ស្តេចលក់អចលនទ្រព្យអាមេរិក ប្រើក្បួនលក់ពីរនេះ ដើម្បីលក់ផ្ទះជាង៤ពាន់ខ្នង ក្នុង១ឆ្នាំ

លោក Ben Caballero បច្ចុប្បន្នជាកំពូលអ្នកលក់អចលនទ្រព្យដ៏លេចធ្លោរមួយរូបរបស់សហរដ្ឋអាមេរិក ដែលទើបនឹងលក់ផ្ទះអស់ប្រមាណជា ៤,៧៩៩ខ្នង កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ១,៩ពាន់លានដុល្លារអាមេរិក។ ហើយនៅក្នុងឆ្នាំ២០១៦ គាត់បានទទួលស្គាល់ដោយអង្គការពិភពលោកហ្គីនណេស (Guinness World Records) ក្នុងនាមជាអ្នកលក់ផ្ទះដ៏ច្រើនបំផុតប្រមាណ ៣,៥៥៦ខ្នង។

ទន្ទឹមនឹងភាពជោគជ័យនៃការលក់ផ្ទះរាប់ពាន់ខ្នងក្នុងមួយឆ្នាំៗ លោក Caballero បានថ្លែងប្រាប់សារព័ត៌មាន Business Insiderអំពីក្បួនលក់ចំនួនពីរដែលជួយឱ្យគាត់អាចលក់ផ្ទះដាច់យ៉ាងមានប្រសិទ្ធភាពខ្លាំងបំផុតងាយ។ ក្បួនទីមួយគឺធ្វើឱ្យអតិថិជនងាយស្រួល និងក្បួនទីពីរធ្វើឱ្យអតិថិជនចូលចិត្តគាត់។ 

ភាពងាយស្រួលដែលលោក Caballeroបានផ្តល់ឱ្យអតិថិជនរបស់គាត់នោះគឺ ការបង្កើតវេទិការអនឡាញមួយដែលហៅ HomesUSA សម្រាប់អ្នកសាងសង់ផ្ទះ។ វេទិការអនឡាញមួយនេះ បានកត់សម្គាល់ទាំងអស់នៅចំនួនផ្ទះដែលនឹងត្រូវបញ្ចប់ការសាងសងក្នុងមួយឆ្នាំៗ ហើយវាតាមដានការរីកចម្រើនរបស់ផ្ទះនីមួយៗជារៀងរាល់ខែ ដែលអាចឱ្យអតិថិជនមើលឃើញពីការវិវត្តន៍នៃផ្ទះរបស់ពួកគេ។

វេទិការអនឡាញ HomesUSA ក៏បានដើរតួយ៉ាងសំខាន់ផងដែរ ទៅលើការបំពេញបែបបទ និងការចុះបញ្ជីនានារបស់អតិថិជន ដែលជាទូទៅអ្នកដែលចង់ទិញផ្ទះត្រូវចំណាយពេលទៅបំពេញបែបបទ និងចុះបញ្ជីនានានៅកន្លែងដែលពួកគេចង់ទិញដោយផ្ទាល់ ហើយវាត្រូវចំណាយពេលបំពេញយ៉ាងតិច ២០នាទីឯណ្ណោះ ខណៈវេទិការអនឡាញ HomesUSA អាចជួយសម្រួលការងារទាំងអស់នោះ មិនដល់៥នាទីឡើយ។

ចំណែកឯក្បួនទាក់ចិត្តអតិថិជនវិញ លោក Ben Caballero បាននិយាយថា “ប្រសិនបើអ្នកមិនធ្វើឱ្យអតិថិជនចូលចិត្តអ្នកជាមុនទេ នោះអតិថិជននឹងមិនមករកអ្នកឡើយ ប្រសិនបើពួកគេមករកទិញផ្ទះពីអ្នក លុះត្រាតែផ្ទះដែលអ្នកលក់នោះមានតែមួយក្នុងប្រទេស ឬក្នុងតំបន់”។

លោក Ben Caballero បានពន្យល់ថា ការកសាងមិត្ដភាពជាមួយដៃគូអាជីវកម្ម និង ក្រុមអតិថិជនឱ្យបានល្អ ដោយផ្ដល់នូវភាពពេញចិត្ដនិងសេចក្ដីត្រូវការឱ្យគ្នាទៅវិញទៅមក គឺជារឿងចាំបាច់បំផុតក្នុងការធ្វើជំនួញ ៕

អត្ថបទដោយ៖ Lee

USNews Logo

RELATED ARTICLES