Larry Ellison៖ ក្មេងដែលឪពុកស្តីថាគ្មានបានការ ក្លាយជាមហាសេដ្ឋីមានបំផុតលេខ៧លើលោក

មហាសេដ្ឋីពាន់លានដុល្លារអាមេរិក ឈរចំណាត់ថ្នាក់លេខ៧លើលោក Larry Ellison ស្ថាបនិក Oracle ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេលេខ២លើកលោក ជាក្មេងដែលត្រូវឪពុកចិញ្ចឹមមើលងាយថា “ជាមនុស្សគ្មានបានការ គ្មានអ្វីល្អនឹងគេសោះ” នោះ បានផ្លាស់ប្តូរខ្លួនឯងយ៉ាងលំបាក ដើម្បីជន្នៈការយល់ឃើញរបស់ឪពុក។ 

Larry Ellison កើតនៅក្នុងឆ្នាំ ១៩៤៤ ជាក្មេងដែលមានតែម្តាយ គ្មានឪពុកនឹងគេ រហូតដល់អាយុបាន ៩ខែ ដោយមានជំងឺរលាកសួតផងនោះ លោកក៏ត្រូវម្តាយបញ្ជូនឲ្យទៅរស់នៅជាមួយពូមីងរបស់ម្តាយគាត់ ដើម្បីទទួលលោកធ្វើជាកូនចិញ្ចឹម។ 

មហាសេដ្ឋីវ័យជាង៧០ឆ្នាំរូបនេះ ក៏ជាមនុស្សដែលបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យដូចទៅនឹងមហាសេដ្ឋីមានបំផុតលេខ២លើលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft និង Mark Zuckerberge ស្ថាបនិកក្រុមហ៊ុន Facebook ដែរ។ 

កត្តាដែលជម្រុញឲ្យ Ellison សម្រេចបោះបង់ការសិក្សានៅពាក់កណ្តាលទីគឺ ដោយសារតែ ក្រោយពេលម្តាយចិញ្ចឹមរបស់លោកស្លាប់ទៅ ឪពុកចិញ្ចឹមរបស់លោកតែងតែស្តីបន្ទោស និងមើលងាយលោកថា “ជាមនុស្សគ្មានបានការ និងគ្មានអ្វីល្អសោះ” ។ 

គាត់បានចាក់ចេញពីផ្ទះ ចេញពីទីក្រុង Chicago ទៅរស់នៅរដ្ឋ California ដើម្បីរកការងារធ្វើតែម្នាក់ឯងទាំងដែលនៅលើខ្លួនមានលុយតែបន្តិចបន្តួចប៉ុណ្ណោះ និងគ្មានកន្លែងស្នាក់នៅថែមទៀតផង។ 

កាលលោកនៅជាសិស្សលោកធ្លាប់ទទួលបានពាន់រង្វាន់ជាសិស្សពូកែផ្នែកវិទ្យាសាស្ត្រ កត្តានេះជម្រុញឲ្យលោកមានឱកាសទទួលបានការងារជាអ្នកអភិវឌ្ឍនលើកុំព្យូទ័រ លោកបានបន្តប្តូរការងារពីមួយទៅមួយជាច្រើនកន្លែង និងស្ទើរតែជារៀងរាល់ឆ្នាំ។ 

Ellison បានមានប្រសាសន៍ថា “ខ្ញុំមិនដែលរៀនជំនាញវិទ្យាសាស្ត្រកុំព្យូទ័រឡើយ គឺខ្ញុំរៀនតែតាមសៀវភៅប៉ុណ្ណោះ និងសរសេរកម្មវិធីកុំព្យូទ័រដោយខ្លួនឯងទាំងគ្មានគ្រូ។" 

ការខិតខំប្រឹងប្រែដល់ទីបំផុតលោកក៏អាចបង្កើត ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដ៏អស្ចារ្យមួយដែលក្រោយមកក៏វិវឌ្ឍន៍ចេញជាក្រុមហ៊ុន Oracle នៅឆ្នាំ១៩៧៧។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេលេខ២លើលោក។ 

បច្ចុប្បន្ន Larry Ellison មានទ្រព្យជាង៥៩ពាន់លានដុល្លារអាមេរិក ធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីលេខ៧លើលោក។

Larry Ellison: “អ្នកត្រូវមានជំនឿលើអ្វីដែលអ្នកធ្វើ ដើម្បីទទួលបាននូវអ្វីដែលអ្នកប្រាថ្នា” 

 

អត្ថបទដោយ៖ MENG SONGHUA 

អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចជំនាញ Startup 

[email protected]

USNews Logo

RELATED ARTICLES