ស្ថាបនិក MealTemple ថា ២០១៩ ជាពេលវេលាល្អរកស៊ីមុខរបរដឹកជញ្ជូន មិនបាច់ខាត ២ ឆ្នាំដូចជំនាន់គាត់

លោក Maxime Rosburger ស្ថាបនិកនិងនាយកប្រតិបត្តិ Meal Temple ជាជនជាតិបារាំង ដែលបានប្តូរពីប្រទេសចិនមករស់នៅកម្ពុជា និងបានបង្កើតអាជីវកម្មកុម្ម៉ង់ម្ហូបអនឡាញ និង ដឹកម្ហូបនេះ លោកលើកឡើងថា “២០១៩ នេះជាពេលល្អបំផុតសម្រាប់ក្មេងជំនាន់ក្រោយដែលចង់ចាប់ផ្តើមមុខរបរទាក់ទងនឹងការដឹកជញ្ជូន មិនចាំបាច់ខាតលុយខាតពេលដល់ទៅ ២ ឆ្នាំដូចជំនាន់គាត់ចាប់ផ្តើមដំបូង” ។

បន្ទាប់ពីធ្វើការជាបុគ្គលិកផ្នែកអភិវឌ្ឍន៍ធនធានមនុស្សនៅរោង​ចក្រវាយណភណ្ឌមួយរយៈនាក្រុងព្រះសីហនុ លោក Maxime បានសម្រេចចិត្តប្រមូលលុយដែលសន្សំ មកចាប់ផ្តើមមុខរបរកុម្ម៉ង់ម្ហូបអនឡាញនិងដឹកម្ហូបនេះដំបូងគេនៅទីក្រុងភ្នំពេញកាលពីឆ្នាំ ២០១៣ ។

លោក Maxime ប្រាប់ Business Cambodia ថា ចាប់ផ្តើមឡើងដំបូងមានតែគ្នា ២-៣ នាក់ប៉ុណ្ណោះ ហើយលោកត្រូវចាយលុយ ៣០០០០ ដុល្លាររយៈពេល ២ ឆ្នាំដោយមិនមានចំណូលច្រើនពីមុខរបរនេះនៅឡើយ ក្នុងមួយថ្ងៃមានតែអ្នកកុម្ម៉ង់ ២-៣ នាក់ប៉ុណ្ណោះ ។

ស្ថាបនិក Meal Temple ថា ជំនាន់នោះលោកចូលទីផ្សារលឿនពេកដោយសារឆ្នាំ ២០១៣ ប្រជាជនកម្ពុជាភាគច្រើនមិនទាន់ស្គាល់ស្មាតហ្វូននៅឡើយ ហើយក៏មិនដឹងថាអ្វីជាការផ្លេតហ្វមកុម្មង់ម្ហូបអនឡាញដែរ ។

ប៉ុន្តែបើសម្លឹងមើលទីផ្សារបច្ចុប្បន្ននេះវិញ កំពុងផ្តល់អំណោយផលល្អសម្រាប់អ្នកចង់រកស៊ីមុខរបរនេះ ទាំងការចាប់ផ្តើមដោយចំណាយតិច ទាំងសំទុះទីផ្សារកំពុងកើនឡើង ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក Maxime បញ្ជាក់ថា អ្នករកស៊ីមុខរបរនេះមិនបាច់គិតថាអ្នកកំពុងប្រកួតប្រជែងគ្នាជាមួយក្រុមហ៊ុនចាស់ៗទេ ការពិតក្រុមហ៊ុនចាស់ៗបានត្រួសត្រាយផ្លូវឲ្យអ្នកស្រាប់ ដូចនេះអ្នកជាសហគ្រិនជំនាន់ក្រោយរងចាំតែផ្តល់សេវាកម្មឲ្យល្អទៅបានហើយ ព្រោះចំណែកទីផ្សារនៅតែមានសម្រាប់អាជីវកម្មដឹកម្ហូប ខណៈដែលអ្នកប្រើស្មាតហ្វូនកាន់តែច្រើនទីផ្សារកាន់តែធំ ។

ស្របពេលគ្នានេះ របាយការណ៍ទើបចេញពីនិយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា សេវាអ៊ីនធឺណិតចល័ត មានចំនួនសរុប ១៣.៤៥៨.០៥០ ស៊ីមកាត ត្រូវនឹង ៨៣,៧៥% បើធៀបជាមួយប្រជាជនសរុប កើនឡើង ២៥,៧៤% ធៀបជាមួយលទ្ធផលឆ្នាំ២០១៧ ដែលមានត្រឹមតែ ១០.៧០៣.០៥៦ ស៊ីមកាត ត្រូវនឹង ៦៧,៥៣% ។

ស្ថាបនិករូបនេះលើកឡើងចុងក្រោយថា ប្រទេសកម្ពុជានៅតែពោរពេញទៅដោយឱកាស សហគ្រិនថ្មីៗសុទ្ធតែអាចច្នៃគំនិតដែលមានស្រាប់ទៅជាអាជីវកម្មថ្មី ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES