





រៀងរាល់ឆ្នាំក្រុមហ៊ុនឡានជាច្រើន បាននាំគ្នាប្រជែងរឿងបច្ចេកវិទ្យាថ្មីៗ និង រូបរាងរថយន្ដថ្មីៗ ដើម្បីបង្អូតទៅដល់អ្នកប្រើប្រាស់ ពីរបកគំហើញរបស់ខ្លួន ។
ដូចជាក្រុមហ៊ុន ISUZU ផងដែរ ដែលផលិត Pick Up ខ្លាំងមួយ ដាក់លើទីផ្សារប្រកួតប្រជែង មិនញញើតក្រុមហ៊ុនឡានលក់ Pick Up ផ្សេងទៀតឡើយ ។
ISUZU ជាក្រុមហ៊ុនរថយន្ដដែលបង្កើតយូរមកហើយតាំងពីឆ្នាំ ១៩១៦ ដែលមកទាល់ពេលនេះមានអាយុជាង ១០៤ ឆ្នាំហើយ ដែលឈរជើងលើទីផ្សារ លក់រថយន្ដចេញទៅទូទាំងពិភពលោក ។
ឆ្នាំ ២០២០ នេះដែរ ISUZU ក៏ធ្វើការបញ្ចេញម៉ូឌែល Pick Up ISUZU D-Max Hi-Lander 2020 មកលក់នៅលើទីផ្សារប្រទេសកម្ពុជាទៀតផង ដែលម៉ូឌែលនេះផ្ទាល់ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ អមដោយកម្លាំង ១៩០ សេះ ជាមួយទំហំកង់រថយន្ដ ១៨ អ៊ីញដូចម៉ូឌែល Pick Up ផ្សេងទៀតដែរ ។
Pick Up ស៊េរីនេះស៊ីប្រេងជាង ៧ លីត្រ បើយើងជិះចេញក្រៅក្រុងរយះចម្ងាយ ១០០ គ.ម ជាមួយរូបរាងរថយន្ដដែលមាន កម្ពស់ 1695mm បណ្ដោយ 5295mm និងទទឹង 1775mm ហើយឡាននេះមានទម្ងន់ ២៨០០ គីឡូក្រាម ។
D-Max Hi-Lander 2020 នេះត្រូវបានគេដាក់នៅលើទីផ្សារកម្ពុជាតម្លៃ ៤២ ៨០០ ដុល្លារ ដែលតម្លៃប៉ុណ្ណេះមិនថ្លៃពេកនោះទេ ព្រោះតែកម្រិតស៊ីប្រេង និង គ្រឿងម៉ាស៊ីន ក៏វាស្ទុះបានល្អ ហើយវាអាចកំដរយើងជិះលើស្ថានភាពផ្លូវលំបាកៗបានច្រើនទៀតផង ។
គួរបញ្ជាក់ថែមថា ISUZU ឈរជើងនៅខ្មែរលក់ឡាន Pick Up ល្បីពេញកម្ពុជាហើយ ជាពិសេសឡាននេះផ្ដោតសំខាន់ទៅលើអ្នកទិញជិះទៅធ្វើការ រកស៊ី និងមានចម្ការតាមខេត្តជាដើម ដែលអាចទិញយកទៅប្រើប្រាស់បាន ព្រោះដូចអ្នកដឹងហើយថា ISUZU ក៏ជាក្រុមហ៊ុនផលិតឡានមានគុណភាពខ្ពស់មកពី ជប៉ុនផងដែរ ៕
អត្ថបទដោយ ៖ ឆាំ មករា