ផ្លែឈើមណ្ឌលគិរី៣ប្រភេទ លក់មិនដែលទាន់តម្រូវទីផ្សារក្នុងស្រុកសោះ មានប៉ុន្មានអស់ប៉ុណ្ណឹង

ស្របតាមតម្រូវការ និងការយល់ដឹងទាក់ទងនឹងសុខភាពរបស់ប្រជាជនខ្មែរមានការកើនឡើងជាលំដាប់ ធ្វើឱ្យសក្តានុពលផលិតផលក្នុងស្រុក ពិសេសផលិតផលកសិកម្មដាំដុះច្នៃបង្កើតបែបធម្មជាតិ បែបសុវត្ថិភាពចាប់ផ្តើមមានទីផ្សារកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ ផលិតផលបន្លែផ្លែឈើដាំដុះដោយធម្មជាតិ និងសុវត្ថិភាពនៅលើទឹកដីធម្មជាតិព្រៃភ្នំនៃខេត្តមណ្ឌលគិរីតាំងពីដើមរៀងមកដល់ពេលឥឡូវនេះ នៅតែមិនទាន់អាចបំពេញសេចក្តីត្រូវការក្នុងស្រុកបានឡើយ។​

តាមការបញ្ជាក់របស់ប្រជាកសិករ ម្ចាស់ដីកសិកម្មមួយចំនួនបានរអ៊ូរទាំថា ពួកគាត់ដាំដុះបែបធម្មជាតិ និងសុវត្ថិភាពផ្គត់ផ្គង់ទីផ្សារយ៉ាងណាក៏នៅតែមិនគ្រាន់ដែរ ដោយសារតែតម្រូវការទីផ្សារធំពេក ស្របពេលជាមួយគ្នាការដាំដុះដោយមិនប្រើប្រាស់ថ្នាំគីមីឱ្យទិន្នផលមកបានត្រឹមតែសមល្មម ព្រោះតែកត្តាសត្វល្អិត និងកត្តាប្រឈមផ្សេងទៀត ពិសេសបច្ចេកទេសដាំដុះ កម្លាំងពលកម្ម និងផ្ទៃដីដាំដុះរបស់ពួកគាត់នៅមានទំហំតូចនៅឡើយ។​

ម្ចាស់ចំការផាស៊ិនមួយកន្លែងនៅតំបន់ដាក់ដាំបានបញ្ជាក់ថា ផ្លែឈើមណ្ឌល៣ប្រភេទ លក់មិនដែលទាន់តម្រូវការទីផ្សារឡើយ ទោះជាមានដល់ទៅរាប់តោន ក៏នៅតែផ្គត់ផ្គង់តម្រូវការទីផ្សារមិនគ្រាន់ ក្នុងនោះរួមមានផ្លែផាស៊ិនជូរ ផ្អែម ផ្លែប៊័រ និងផ្លែទុរេន។ ជាមួយគ្នាមានប្រភេទបន្លែដាំដុះដោយធម្មជាតិមួយចំនួនដូចជាការ៉ុត និងស្ពៃក្តោប មានដោយរដូវ ហើយតែងតែផ្គត់ផ្គង់ទីផ្សារមិនទាន់គ្រប់ពេល។

ដោយសារតែកត្តាខ្វះផលិតផលបំពេញតម្រូវការទីផ្សារបែបនេះ ធ្វើឱ្យមានការលួចបន្លំលក់ផលិតផលបន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាមដោយអ្នកលក់ភាគច្រើនហ៊ានកុហកអះអាងថាជាផលិតផលដាំដុះក្នុងខេត្តមណ្ឌលគិរីដើម្បីលក់ឱ្យបានថ្លៃ និងលក់ឆាប់ដាច់អស់។​

តាមការបញ្ជាក់របស់លោក ភុន រតនា អ្នកជំនាញបច្ចេកទេសកសិកម្មហាងផ្សារខ្មែរ បន្លែធម្មជាតិ បានអះអាងថា ផលិតផលភាគច្រើនដែលនាំចូល ដែលក្រុមការងាររបស់លោកបានយកមកធ្វើតេស្តច្រើនប្រើប្រាស់សារធាតុគីមីកម្រិតខ្ពស់ ដែលប៉ះពាល់ដល់សុខភាពអ្នកទទួលទានធ្ងន់ធ្ងរ។ សារធាតុគីមីទាំងនោះ ជាប្រភេទថ្នាំការពារសត្វល្អិត និងថ្នាំរក្សាគុណភាពជាដើម។

ជាមួយគ្នានេះ ប្រជាកសិករដាំដុះបន្លែផ្លែឈើយូរឆ្នាំក្នុងខេត្តមណ្ឌលគិរីក៏បានអះអាងដូចគ្នាដែរថា ផលិតផលបន្លែផ្លែឈើនាំចូលពីវៀតណាមប្រើប្រាស់សារធាតុគីមីទើបមានផលិតផលទាំងនេះលក់ ព្រោះបញ្ហាដាំដុះនៅក្នុងស្រុក និងក្រៅស្រុក មានសណ្ឋានបញ្ហាដូចតែគ្នាទេ យើងប្រឈមបញ្ហាអ្វី គេក៏ជួបបញ្ហាដូចគ្នានឹងយើងដែរ បើយើងប្រើប្រាស់សារធាតុគីមី ថ្នាំគីមី ក៏ដាំដុះមានលក់ពេញទីផ្សារដូចតែគេដែរ ប៉ុន្តែប្រជាកសិករភាគច្រើនមិនចង់ប្រើប្រាស់ ដោយគិតពីសុខភាពអ្នកទទួលទាន ប៉ះពាល់ដល់គុណភាពដី និងសុខភាពកម្មករ កសិករ អ្នកដែលមើលថែចំការទាំងនេះ៕

 

អត្ថបទដោយ MENG SONGHUA

 

USNews Logo
Online

RELATED ARTICLES