សែន សុជាតា៖ កែច្នៃបរាជ័យជាមេរៀន បង្រៀនខ្លួនឯងឱ្យងើបឡើងវិញ ទោះធ្លាប់បរាជ័យជាច្រើនដង

វិស័យគ្រឿងសម្អាងនៅកម្ពុជា ហាក់រីកដុះដាលខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលលំហូរចូលផលិតផលថ្មីៗកើតឡើងជារៀងរាល់ថ្ងៃ។ទោះមិនទាន់បានជ្រួលជ្រាបច្រើន ក៏ពិតមែន​ក៏វិស័យនេះ ហាក់ដូចជាមុខព្រួញមួយសំខាន់ ទាំងពេលបច្ចុបន្ននិងអនាគត។

ដោយសារតែកត្តាជោគជ័យច្រើនលើសលប់ក្នុងវិស័យនេះ ក៏បានជម្រុញឱ្យមានសហគ្រិនជាច្រើន ចាប់ផ្ដើមប្រឡូក ហើយមានសន្ទុះខ្លាំង។ក៏ប៉ុន្ដែ ទន្ទឹមនឹងសន្ទុះដ៏មហិមានេះ ក៏មានសហគ្រិនជាច្រើនបានដួល ដោយអ្នកខ្លះ ដួលហើយលែងមកវិញ ហើយខ្លះទៀតដោយសារតែចិត្តស្រលាញ់ មានការតស៊ូ ក៏សុខចិត្តត្រលប់មកវិញ ទោះធ្លាប់មានប្រវត្តិបរាជ័យក៏ដោយ។

ជាក់ស្ដែងអ្នកស្រីសែន សុជាតា CEO Missta investment trading group co., ltd បានជួបសម្ភាសន៍ជាមួយBusiness Cambodia ក៏បានលើកពីប្រវត្តិរកស៊ីក្នុងវិស័យគ្រឿងសំអាងថា ទម្រាំជោគជ័យបាន១ជំហាននេះ គឺបានបរាជ័យ យ៉ាងសុះខ្លួនហើយ មិនត្រឹមតែប៉ុណ្ណោះ ក៏ធ្លាប់បរាជ័យក្នុងរឿងខ្លះ ដែលខ្លួននឹកស្មានមិនដល់ ហើយទាំងនេះហើយ ដែលជាវត្ថុសំខាន់ដែលខ្លួនចងចាំ ជាមេរៀនមិនដែលបំភ្លេចបានឡើយ។

ចាប់ផ្ដើមក្នុងអាជីវកម្មគ្រឿងសំអាងដំបូង ត្រឹមជាស្រ្តីមួយរូបដែលស្គាល់តែការងារផ្ទះ ហើយមិនស្គាល់ខ្លួនឯងនៅឡើយ មិនដឹងអ្វីដែលខ្លួនចង់បាន មិនស្គាល់ពីគោលដៅ។ក្រោយមកទៀត ដោយដឹងពីចិត្តខ្លួនឯងច្បាស់ ក៏បានសម្រេចចិត្ត បោះដុំគ្រឿងសំអាងមកលក់ តែក៏បានបរាជ័យ ដោយពេលនោះទីផ្សារគ្រឿងសំអាងមិនទាន់រីកចម្រើននៅឡើយ។

ស្រ្តីរូបនេះ ក៏បានបន្ដទៀតថា ទោះធ្លាប់បរាជ័យជាលើកទី១ ក៏បានបង្កើតក្ដីស្រមៃបន្ដ រហូតអាចលក់់ចេញបានខ្លះ ទទួលបានប្រាក់ចំណេញមួយចំនួន។តែអកុសល គ្រឿងសំអាងដែលកំពុងតែដំណើរការក៏ស្រាប់តែដាច់ស្ដុក មិនអាចបន្ដលក់បាន ដោយគ្មានមូលហេតុ។

ដោយសារតែទឹកចិត្ត នឹងមនុស្សជុំវិញខ្លួនដែលបានជម្រុញបន្ថែម ក៏ស្រ្តីក្លាហានរូបនេះហ៊ានប្រថុយ ដោយគិតថា នេះជាលើកចុងក្រោយ ហើយក៏បានដាក់ចិត្ត ដាក់កាយយ៉ាងពិតប្រាកដ មានគោលដៅចំពោះផលិតផលរបស់ខ្លួន។ទីបំផុត សហគ្រិនរូបនេះក៏បានជោគជ័យ រហូតអាចមានយីហោផ្ទាល់ខ្លួន មានតំណាងចែកចាយ និងក្លាយជាស្រ្តីមានឈ្មោះមួយរូបក្នុងសង្គម។

ដោយសារតែធ្លាប់បរាជ័យ ខ្លួនក៏ច្នៃបរាជ័យទៅជាមេរៀន ដែលរកស៊ីគួរតែរៀនតាម យកជាបទពិសោធន៍។ស្ដ្រីរូបនេះបានបញ្ជាក់ពីគោលការណ៍រកស៊ីរបស់ខ្លួនថា ទម្រាំមកដល់ចំណុចនេះ គឺខ្លួនតែងមានទំនួលខុសត្រូវ ភាពស្មោះត្រង់ ព្រមទាំងមានទំនាក់ទំនងល្អជាមួយអតិថិជន ដោយខ្លួនតែងតែយល់ពីតម្រូវការ និងភាពចាំបាច់ ជាពិសេសគឺផលិតផលមានគុណភាព ​តម្លៃសមរម្យផងដែរ។

ដោយសារតែសក្តានុពលអាជីវកម្ម និងមានការទទួលស្គាល់ផលិតផលពីសំណាក់មហាជនទូទៅច្រើន សហគ្រិនស្ត្រីរូបនេះក៏បានចូលរួមប្រកួតប្រជែងកម្មវិធី«ប្រគល់ពាន់រង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019» រៀបចំឡើង​ដោយក្រុមហ៊ុន​ Luxury Smile Beauty Group Cambodia Co., LTD រួមជាមួយ​នឹងក្រុមហ៊ុន​ដៃគូ​សហការ​ឧបត្ថម្ភជាច្រើនទៀត ក្រោម​អធិបតីភាពលោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋ​លេខាធិការក្រសួងសុខាភិបាល ដែលយ៉ាងខ្ពង់ខ្ពស់​ឯកឧត្តម​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអន សែនសុខ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕

អត្ថបទដោយ៖ នឹម ផានុន

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES