Mazda ដេញជើង Toyota ចេញឡានអគ្គីសនីនៅឆ្នាំ ២០២០ ដោយសារឡានសាំងបំពុលបរិស្ថានខ្លាំងពេក

បន្ទាប់ពី Toyota ប្រកាសចេញឡានអគ្គីសនីចាប់ពីឆ្នាំ ២០២០ ពេលនេះក្រុមហ៊ុន Mazda បានប្រកាសថាឡានអគ្គីសនីនៅឆ្នាំក្រោយដូចគ្នា ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានដោយសារឧស្ម័នពុលចេញពីឡានសាំង ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអឺរ៉ុប នាយកប្រតិបត្តិ Mazda លោក Akira Marumoto អះអាងថា ឆ្នាំក្រោយ Mazda នឹងបញ្ចេញឡានអគ្គីសនី ១០០% ខណៈដែលឡានសាំងម៉ូឌែល CX-5 ជោគជ័យខ្លាំង ប៉ុន្តែបែរជាត្រូវជាប់គាំងរឿងបញ្ហាបញ្ចេញកាបូនឌីអុកស៊ីតលើស ដែលអឺរ៉ុបបានកំណត់យកត្រឹមតែ ៩៥ក្រាមក្នុង ១០០ គីឡូម៉ែត្រនៅឆ្នាំ ២០២១ ។

ការរឹតបន្តឹងពីអឺរ៉ុបជាហេតុផលដែល Mazda សម្រេចចិត្តចេញឡានអគ្គីសនីនៅឆ្នាំក្រោយ នេះក៏ដោយសារឡានសាំងរបស់ Mazda សព្វថ្ងៃបានបញ្ចេញ CO2 លើសកំណត់ដល់ទៅ ១៣៥.២ ក្រាមក្នុង ១០០ គីឡូម៉ែត្រ ក្នុងនោះក្រុមហ៊ុនជប៉ុននេះនឹងចេញលក់ឡានអគ្គីសនីលើទីផ្សារអឺរ៉ុបមុនគេ ។

ថ្វីត្បិតតែជាគូប្រកួតជាមួយ Toyota ពិតមែន ប៉ុន្តែក្រុមហ៊ុនជប៉ុនពីរនេះបានប្រកាសសហការគ្នាផលិតឡានអគ្គីសនីម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ គ្រាន់តែមិនទាន់ចេញជាឡានផ្លូវការ ហើយសម្រាប់ការប្រកាសចេញឡានអគ្គីសនីថ្មីនេះ CEO Mazda បញ្ជាក់ថា មិនជាប់ពាក់ព័ន្ធនឹងកិច្ចសហការផលិតជាមួយ Toyota ទេ ។

លោក Marumoto លើកឡើងថា “យើងបានចូលរួមគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាឡានអគ្គីសនីជាមួយ Toyota ប៉ុន្តែយើងនឹងចេញឡានអគ្គីសនីផ្ទាល់ខ្លួនជាមុនសិននៅឆ្នាំ ២០២០” ។

សម្រាប់ការចេញឡានអគ្គីសនីនេះ Mazda ចង់ប្រើបច្ចេកវិទ្យា SkyActiv-X ដែលធ្លាប់បំពាក់លើឡានសាំងលើម៉ូទ័រអគ្គីសនី ។

ក្រៅតែពីបញ្ចេញឡានប្រើអគ្គីសនី ១០០% Mazda គ្រោងនឹងបញ្ចេញឡានកូនកាត់ (ប្រើសាំងផងអគ្គីសនីផង) ដែលអាចសាកអាគុយពីខាងក្រៅបាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

RELATED ARTICLES