ពាក្យមួយឃ្លារបស់មហាសេដ្ឋី Bill Gate ធ្វើឱ្យលោកបណ្ឌិត គីម​ ហ៊ាង ប្រឹងរកស៊ីរហូតក្លាយជាឧកញ៉ា

ខ្ញុំមិនដែលបន្ទោសថា ខ្ញុំជាកូនអ្នកក្រមកពីខេត្ត ខ្ញុំគ្មានលុយនោះទេ ខ្ញុំតែងតែស្តាប់សំដីរបស់មហាសេដ្ឋី Bill Gates ដែលគាត់បាននិយាយថា “កើតមកក្រ មិនមែនជាកំហុសរបស់យើងទេ តែបើស្លាប់ទៅវិញនៅតែក្រនោះ ទើបជាកំហុសពិតរបស់យើង”។ នេះជាពាក្យមួយឃ្លារបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យកម្ពុជាដ៏ពូកែម្នាក់ និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate ។

អតីតប្រធានសមាគមន៍ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​ក​ម្ពុ​ជា​ ដែលធ្លាប់ជានិស្សិតផ្នែកទេសចរណ៍ ក៏ប៉ុន្តែបែរជាមកចាប់អាជីពផ្នែកអចលនទ្រព្យ រហូតទទួលបានជោគជ័យក្នុងរបររកស៊ីផ្នែកនេះ បានលើកឡើងថា “អ្វីដែលជាគោលការណ៍មួយ ដែលខ្ញុំអនុវត្តន៍តាំងពីដើមមកដល់ពេលបច្ចុប្បន្ននេះ ហើយខ្ញុំនៅបន្តទៀតជារៀងរហូត គឺខ្ញុំតែងតែគិតថា ខ្ញុំចង់ក្លាយជាមនុស្សម្នាក់មានឈ្មោះនៅក្នុងសង្គម ពិសេសទាក់ទងនឹងផ្នែកអាជីវកម្ម”។​

លោកបានបន្តថា “ខ្ញុំចាំបានពេលដែលមកភ្នំពេញដំបូងក្នុងឆ្នាំ១៩៩៨ ខ្ញុំមិនមានអ្វីនោះទេ ខ្ញុំមានតែជីវិត និងគំនិតចង់ក្លាយជាអ្នកមាន អញ្ជឹងខ្ញុំត្រូវយកជីវិត និងគំនិតនឹងទៅធ្វើអ្វីម្យ៉ាង ដើម្បីឱ្យថ្ងៃក្រោយ មានការរីកចម្រើនជាងនេះ។ ហើយខ្ញុំតែងតែដាក់គំហិតខ្លួនឯងថា មិត្តភ័ក្ររបស់ខ្ញុំគេជាកូនអ្នកមាន គេមានរបស់មួយចំនួនរួចហើយ ដូច្នេះគេមិនបាច់ធ្វើការ ក៏គេមានលុយចាយ មានបាយហូបដែរ ប៉ុន្តែខ្ញុំជាអ្នកមកពីខេត្តប្រសិនបើមិនប្រឹងធ្វើការទេ គឺគ្មានលុយចាយ ដាច់បាយហើយ”។

លោកបានបន្ថែមទៀតថា ដើម្បីបានរបស់ប្រើប្រាស់ដូចគេ ខ្ញុំត្រូវប្រឹងឱ្យខ្លាំងជាងគេ ពោលគឺមិនអាចមានពេលខ្ជិលបានឡើយ។ ហើយខ្ញុំតែងតែលើកឧទាហរណ៍ថា បើយើងចេញពីភ្នំពេញទៅកំពង់សោម កូនគេអ្នកមានគេទៅដល់កំពង់ស្ពឺហើយ ចង់មានន័យថា គេជាកូនអ្នកមានគេមានរបស់មួយចំនួនស្រាប់ហើយ ដូច្នេះគេបើឡានយឺតៗក៏ទៅដល់មុនយើងដែរ។ ក៏ប៉ុន្តែ បើយើងចង់ទៅដល់កំពង់សោមមុនគេ ហើយយើងនៅត្រឹមពោចិនតុង យើងមិនគួរបើកកុងទ័រ១០០គីឡូមែត្រ ក្នុងមួយម៉ោងដូចគេទេ​ យើងត្រូវបើក១៥០ ទៅ ២០០គីឡូមែត្រ ក្នុងមួយម៉ោង ទើបអាចទៅដល់មុនគេបាន។

ត្រង់ចំណុចនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានពន្យល់ថា “គេជាកូនអ្នកមាន គេប្រឹងតែរៀនតែមួយមុខក៏បានដែរ ព្រោះពេលរៀនចប់ទៅឪពុកម្តាយគេមានលុយ មានមុខរបរឱ្យគេរកហើយ ក៏ប៉ុន្តែយើងជាកូនអ្នកមកពីខេត្ត ឪពុកម្តាយគ្មានទ្រព្យ យើងមិនត្រូវមានពេលទំនេរថ្ងៃសៅរ៍ អាទិត្យជាដាច់ខាត។ ជាក់ស្តែង ដូចខ្ញុំអញ្ជឹង តាំងពីដើមមកដល់ឥឡូវខ្ញុំមិនដែលមានពេលទំនេរថ្ងៃសៅរ៍ ថ្ងៃអាទិត្យឡើយ មួយថ្ងៃខ្ញុំធ្វើការ១២ម៉ោង ជាប់ជានិច្ច។ ហើយខ្ញុំតែងតែគិតថា “បើថ្ងៃនេះ ខ្ញុំនៅហូបបាយ ខ្ញុំមិនត្រូវមានពេលទំនេរជាដាច់ខាត” ៕

អត្ថបទដោយ៖ LeEmon Biz 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES