ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគប្រព័ន្ធទឹក ភ្លើងនៅកម្ពុជា ខណៈយើងកំពុងខ្វះខាត

រូបតំណាង

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េ កំពុងពិចារណាវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយបច្ចេកវិជ្ជា Solar Hope Farm ដែលប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ ខណៈប្រទេសកម្ពុជាមានបញ្ហាខ្វះខាតការផ្គត់ផ្គង់ទឹក ភ្លើង។

យោងតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែឧសភានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជួបប្រជុំជាមួយលោក ហ្គូហា ជាំង (Gyu-Ha Jang) អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) ដែលបានមកសម្ដែងការគួរសម និងពិភាក្សាការងារអំពីគំនិតផ្ដួចផ្ដើមវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយប្រើប្រាស់បច្ចេកវិជ្ជា Solar Hope Farm ដែលបច្ចេកវិជ្ជាថ្មី ដែលអាចស្ដុកទុកនូវទឹកស្អាត ក៏ដូចជាផ្ដល់ថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ។

តំណាងភាគីកូរ៉េជម្រាបថា លោកមានគំនិតធ្វើការសាកល្បងគម្រោងនេះជាមុនសិន ប៉ុន្តែលោកមានបំណងចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងនេះ។ ក្រៅពីនោះ លោកក៏បានជម្រាបជូនថា សហការីរបស់លោក មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការពិនិត្យលទ្ធភាពនាំចូលម្រេចកំពតពីកម្ពុជាទៅកូរ៉េ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់លោក ជាំង ដោយយល់ថាការប្រើប្រាស់បច្ចេកវិជ្ជាថ្មីនេះ នឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេសនៅតំបន់ដែលមិនទាន់មានអគ្គិសនី និងទឹកស្អាត។

ឯកឧត្តម ស្នើសុំឲ្យលោក ជាំង រៀបចំជាសំណើ និងផែនការធុរកិច្ច ឲ្យបានលម្អិត សម្រាប់សម្រួលដល់ការពិភាក្សា និងស្វែងរកដៃគូធុរកិច្ច។ ចំពោះម្រេចកំពត ឯកឧត្តម ជម្រាបជូនថាជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលមានភាពល្បីល្បាញ និងមានតម្លៃខ្ពស់ជាងម្រេចដទៃ ហើយឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យលោក ជាំង និងសហការី ចុះទៅពិនិត្យចំការម្រេចនៅកំពតផ្ទាល់ ដើម្បីស្វែងយល់បន្ថែម និងពិនិត្យឱកាសនាំចេញ។

Adtag for Mobile Grow:-
Online

RELATED ARTICLES