ស្ថាបនិក KlapYaHandz ចែករំលែកបទពិសោធន៍ដ៏មានតម្លៃសម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មតន្ត្រី

បើក្រឡេកមើលទៅកាន់ភាពរីកចម្រើនផ្នែកវិស័យចម្រៀង លោកសុខ វិសាល ដែលជាស្ថាបនិកផលិតកម្មតន្ត្រីមើលឃើញថា វិស័យតន្រ្តីទើបតែផ្ទុះខ្លាំងនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ដែលអាចធ្វើឱ្យសិល្បករនិងផលិតកម្មអាចរកចំណូលបានសមរម្យ។ ដូច្នេះហើយសម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មទាក់ទងនឹងតន្ត្រី អាចនឹងទទួលបាននូវភាពវិជ្ជមានច្រើន។ ឆ្លងតាមបទពិសោធន៍របស់លោកដែលចាប់ផ្ដើមផលិតកម្មតន្រ្តី KlapYaHandz តាំងពីឆ្នាំ ២០០៤ ដោយការធ្វើភ្លេងតាមកុំព្យូទ័រនៅក្នុងបន្ទប់គេង រហូតដល់អាចវិវត្តន៍ខ្លួនបន្តិចម្ដងៗមកក្លាយជាផលិតកម្មតន្ត្រីដែលមានឈ្មោះបោះសម្លេង និងទទួលបាននូវការគាំទ្រពីសំណាក់យុវវ័យរាប់ម៉ឺនរាប់សែននាក់គឺមិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលសារព័ត៌មាន Business Cambodia បានចោទសួរលោកថា តើដើម្បីអាចចាប់ផ្ដើមអាជីវកម្មទាក់ទងនឹងតន្រ្តីនេះបាន តើត្រូវត្រៀមខ្លួន ឬមានលក្ខណៈសម្បត្តិអ្វីខ្លះ? លោកបានចែករំលែកថា៖

ចំណុចសំខាន់ទី១ គឺត្រូវតែជាមនុស្សដែលស្រលាញ់តន្ត្រី។ ជាក់ស្តែង លោកជាមនុស្សដែលស្រលាញ់តន្ត្រី ហើយលោកបានស្តាប់តន្ត្រីស្ទើរតែគ្រប់ប្រភេទទាំងអស់មកពីជុំវិញពិភពលោក។ ដោយសារតែចិត្តស្រលាញ់តន្ត្រីនេះហើយ បានជម្រុញឱ្យលោករៀនធ្វើភ្លេងដោយខ្លួនឯងដោយគ្មានភាពហត់នឿយ បើទោះបីជាពេលនោះលោកមិនទាន់មានធនធានគ្រប់គ្រាន់ក៏ដោយ។ 

ចំណុចសំខាន់ទី២ ចេះគ្រប់គ្រងមនុស្ស។ ប្រសិនបើយើងចាប់ផ្ដើមបើកជាផលិតកម្មតន្ត្រី គឺត្រូវតែចេះគ្រប់គ្រងមនុស្សឱ្យបានល្អ ចេះមើលមនុស្សណាដែលមានទេពកោសល្យ ហើយយកគេមកបណ្ដុះនិងកែច្នៃពួកគេឱ្យក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃ។ 

ចំណុចសំខាន់ទី៣ ចេះមើលពីទីផ្សារ។ ត្រូវចេះមើលពីតម្រូវការទីផ្សារណាដែលនៅមានភាពចន្លោះប្រហោង ហើយធ្វើអ្វីដែលប្លែកពីគេ ឬធ្វើអ្វីដែលទីផ្សារមិនទាន់មាន។ 

ចំណុចសំខាន់ទី៤ ចាប់ផ្ដើមពីអ្វីដែលខ្លួនអាចធ្វើបាន។ លោកបានចែករំលែកថាប្រសិនបើយើងមិនសូវមានធនធានគឺយើងគួរតែចាប់ផ្ដើមពីអ្វីដែលយើងអាចធ្វើបាន បើទោះបីជាតូចតាចក៏ដោយ ប៉ុន្តែបន្តិចម្ដងៗយើងនឹងអាចវិវត្តន៍ខ្លួនឱ្យកាន់តែធំឡើងៗនាពេលអនាគត។ ជាក់ស្ដែងបទពិសោធន៍របស់លោក ចាប់ផ្ដើមពីការរៀនធ្វើភ្លេងដោយខ្លួនឯង ពេលធ្វើរួចគ្មានស្ទូឌីយូសម្រាប់ថតសម្លេងដូច្នេះត្រូវទៅជួលស្ទូឌីយូគេសម្រាប់ថតសម្លេងមួយម៉ោងគេគិត ៥ដុល្លារ ទៅ៧ដុល្លារជាដើម។ ម៉្យាងទៀតពេលចាប់ផ្ដើមដំបូង លោកមានសិល្បករតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះគឺមានសិល្បករជាច្រើនរូប ហើយពេលនេះផលិតកម្មតន្រី្តរបស់លោកក៏មានការរីកចម្រើនជាងមុនជាបន្តបន្ទាប់ផងដែរ។

អត្ថបទដោយ៖ឡុង វឌ្ឍនៈ(Leadership Writer)

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ”។ បើជីវិតរបស់អ្នកមានតែរឿងស្មុគស្មាញ គឺវាដល់ពេលដែលអ្នកគួរតែផ្លាស់ប្ដូរអ្វីម៉្យាងហើយ។ សៀវភៅ “ស្មុគស្មាញ” នឹងប្រាប់អ្នកថា តើអ្នកគួរតែផ្លាស់ប្ដូរអ្វីខ្លះ...

សម្រាប់ពត៌មានលម្អិតអំពីសៀវភៅ សូមចុចត្រង់នេះ “ស្មុគស្មាញ

TEL: 096 35 17 713/ 077 656 051

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES