឲ្យសហគ្រិនបង្កើតនូវឧបក​រណ៍ សេ​វាកម្ម ឬផលិតផល ដើម្បីបំពេញចិត្តអតិថិជន ដើរឲ្យទាន់សម័យកាល។

ជាការពិតណាស់ ការបង្កើតនូវ​​គំនិ​តថ្មីៗសម្រាប់អាជីវកម្មអចលនទ្រព្យ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ភាពរីកចម្រើន និងបន្តនិរន្តភា​ព​ក្រុ​ម​ហ៊ុន ព្រោះអតិថិជនថ្មីៗចេះតែកើតឡើងតម្រូវបែបនេះថ្មីក៏មានទៅតាមនោះដែរ។ ម្យ៉ាងវិញទៀត ប្រទេ​ស​កម្ពុ​ជាយើងកំពុងតែអភិវឌ្ឍន៍ តម្រូវការគំនិតច្នៃប្រឌិតមានច្រើន ដើម្បីធ្វើឲ្យបរិស្ថានសង្គមកាន់តែល្អប្រសើរ។

តាមការសង្កេតសហគ្រិនមានគំនិតរកស៊ីថ្មីៗអាចមានកត្តារួមផ្សំច្រើន តែសូមលើយក៣កត្តា ដែលជំរុ​ញ​ឲ្យពួកគេតែងមានគំនិតថ្មីប្លែក និងខុសពីគេ ហើយពេលខ្លះរហូតមនុស្សទូទៅនឹកស្មានមិនដល់ថា មិនគួរមានគំនិត​រកស៊ីបែបនេះចេញមកបាន។ ទី១៖សហគ្រិនពោរពេញដោយគំនិតផ្តួចផ្តើមច្រើន, ទី២៖ផែនការយុទ្ធសាស្ត្រ គឺជាកត្តាដ៏សំខាន់សម្រាប់ឈានដល់ការបង្កើតគំនិតរកស៊ីថ្មីៗ ព្រោះការបង្កើតផែនការយុទ្ធសាស្ត្រក្រុមហ៊ុន បានលេចនូវសមិទ្ធផលជាគោលដៅ និងសកម្មភាពអនុវត្តការងារជាប្រ​ចាំ ដើម្បីឈានសម្រេចគោលដៅ និងទី៣៖គឺក្តីស្រមៃ ផ្សារភ្ជាប់ជាមួយទស្សនៈវិស័យវែងឆ្ងាយ ជាការពិតណាស់ បើយើងគ្មានក្តីស្រមៃ យើងមិនអាចមានគំនិតប្លែកៗចេញមកនោះទេ។

សម្រាប់លោកគង់ ឌី ភ្នាក់ងារអចលនទ្រព្យម្នាក់ថ្លែងថា វិស័យអចលនទ្រព្យងាយស្រួលរកស៊ី ដោយប្រើប្រាស់ដើមទុនតិច តែចំណូលបានច្រើន ខុសពីវិស័យផ្សេង។ តែមានអ្នកខ្លះក៏ជោគជ័យ ខ្លះទៀតក៏បរាជ័យដោយសារតែតម្រូវឱ្យមានគំនិតរកស៊ីច្រើន ហើយថ្មីៗ ជាពិសេសចេះជំនាញច្រើន មានច្បាប់សេដ្ឋកិច្ច ភូមិសាស្ត្រ ហើយរឹតតែសំខាន់ទៀតនោះ គឺត្រូវមានគំនិត និងទស្សនវិស័យវែងឆ្ងាយ។

លោកបន្តថា បើយើងចេះប្រាកដជំនាញនេះ យើងងាយនឹងជោគជ័យ យើងអាចរកអចលនទ្រព្យដែលល្អ តម្លៃក្រោមទីផ្សារ រកឃើញអតិថិជនល្អៗដើម្បីទិញអចលនទ្រព្យ។ និយាយទៅវិស័យនេះ ត្រូវការចេះជំនាញច្បាស់លាស់ និងច្រើនមុខបន្តិច លុយមិនសូវសំខាន់ប៉ុន្មានទេ សំខាន់គំនិតជាសហគ្រិន តស៊ូប្រឈមបញ្ហានានាអាចកើតមានឡើង៕

ចង់បានគំនិតរកស៊ីថ្មីៗ លោកអ្នកអាច បន្តអានសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី»

 

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

USNews Logo

RELATED ARTICLES