មូលហេតុអ្វីបានជាមន្ទីរពេទ្យខេត្តកោះកុងទទួលបានពានរង្វាន់លេខ ១ជាមន្ទីរពេទ្យសាធារណៈល្អជាង

កាលពីថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះមន្ទីរពេទ្យខេត្តកោះកុងទទួលបានពានរង្វាន់ជ័យលាភីលេខ១ នៃមន្ទីរពេទ្យកំរិត២ (CPA2)។ នេះគឺជាមោទកភាពមួយសម្រាប់ខេត្តកោះកុង និងសម្រាប់ប្រជាជនកោះកុងទាំងមូល ។ 

លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានមានប្រសាសន៍ថា មូលហេតុដែលធ្វើអោយមន្ទីពេទ្យខេត្តកោះកុងទទួលបានពានរង្វាន់លេខ ១ ជាមន្ទីពេទ្យសាធារណៈល្អជាងនោះគឺដោយសារថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទទាំងអស់បានខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ដោយដៃម្ខាងបំរើប្រជាពលរដ្ឋ អ្នកជំងឺ ដៃម្ខាងចូលរួមរៀបចំ កែលំអរ ហេដ្ឋារចនាសម្ព័នការងារ អនាម័យ និងកាងារជាច្រើនទៀត។ «ដើម្បីអភិវឌ្ឍអង្គភាពនេះឲ្យកាន់តែល្អប្រសើរ និងត្រូវឆ្លងកាត់ការចូលរួមវាយតំលៃយ៉ាងសុក្រិត យុត្តិធម៌ ពីអន្តរក្រសួង ជាច្រើនដំំណាក់កាល»។ 

លោកក៏បានបន្តរថា លទ្ធផលដ៏ត្រចះត្រចង់នេះគឺជាកិត្តិយសដ៏ធំមួយរបស់មន្ទីរពេទ្យខេត្តកោះកុងផ្ទាល់ មន្ទីរសុខាភិបាល ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តកោះកុងផងដែរ ។ ហើយការទទួលបានពានរង្វាន់នេះជារូបភាពមួយបង្ហាញថាវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាយើង កំពុងតែប្រកួតប្រជែងឈានទៅរកភាពរីកចម្រើនក្នុងកម្រិតមួយស្តង់ដាដូចប្រទេសដទៃទៀតនៅលើពិភពលោក ៕ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

USNews Logo
Online

RELATED ARTICLES