មេរៀនដ៏អស្ចារ្យចំនួន ៣ ដែលសហគ្រិនអាចរៀនសូត្របានពីរឿង “ចៅចាក់ស្មុគ” របស់ខ្មែរ

នៅពេលដែលយើងនាំគ្នានិយាយអំពីរឿងចៅចាក់ស្មុគ ប្រហែលជានឹងមានមនុស្សជាច្រើននឹងអស់សំណើចចង់សើច ដោយសារតែរឿងនេះបាននិទានរៀបរាប់អំពីបុរសឡើងត្នោតម្នាក់ ដែលស្រមៃពីនេះពីនោះ នៅលើដើមត្នោតតែម្នាក់ឯងរហូតដល់បិះរបូតដៃធ្លាក់ពីលើដើមត្នោត។ ក៏ប៉ុន្តែប្រសិនបើយើងវិភាគឲ្យបានស៊ីជម្រៅបន្តិច យើងនឹងរកឃើញថា រឿងចៅចាក់ស្មុគក៏បានផ្ដល់ជាមេរៀនល្អៗមួយចំនួនដល់សហគ្រិនផងដែរ។ តើមេរៀនអ្វីខ្លះដែលចៅចាក់ស្មុគទាំងអស់អាចបង្រៀនយើង?

ហ៊ានស្រមៃ៖ ការស្រមៃគឺជាជំហានដំបូងដែលអាចបង្កើតបានជាលទ្ធផល។ មានមនុស្សជាច្រើនខ្លាចមិនហ៊ានសូម្បីស្រមៃ។ ចំណែកឯចៅចាក់ស្មុគ គាត់ជាមនុស្សម្នាក់ដែលហ៊ានស្រមើស្រមៃដោយចាប់ផ្ដើមពីអ្នកឡើងត្នោត រហូតដល់ខ្លួនក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ មានអ្នកបម្រើឆ្វេងស្ដាំជាដើម។ បើទោះបីស្ថានភាពបច្ចុប្បន្ននេះគាត់ត្រឹមតែជាអ្នកឡើងត្នោត ក៏ប៉ុន្តែគាត់មិនខ្លាចក្នុងការស្រមៃនោះទេ។

ហ៊ានប្រឈមហានិភ័យ៖ បើយើងនិយាយអំពីការប្រកបអាជីវកម្មឬការវិនិយោគ ច្បាស់ណាស់ដែលថាយើងត្រូវតែហ៊ានប្រឈមហានិភ័យតិច ឬច្រើនដោយជៀសមិនរួច។ ដូច្នេះហើយបានជាយើងចាំបាច់ត្រូវតែត្រៀមចិត្តដើម្បីទទួលយកហានិភ័យទាំងតូចទាំងធំគ្រប់ពេលវេលា។ បើនិយាយពីចៅចាក់ស្មុគវិញ គឺមានមុខរបរច្រើនយ៉ាងណាស់ដែលគាត់អាចធ្វើបាន ប៉ុន្តែគាត់បែរជាជ្រើសរើសធ្វើជាអ្នកឡើងត្នោត ដែលវាជាមុខរបរមួយដែលអាចមានហានិភ័យខ្ពស់រហូតដល់អាយុជីវិតផងដែរ។ បើទោះបីជាគាត់ដឹងថាវាមានហានិភ័យក៏ដោយ ក៏គាត់នៅតែបន្តធ្វើវាមិនបោះបង់ផងដែរ គាត់មានភាពក្លាហានក្នុងការហ៊ានប្រឈមមុខនិងហានិភ័យ។

គំនិតវិនិយោគ៖ ចៅចាក់ស្មុគជាមនុស្សម្នាក់ដែលមានគំនិតវិនិយោគ បើទោះបីជាគាត់មិនទាន់បានធ្វើសកម្មភាពក៏ដោយ ក៏ប៉ុន្តែប្រសិនបើតាមគំនិតរបស់គាត់ស្រមៃ គាត់គឺជាមនុស្សម្នាក់ដែលមានគំនិតវិនិយោគដោយចាប់ផ្ដើមពីប្រាក់១រៀល យកទៅទិញមាន់ចិញ្ចឹម បន្ទាប់មកលក់មាន់ទិញជ្រូក លក់ជ្រូកទិញគោ សេះ ទិញស្រែធ្វើស្រូវជាបន្តបន្ទាប់...។ បើសិនជាយើងគឺជាសហគ្រិនដែលមានគំនិតវិនិយោគខ្ពស់ យើងនឹងព្យាយាមវិនិយោគកាន់តែច្រើនឡើងៗ មិនធ្វើអ្វីមួយដដែលៗនោះទេ។​

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (Leadership Writer)

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង និងកំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត។ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES