គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីនេប៉ាល់មកកាន់កម្ពុជា

នៅថ្ងៃស្អែកនេះ ឯកឧត្ដម  ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​សា​ធារ​ណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់នឹង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវ​ការរយៈ​ពេ​​ល​៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដោយតបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃនេះ ឯកឧត្ដមខេ ភី សាម៉ា អូលី នា​យករដ្ឋមន្ត្រីនេប៉ាល់ នឹងជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ​ធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ជា​មួយ​នេះ​ ឯកឧត្ដម នាយករដ្ឋមន្ត្រីនេប៉ាល់ ក៏នឹងមានជំនួបពិភាក្សាទ្វេភាគី ជាមួយ​សម្តេចអគ្គ​មហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

បន្ថែមពីនេះ ឯក​ឧត្ដមខេ ភី សាម៉ា អូលី ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាគន្លឹះ​នៅក្នុងវេទិកាធុ​រកិច្ចកម្ពុ​ជា​-នេប៉ាល់។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនេប៉ាល់ នឹងអញ្ជើញ​ដាក់​កម្រ​ង​ផ្កា​គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌប ព្រះបរមរតនកោដ្ឋ អតីតព្រះ​មហា​ក្ស​ត្រ​កម្ពុជា។

ចំពោះដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិប​តេយ្យ​នេ​ប៉ាល់ មកកាន់កម្ពុជានេះគឺក្នុងគោលបំណងពង្រឹងឱ្យកាន់តែរឹងមាំថែម​ទៀតនូវចំណង​មិត្ត​ភា​ព និងជាពិសេសលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្ប​ធម៌ រវាងប្រទេសទាំងពីរ៕

ប្រភព៖ AKP

អត្ថបទដោយ៖ កឹម ប៊ុនធឿន

0 មតិ

បញ្ចេញមតិ

RELATED ARTICLES