ប្រទេសដែលបដិសេធនាវា Westerdam កំពុងស្តាយក្រោយដែលបាត់បង់ឱកាសមាសដ៏មានតម្លៃ

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ កុម្ភៈកន្លងទៅនេះ កម្ពុជា បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​នាវា​ដឹក​អ្នកដំណើរ​ MS Westerdam ចូល​ចត​នៅ​កំពង់ផែ​ខេត្តព្រះសីហនុ ព្រមទាំង​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ទាំងអស់ ឆ្លងកាត់កម្ពុជាដោយជើងយន្តហោះវិលទៅ​កាន់ប្រទេសខ្លួនវិញ ។ នាវា MS Westerdam ត្រូវបដិសេធ​ដោយ​ប្រទេស និងកោះចំនួន ​៥នៅក្នុងនោះ​រួមមាន ជប៉ុន និង​ថៃផងដែរ។  មូលហេតុគឺដោយសារតែ ប្រទេស និងតំបន់ទាំងនោះ​ភ័យខ្លាច​នៅលើនាវានេះមាន​អ្នក​ផ្ទុក ឬមានឆ្លងវីរុស ​កូ​រ៉ូ​ណា (COVID-19)  ហើយនាំមេរោគនេះ មកចម្លងដល់ប្រជាជននៅក្នុងប្រទេស និងតំបន់ដែលពួកគេរស់នៅ ។

យោងតាមសេចក្តីរាយការណ៍ផ្ទាល់ពីនាវា MS Westerdam បានឱ្យដឹងថា:  អ្នកទេសទេសចរណ៍នៅលើ​នាវា​មានចម្រុះជាតិសាសន៍រហូតទៅដល់ ៤០ជាតិសាសន៍ផ្សេងៗគ្នាមកពីជុំវិញពិភពលោក ។ រីឯចំនួនអ្នកទេសចរណ៍សរុប ​២២០០​នាក់ ក្នុងនោះ​មានអ្នកដំណើរ​ ១៤៥៥​នាក់ និង​បុគ្គលិក​បម្រើ​ការងារ​នៅលើ​នាវាចំនួន ៨០២​នាក់​។ ចំនួនអ្នកទេសចរ​ណ៍ទាំងអស់រួមមាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់។

នាវា MS  Westerdam បានរសាត់អណ្តែតជាច្រើនថ្ងៃនៅលើផ្ទៃសមុទ្រ ដោយសារតែប្រទេស និងតំបន់មួយចំនួនខាងលើ បានបដិសេធមិនទទួលឱ្យនាវានេះចូលចតក្នុងប្រទេសខ្លួនឡើយ។ នាវានេះសម្រេចចិត្តសុំប្រទេសនានាដើម្បីចូលចតជាបន្ទាន់ ព្រោះថាចំនួនមនុស្សច្រើនពាន់នាក់ នោះលើនាវាពួកគេត្រូវការសម្ភារៈប្រើប្រាស់ អារហារទួលទាន ជារៀងរាល់ថ្ងៃមិនអាចខ្វះបានឡើយ ។ មិនតែប៉ុណ្ណោះ នាវាក៏ត្រូវការចាក់ប្រេងបន្ថែមផងដែរ ដោយសារតែវាបានធ្វើដំណើរលើសមុទ្រជាច្រើនថ្ងៃមកហើយ ។ 

ទីបំផុតរដ្ឋាភិបាលកម្ពុជាបានចេញមុខទទួលនាវា MS Westerdam ឱ្យចូលចតយ៉ាងមានសុវត្ថិភាពនៅកំពង់ផែខេត្តព្រះសីហនុ។ មិនតែប៉ុណ្ណោះអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍អ្នកទេសចរណ៍ទាំងអស់យ៉ាងកក់ក្តៅថែមទៀតផង ។ ព្រិត្តិការណ៍នេះត្រូវបានសារពត៌មានទូទាំងសកលលោកចុះផ្សាយពីកម្ពុជាថាជាប្រទេសមួយពោរពេញទៅដោយមនុស្សធម៌ និងមានស្មារតីស្រឡាញ់រាប់អាន ចេះជួយសង្គ្រោះយកអាសារមនុស្សទូទៅមិនប្រកាន់ពូជសាសន៍ ។ កិត្តិយសកេរ្តិ៍ឈ្មោះកម្ពុជាកំពុងត្រូវបានល្បីសុះសាយទូទាំងសកលលោក ដោយសារតែសកម្មភាពមនុស្សធម៌នេះ។ មិនតែប៉ុណ្ណោះប្រជាជនដែលនៅលើនាវាទាំង៤០ជាតិសាសន៍ផ្សេងៗគ្នាបានអរគុណ និងចងចាំអំពើរល្អដែលកម្ពុជាបានជួយសង្គ្រោះពួកគេពីស្ថានភាពទាល់ច្រកមួយនេះផងដែរ ។ 

ប្រទេសមួយចំនួនដែលបានបដិសេធមិនឱ្យនាវា MS Westerdam ចូលចតនៅក្នុងទឹកដីរបស់ខ្លួនកំពុងតែស្តាយក្រោយយ៉ាងខ្លាំង ដែលខ្លួនបានបោះបង់ឱកាសមាសមួយដ៏កំរបំផុត ក្នុងការជួយសង្គ្រោះប្រជាជន ដែលកំពុងតែជួបទុក្ខភ័យ ថែមទាំងមានចំនួនច្រើនពាន់នាក់មកពីជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះការជួយសង្គ្រោះនាវា MS Westerdam លើកនេះ ជាព្រិត្តិការណ៍មនុស្សធម៌មួយដែលប្រជាជននៅលើនាវាមកពីជុំវិញពិភពលោក កោតសរសើរ គោរព ដឹងគុណ និងចងចាំនូវទឹកចិត្តសប្បុរសធម៌របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាគ្មានថ្ងៃភ្លេចឡើយ។ ពិភពលោកទាំងមូលនឹងចងចាំព្រិត្តិការណ៍ដែលកម្ពុជាជួយសង្គ្រោះ នាវា MS Westerdam នៅពេលនេះ ថែមទាំងកត់ត្រាទុកជាប្រវត្តិសាស្ត្រដែលអស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ៕ 

អត្ថបទដោយ Nen Sothea (Leadership Editor) 

 

 

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES